បណ្តាញសង្គម

នៅអាល្លឺម៉ង់មានម៉ាកឡានមួយគត់មានសញ្ញាវិជ្ជមាន ប៉ុន្តែមិនមែនជាម៉ាកអាល្លឺម៉ង់ឡើយ

ក្នុងចំណោមម៉ាករថយន្តចំនួន ៣៥ ដែលប្រកបអាជីវកម្មនៅទីផ្សារអាល្លឺម៉ង់ មានតែក្រុមហ៊ុន Tesla របស់អាមេរិកមួយប៉ុណ្ណោះដែលចំនួនលក់មានការកើនឡើង ខណៈដែលក្រុមហ៊ុនផ្សេងទៀតសុទ្ធតែធ្លាក់ចុះ។

ផ្អែកតាមតួលេខរបស់នាយកដ្ឋានដឹកជញ្ជូនអាល្លឺម៉ង់ នៅក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២០ ក្រុមហ៊ុន Tesla លក់រថយន្តបាន ១១ ២១៧គ្រឿង កើនឡើង ២៤,៥% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៩។

នៅក្នុងខែកញ្ញាតែមួយ ក្រុមហ៊ុនអាចលក់រថយន្តបាន ៣ ០៦៥គ្រឿង ដែលកើនឡើងរហូតដល់ ៨២,៧% ឯណោះ។សង្កេតឃើញដែរថាក្រុមហ៊ុនដែលមានចំនួនលក់ធ្លាក់ចុះច្រើនជាងគេគឺ Smart ដែលមានចំនួនលក់ធ្លាក់ចុះ ៧៨,៥% ធៀបនឹងរយៈពេល ៩ខែ នៃឆ្នាំ ២០១៩។

ក្រុមហ៊ុនបន្ទាប់គឺ Dacia (៤៦,៩%), Opel (៤៥,៥%), Suzuki (៤៥%) និង Mazda (៤៤%) ជាដើម ហើយក្រុមហ៊ុនដែលធ្លាក់ចុះតិចជាងគេគឺ Subaru ធ្លាក់ចុះ ៣,៦%។

គួរដឹងថាកាលពីខែសីហា ប្រសិនបើរាប់បញ្ចូលទាំងរថយន្តប្រភេទ Plug-in Hybrid នោះរថយន្តអគ្គិសនីគឺមានចំណែក ១៣,២% ក្នុងចំណោមរថយន្តដែលលក់ចេញសរុបនៅអាល្លឺម៉ង់ ជាកំណត់ត្រាអស្ចារ្យមួយ។ កំណើននៃរថយន្តអគ្គិសនីគឺដោយសារមានការផ្ដល់ជាប្រាក់ជំនួយពីរដ្ឋាភិបាល ពេលទិញរថយន្តដែលជួយដល់បរិស្ថាន៕

ដកស្រង់ពី៖sabay