បណ្តាញសង្គម

ទទួលបានកូនស្រីភ្លាម ប៉ែន ចំរុង បង្ហើបពីគម្រោងយកកូនបន្ថែមភ្លែត!

ក្រោយភរិយាបង្កើតបានកូនស្រីដ៏គួរឲ្យស្រឡាញ់ម្នាក់កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ លោក ប៉ែន ចំរុង បង្ហើបប្រាប់គេឯងភ្លែត

ថាលោកមានគម្រោងយកកូនយ៉ាងតិច២នាក់ដើម្បីឲ្យបានពីរនាក់បងប្អូន ប៉ុន្តែចិត្តរបស់លោកផ្ទាល់ចង់បានកូនរហូតដល់ទៅ៤នាក់ឯណោះ។ ពិធីកររូបនេះ បានប្រាប់ Sabay ថា ការយកកូន២នាក់ ឬបន្ថែមដល់៤នាក់ គឺអាស្រ័យលើភរិយារបស់លោក ព្រោះលោកក៏យល់ពីការលំបាកក្នុងការពពោះ ហើយលោកក៏ខ្លោចចិត្តណាស់ដែរបើឃើញភរិយាលំបាកខ្លាំងពេលពពោះម្ដងៗ៖"យើងមិនអាចតម្រូវចិត្តយើង ហើយអាចមើលឃើញគាត់លំបាកនោះទេ ខ្ញុំពិភាក្សាគ្នាក្រោយទៀត"។

លោក ប៉ែន ចំរុង និងភរិយាឈ្មោះ ហ៊ុន ម៉ាណេ ទើបទទួលបានដំណក់ឈាមរួមគ្នាដំបូងដ៏គួរឲ្យស្រឡាញ់ម្នាក់ ដែលជាកូនស្រី ហើយលោកបានដាក់ឈ្មោះឲ្យថា "Bell”។

លោក និងភរិយា បានចាប់ដៃគ្នាចូលរោងការកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ ទាក់ទងនឹងការមានកូននេះ លោក ប៉ែន ចំរុង ក៏ធ្លាប់មានកូនស្រីម្នាក់ដែរជាមួយអតីតភរិយា គឺតារាសម្ដែង ភិន សុដាលីស ប៉ុន្ដែកូននោះបានទៅរស់នៅខាងម្ដាយ។

ទោះជាយ៉ាងណាលោក ប៉ែន ចំរុង ហាក់មិនចង់រំលឹករឿងចាស់ឡើយ ហើយលោកប្ដេជ្ញាថានឹងបង្កើតកូនជាមួយភរិយាក្រោយទៅតាមគម្រោង ដើម្បីបង្កើតជាគ្រួសារដ៏កក់ក្ដៅ និងមានសុភមង្គលតូចមួយ៕

ដកស្រង់ពី៖ Sabay