បណ្តាញសង្គម

អាជីវកម្ម​ផ្ទាល់​ខ្លួន​កាន់តែ​កាក់កប អេដា ចាប់ផ្ដើម​បន្ធូរដៃ​ពី​ការងារ​សិល្បៈ

អេដា ចាប់ផ្ដើមទម្លាក់ដៃពីការងារច្រៀងតាមកម្មវិធីប្រគំតន្ត្រីនានាតាមខេត្ត ប៉ុន្តែនៅបន្តទទួលច្រៀងក្នុងកម្មវិធីសម្ពោធផលិតផល ឬគម្រោងអចលនទ្រព្យអ្វីមួយដែលមានរយៈពេលខ្លីៗ ហើយមានទីតាំងនៅក្នុងរាជធានីភ្នំពេញ។

ការទម្លាក់ដៃទទួលច្រៀងតាមកម្មវិធីផ្សេងៗ និងនិពន្ធបទច្រៀងដោយខ្លួនឯងនៅពេលនេះ គឺបន្ទាប់ពីតារាស្រីរូបនេះបានចូលជាសមាជិកាថ្មី នៃសមាគមសហគ្រិនស្ត្រីកម្ពុជា ព្រមទាំងរវល់ខ្លាំងជាមួយនឹងអាជីវកម្មផ្ទាល់ខ្លួនផងនោះ។ អេដា និយាយថា នៅក្នុងឆ្នាំ២០២០ នេះ នាងមិនសូវទទួលច្រៀងក្នុងកម្មវិធីផ្សេងៗឡើយទាំងនៅភ្នំពេញ និងតាមខេត្ត ហើយការបន្ធូរដៃពីរការច្រៀងនេះ គឺអាចនឹងបន្តរហូតដល់ចប់ឆ្នាំ២០២០។

បច្ចុប្បន្ន អេដា មានការងារសំខាន់បី គឺទី១និពន្ធបទចម្រៀងដើម្បីច្រៀងដោយខ្លួនឯង ទី២ ចេញច្រៀងតាមកម្មវិធីប្រគំតន្ត្រីផ្សេងៗ និងទី៣ នាងបានបើកក្រុមហ៊ុននាំចូលគ្រឿងសម្អាង និងចែកចាយនៅកម្ពុជា។ ការណ៍នេះហើយដែលធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកនិយមស្ដាប់បទចម្រៀងរបស់ អេដា មិនសូវបានឃើញបទចម្រៀងថ្មីរបស់នាងចេញនៅលើបណ្ដាញសង្គមក្នុងរយៈពេលចុងក្រោយនេះ៕

ដកស្រង់ពី៖ Sabay