កាលពីខែមិថុនាកន្លងទៅ Lexus បានប្រកាសចេញរថយន្ត IS ស៊េរីឆ្នាំ២០២១ ហើយឥឡូវក្រុមហ៊ុនជប៉ុនមួយនេះ បានប្រកាសពីតម្លៃលក់របស់វាជាផ្លូវការហើយ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
រថយន្ត Lexus IS ឆ្នាំ២០២១ មានតម្លៃចាប់ពី ៣៩ ០០០ដុល្លារ សម្រាប់ម៉ូដែល IS 300, ៤១ ០០០ដុល្លារ សម្រាប់ម៉ូដែល IS 300 AWD (ប៉ុងពីរ), ៤២ ៩០០ដុល្លារ សម្រាប់ម៉ូដែល IS 350 F Sport និង ៤៤ ៩០០ដុល្លារ សម្រាប់ម៉ូដែល IS 350 AWD F Sport (ប៉ុងពីរ)។ថ្វីបើមិនបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ប៉ុន្តែរថយន្ត Lexus IS ជំនាន់ទី៣ នេះ បានផ្លាស់ប្តូរមុខមាត់ថ្មី ដូចជា ប៉ាណាមុខ និងចង្កៀងមុខ ដែលធ្វើឲ្យវាមើលទៅរឹតតែទាន់សម័យ។
បន្ថែមពីនេះ វាបានបំពាក់យ៉ាន់ Alloy ធំជាងមុន គឺ ១៨អ៊ីញ, កែកុនផ្នែកចំហៀង និងបានបំពាក់ចង្កៀងក្រោយថ្មី ដែលរត់កាត់ពេញគូទខាងក្រោយ មើលទៅពិតជាស្រស់ស្អាតតែម្តង។ផ្នែកខាងក្នុងវាមានបំពាក់អេក្រង់ Touchscreen ទំហំ ៨អ៊ីញមកស្តង់ដារ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ព្រមទាំង Amazon Alexa ហើយក៏មានបំពាក់បច្ចេកវិទ្យា Lexus Safety System+ មកស្តង់ដារផងដែរ។រថយន្ត Lexus IS ថ្មីផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ គឺ IS 300 ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។
IS 300 AWD ប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 កម្លាំង ២៦០សេះ និង IS 350 AWD ប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣១១សេះ៕
ដកស្រង់ពី៖sabay