បណ្តាញសង្គម

ក្រោយ​ឆ្លង​ផុត​រឿង​ប៉ះ​ទង្គិច​គ្នា​ច្រើន ឥឡូវ ពេជ្ជតា ទទួល​បាន​ការងារ​ថ្មី​ដែល​គេ​មើល​ឃើញ​ថា អ្នក​នាង​នៅ​តែ​ស្អាត!

អ្នកនាង ម៉េង កែវពេជ្ជតា នៅប៉ុន្មានខែមុននេះ បានកើតមានរឿងរ៉ាវជាច្រើន ធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាព កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ខ្លួនផង។

ប៉ុន្តែរឿងរ៉ាវទាំងនោះបានផុតរលត់អស់ ហើយឥឡូវនេះតារារៀមច្បងទទួលបានការងារថ្មីមួយហើយ។ នេះជាសមិទ្ធផលថ្មីរបស់អ្នកនាង ម៉េង កែវពេជ្ជតា បន្ទាប់ពីប៉ុន្មានខែមុនជីវិតក្របដណ្ដប់ដោយអ័ព្ទនៃរឿងអាស្រូវ។ ការងារថ្មីនេះ គេបានឃើញអ្នកនាង បានចូលខ្លួនមកទទួលថតបង្ហាញឈុតប្រពៃណីដ៏ស្រស់ស្អាតជាច្រើនឈុតឲ្យសម្អាងការមួយ។

ត្បិតថា បានឃ្លាតឆ្ងាយពីការងារអស់នេះអស់រយៈពេលយូរក្រែលដែរហើយនោះ ព្រមទាំងមានវ័យច្រើនណាស់ហើយក៏ពិតមែន ប៉ុន្តែគេមើលឃើញថា តារាចម្រៀងរៀមច្បងរូបនេះ នៅតែមានភាពទាក់ទាញដដែល តាមរយៈរូបសម្ផស្សដ៏ស្រស់ផូរផង់ សាកសមនឹងសំលៀកបំពាក់ប្រពៃណីប៉ុន្មានឈុតដែលក្រាលគ្រប់លើប្រាណនាពេលនេះ។

ប៉ុន្មានខែមុន ម៉េង កែវពេជ្ជតា បានកើតមានជម្លោះពាក្យសំដីស្រួចស្រាល់ជាមួយនឹង ទូច ស៊ុននិច ដែលបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក។ ជម្លោះអ្នកទាំងពីរ គឺមានការពាក់ព័ន្ធនឹងការលើកឡើងពីការយកបទចម្រៀងគ្នាទៅច្រៀង ដោយរៀមច្បងថា សិស្សប្អូនបានចង់ល្បីដោយព្យាយាមយកបទរបស់ខ្លួនទៅច្រៀង។

ហើយក្រោយមក សិស្សប្អូនក៏បានចេញវីដេអូធ្វើការឆ្លើយតប។ ជម្លោះពាក្យសំដីរបស់អ្នកទាំងពីរ បានកើតឡើងមួយរយៈខ្លី បន្ទាប់មកក៏ស្ងាត់។ រំលងបានប្រមាណតែ១ខែ ឲម្ចាស់បទ "ប្រុសចិត្តពពក" ក៏ទទួលរងពាក្យបណ្ដឹងពីលោកជំទាវ ហ៊ុន ស៊ីណាត ថែមទៀត។

គ្រានោះលោកជំទាវ បានដាក់ពាក្យប្ដឹងអ្នកនាង ម៉េង កែវពេជ្ជតា ដោយបានចោទអ្នកនាង ម៉េង កែវពេជ្ជតា និងគូកនថាបានបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើងលើលោកជំទាវ។ បណ្ដឹងគួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីពាក់កណ្ដាលខែមិថុនា។

ប៉ុន្តែបន្តមកទៀត ក៏មិនមានព័ត៌មានវិវត្តថ្មីអំពីករណីនេះដែរ ពោលគឺអ្វីៗបានស្ងាត់ទៅតាមពេលវេលា ស្របពេលអ្នក ម៉េង កែវពេជ្ជតា ក៏បន្តស្ងៀមស្ងាត់ ដោយទើបនឹងលេចចេញការងារថ្មី ថតសម្អាងការនាពេលនេះ ដែលគេមើលឃើញថា តារាចម្រៀងសំឡេងក្រអួនរូបនេះ នៅតែស្រស់សោភា មិនគួរឲ្យជឿ។ តោះ ទស្សនារៀមច្បងទាំងអស់គ្នា៖

ដកស្រង់ពី៖ Sabay