បណ្តាញសង្គម

ដូច​ចចាមអារ៉ាម​១០០% ហង្សមាស​ប្រកាស​វត្តមាន Tho Meet ផ្លូវការ​បាត់!

ផលិតកម្មចម្រៀងក្នុងស្រុកធំៗពីរ គឺរស្មីហង្សមាស និងហ្គាឡាក់ស៊ី កំពុងបង្ហាញពីលទ្ធភាពរបស់ខ្លួនក្នុងការផលិតបទចម្រៀងថ្មីៗដែលមានគុណភាព និងទទួលបានការគាំទ្រច្រើនពីប្រិយមិត្ត។

ក្នុងរយៈពេល ២ខែចុងក្រោយ ក្នុងឆ្នាំ២០២០ នេះ ផលិតកម្មទាំង២ បានផ្លាស់ប្ដូរសមាសភាពអ្នកផលិតបទភ្លេង និងតារាចម្រៀងរបស់ខ្លួនសំខាន់ៗ២រូប។ ផលិតកម្មទាំង២ បានស៊ីសងគ្នាដ៏គួរចាប់អារម្មណ៍ ដោយហ្គាឡាក់ស៊ី បានទាញយកស្ដេចត្រាញ់ផ្នែកចម្រៀងរបស់រស្មីហង្សមាស គឺលោក ព្រាប សុវត្ថិ កាលពីដើមខែសីហា ឆ្នាំ២០២០ ហើយឥឡូវនេះរស្មីហង្សមាស បានទាញយកអ្នកនិពន្ធបទភ្លេង ឬ Composer ល្បីឈ្មោះម្នាក់ពីហ្គាឡាក់ស៊ីមកវិញដែរ។

នៅថ្ងៃទី១ ខែតុលា នេះ ផលិតកម្មរស្មីហង្សមាស បានប្រកាសទទួលស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះវត្តមានអ្នកនិពន្ធបទភ្លេងថ្មី THO MEET ដែលចូលមករួមរស់ជាមួយគ្រួសាររស្មីហង្សមាស នៅលើផេកហ្វេសប៊ុករបស់ខ្លួន។

បើនិយាយពីប្រជាប្រិយភាពរវាងលោក Tho meet អាចនៅចាញ់លោក ព្រាប សុវត្ថិ។ ប៉ុន្តែម្ចាស់ផលិតកម្មទាំងពីរបានបង្ហាញពីភាពស្និទ្ធស្នាល និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅដូចគ្នា ដោយគ្រាន់តែការទទួលស្វាគមន៍ជាផ្លូវការរបស់លោកព្រាប សុវត្ថិ ទៅកាន់គ្រួសារហ្គាឡាក់ស៊ីកាលពីចុងខែសីហា ឆ្នាំ២០២០ មានកម្មវិធីអធិកអធម។

រីឯការប្រកាសចូលក្នុងគ្រួសារហង្សមាសរបស់THO MEET ជាផ្លូវការនៅថ្ងៃនេះ គេមិនទាន់ឃើញមានកម្មវិធីជប់លៀងអ្វីនៅឡើយទេ៕

ដកស្រង់ពី៖  Sabay