បណ្តាញសង្គម

មាឌធំដូចយក្ស តែ​បើ​ដឹងថា Chanyeol ញ៉ាំបាយ១ដងប៉ុន្មាន នោះនឹងភ្ញាក់ផ្អើល

Chanyeol ត្រូវគេឲ្យរហស្សនាមថាជា «យក្ស» ប្រចាំក្រុម EXO ដោយសារមាឌរបស់លោកធំជាងសមាជិកដទៃទៀត បូករួមនឹងកម្ពស់ ១៨៥សង់ទីម៉ែត្រផង។

តារាប្រុសរូបនេះ បានហ្វឹកហាត់ខ្លួនឯងរហូតក្លាយជាបុរសសាច់ដុំ មានក្បាលពោះទាំងកង់ៗ ហើយលោកថែមទាំងធ្លាប់ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលដែរពេលបង្ហាញម្ដងៗ។ ប៉ុន្តែអ្វីដែលកាន់តែស្មានមិនដល់ បើនិយាយពីរបបហូបចុកវិញ ពេលដឹងហើយគ្រប់គ្នាច្បាស់ជាភ្ញាក់ផ្អើល ព្រោះវាមិនសូវសមនឹងរូបរាងរបស់លោកឡើយ។

ថ្មីៗនេះ Chanyeol បានបង្ហើបឲ្យអ្នកគាំទ្រដឹងថា ក្នុងមួយជីវិតនេះលោកញ៉ាំបាយតែកន្លះចានគោមតូចទេ ហើយតាំងពីដើមមកមានតែ១ដងគត់ដែលលោកញ៉ាំអស់១ចាន នោះគឺកាលពីឆ្នាំមុន ពេលលោកទៅញ៉ាំសាច់អាំងជាមួយនឹងសមាជិករួមក្រុម ម្នាក់នោះគ្មានអ្នកណាក្រៅពី Kai ទេ។

ដោយសារដឹងថា Chanyeol ញ៉ាំតិច បែបនេះហើយពេលឃើញញ៉ាំអស់១ចាន Kai ក៏មានការភ្ញាក់ផ្អើលដែរ។ បើរម្លឹកកាលពីនៅជា Trainee (អ្នកហ្វឹកហាត់ចំណូលថ្មី) លោកត្រូវគេអនុញាតិឲ្យញ៉ាំបាយតែ ១/៤ នៃចានចង្គឹះទេ ហើយនេះក៏បានជាទម្លាប់មួយសម្រាប់លោកដែលធ្វើឲ្យ Fan ស្មានមិនដល់។

ជាការពិតណាស់ការហ្វឹកហាត់គ្មានស្គាល់ពេលសម្រាក និងការតមអាហារគឺជាឧបសគ្គដ៏ធំសម្រាប់ជីវិតជាតារា K-Pop។ ទោះបីជា Chanyeol ជាប់ជាតារាប្រុសដែលមានរាងកាយមាំមួន និងសង្ហាស្ថិតនៅលំដាប់កំពូលប្រចាំវិស័យនេះ ប៉ុន្តែដោយសារតែការលុតដំខ្លួនឯងនឹងការហ្វឹកហាត់ និងវិន័យហូបចុកនេះ បែរជាធ្វើឲ្យលោកបាត់បង់ទម្លាប់ហូបចុកតាមបែបធម្មតាពីមុន៕

ដកស្រង់ពី៖ Sabay