បណ្តាញសង្គម

ចេញ​សាច់​រឿង​ពិត អ្នកដឹកនាំ​សម្ដែង​ម្នាក់​​ត្រូវ​សង្សារ​សុំ​បែក អន់ចិត្ត​ដល់​ថ្នាក់​កោរ​សក់​អស់​ពី​ក្បាល

លោក ចាប សុវណ្ណារ័ត្ន ដែលគេស្គាល់ថាជាអ្នកដឹកនាំសម្ដែងម្នាក់នៅផលិតកម្ម ថោន បានកោរសក់អស់ពីក្បាលបង្កការភ្ញាក់ផ្អើល បន្ទាប់ពីលោកជួបរឿងរ៉ាវខកស្នេហ៍ទាំងមិននឹកស្មាន ហើយឥឡូវនេះធ្លាយចេញសាច់រឿងពិតហើយ។

លោក ចាប សុវណ្ណារ័ត្ន ដើមឡើយមានមនុស្សស្គាល់តិចតួច បើទោះលោកជាមនុស្សសំខាន់នៅពីក្រោយភាពល្បីល្បាញរបស់តារាចម្រៀង តារាសម្ដែងមួយរូបក្ដី ប៉ុន្តែក៏ផ្លាស់មកមានចាប់អារម្មណ៍ច្រើន ក្រោយពីធ្លាយរឿងរ៉ាវផ្ទាល់ខ្លួន ពិសេសនោះ ខណៈគេដឹងថា លោកគឺជាអ្នកដឹកនាំបទ "ជាងកាត់សក់ខកស្នេហ៍" ផ្ទាល់ ហើយចុងក្រោយភ្លាត់ខកស្នេហ៍ខ្លួនឯងទៅវិញ។

ចំពោះរឿងដែលកើតឡើងនេះ សាមីខ្លួនបានឲ្យដឹងថា នោះក៏ព្រោះតែលោក ត្រូវសង្សារដែលស្រឡាញ់ជាង ៦ឆ្នាំមកហើយ សុំចែកផ្លូវគ្នា។ សុវណ្ណារ័ត្ន បានរៀបរាប់ថា ដើមឡើយលោកបានមានទំនាក់ទំនងនឹងនារីម្នាក់ជាច្រើនឆ្នាំមកហើយ ហើយកន្លងមកមិនដែលមានរឿងរ៉ាវធំដុំនឹងគ្នាឡើយ ប៉ុន្តែរឿងតិចតួចមិនមែនអត់នោះទេ។

យ៉ាងណា អ្នកដឹកនាំសម្ដែង បញ្ជាក់ថា ទំនាក់ទំនងរបស់លោក មិត្តស្រីរបស់លោក កើតរឿងល្អក់កករច្រើននៅក្នុងរង្វង់១ឆ្នាំចុងក្រោយ។ មូលហេតុដែលកើតមានបញ្ហានេះ អ្នកដឹកនាំសម្ដែងខកស្នេហ៍រូប ប្រាប់ថា ទំនងកើតឡើងមកពីរឿងខ្វះពេលវេលាឲ្យគ្នា។

លោកថា មួយរយៈចុងក្រោយ ការងាររបស់លោកកាន់តែមមាញឹកឡើងៗ ដូច្នេះហើយលោកមានពេលកាន់តែតិចផ្ដល់ទៅឲ្យគូសង្សារ ហើយចំណុចនេះ លោកថា បានលឺគូស្នេហ៍ និយាយបន្លឺជារឿយថា លោកហាក់មិនសូវរវីរវល់នឹងនាងដូចមុន។ "និយាយទៅ ការងារខ្ញុំឥឡូវរវល់ច្រើន មិនសូវមានពេលឲ្យគាត់ ហើយពេលជួបគ្នាម្ដង គាត់តែងតែបន្លឺថា បងឯងឥឡូវប្លែកណាស់ មិនសូវរវីរវល់នឹងអូន អីចឹងណាបង!”។ លោក ចាប សុវណ្ណារ័ត្ន លើកឡើងថា មិត្តស្រីរបស់លោកជាមិនសូវជាមនុស្សមាត់កច្រើន ប៉ុន្តែជាមនុស្សគំទុក និងពូនផ្ដុំរឿងបន្តិចម្ដងៗ។

ជាក់ស្ដែងដូចករណីចុងក្រោយ លោកថា លោករវល់ផ្ដោតតែលើការងារពេក ភ្លេចគិតពីមិត្តស្រី ទើបធ្វើឲ្យនាងអស់ចិត្តបន្តិចម្ដងៗ ហើយចុងក្រោយក៏សុំលោកបែកតែម្ដង។ អ្នកដឹកនាំសម្ដែងនៅថោនរូបនេះ សង្កត់ធ្ងន់ថា លោក និងមិត្តស្រី ពិតមិនមានរឿងអ្វីធ្ងន់ធ្ងរឡើយ ហើយរឿងដែលកើតឡើងទំនងកើតចេញពីរឿងរ៉ាវខាងលើ ហើយលោកក៏មិនបានដាក់ការសង្ស័យថា នារីជាសង្សារមានអ្នកផ្សេងទៀតទើបបែកចិត្តនោះទេ ពោលគឺលោកសន្មតថា ទំនងមកពីកំហុសលោកពីខាងលើច្រើនជាង។

ដូច្នេះហើយ ទើបលោកកោរសក់។ “ចំពោះការកោរសក់ហ្នឹង គឺទី១ខ្ញុំស្ដាយអនុស្សាវរីយកន្លងមក ហើយស្ដាយដោយសារការធ្វេសប្រហែលរបស់ខ្លួនឯងដែរ ដែលគិតតែការងារពេក ភ្លេចគិតពីគាត់ទើបកើតរឿងបែបនេះ។ ទី២ទៀត គឺដើម្បីទុកជាគ្រឿងដាស់តឿនខ្លួនឯង សម្រាប់ទង្វើតទៅមុខទៀត ត្រូវធ្វើឲ្យមានភាពស្មើគ្នារវាងការងារ និងមនុស្សដែលយើងស្រឡាញ់!” ចាប សុវណ្ណារ័ត្ន ថ្លែង៕

ដកស្រង់ពី៖ Sabay