បណ្តាញសង្គម

តារាសម្ដែង​ម៉េប៊ី បង្ហោះរូប១សន្លឹក អមដោយ​សារ​បង្កប់អត្ថន័យសោកសៅ និងឯកាបំផុត

តារាសម្ដែងវ័យក្មេង កញ្ញា ម៉េប៊ី (Mai Be) បានបង្ហោះសារដ៏វែងមួយនៅលើហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៥ ខែតុលាកន្លងទៅ

អមដោយរូបភាពក្នុងបន្ទប់ទឹក១សន្លឹក បង្កឲ្យមានការងឿងឆ្ងល់ជាច្រើនពីសំណាក់អ្នកគាំទ្រ។ ក្រោយឃើញសារបង្កប់នោះ អ្នកគាំទ្ររបស់នាង បានចូលផ្ដល់ជាមតិលើកទឹកចិត្តជាច្រើន ដោយយល់ពីអត្ថន័យដ៏សោកសៅរបស់នាង។ ខ្លឹមសារទាំងស្រុងនៃសាររបស់ Mai Be មានដូចខាងក្រោម៖ "ព្រោះខ្ញុំមិនចង់ឱ្យអ្នកណាលំបាកដោយសារតែខ្ញុំ ទើបខ្ញុំតែងនិយាយថា "មិនអីទេ" ។

ព្រោះខ្ញុំមិនចង់ធ្វើជាបន្ទុកគ្រួសារ ទើបខ្ញុំសម្ដែងធ្វើជារឹងមាំ។ ព្រោះខ្ញុំត្រូវរឹងមាំ ទើបទៅពេលខ្លះខ្ញុំដើរទៅមុខទាំងឈឺចាប់។ "ខ្ញុំមិនអីទេ" ជាប្រយោគដែលខ្ញុំចូលចិត្តប្រើជាងគេ ហើយក៏ជាឃ្លាដែលធ្វើឱ្យខ្ញុំឯកោបំផុតដែរ។ គ្រប់គ្នាតែងគិតថាខ្ញុំរឹងមាំ ទើបពួកគេមិនដែលអើពើនឹងខ្ញុំ។ មែនទែនទៅខ្ញុំហាក់ដូចកំពុងរសាត់ក្នុងពិភពលោកនេះតែម្នាក់ឯង។

ទោះនៅក្នុងហ្វូងមនុស្សក៏នៅតែមានអារម្មណ៍ឯកោ ទោះទៅណា ក៏គ្មានកន្លែងដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត។ "ខ្ញុំមិនអីទេ" ជាឃ្លាដែលធ្វើឱ្យខ្ញុំញញឹមនៅចំពោះមុខមនុស្សគ្រប់គ្នា ខណៈផ្លូវចិត្តកំពុងធ្លុះធ្លាយ។ នៅខាងក្រោយពាក្យមិនអីទេ គឺជាខ្យល់ត្រជាក់ដ៏សែនរងា ជាវាលរហោឋានដ៏ល្វឹងល្វើយ។

ទោះខ្ញុំរឹងមាំប៉ុនណា ក៏ខ្ញុំនៅតែត្រូវការការយកទុកដាក់ ត្រូវការអ្នកគាំទ្រ ត្រូវការកម្លាំងចិត្តដូចគេដែរ ប៉ុន្ដែតើខ្ញុំត្រូវប្រាប់អ្នកណា? ក្រៅពីប្រាប់ខ្លួនថាទ្រាំ ខ្ញុំហារមាត់និយាយមិនចេញទេ។ ខ្ញុំហត់ ខ្ញុំឃ្លាន ខ្ញុំត្រូវការជំនួយ តែខ្ញុំគ្មានលទ្ធភាពពោលពាក្យ "សុំ" ទេ។

ជីវិតតែងមានទុក្ខលំបាក ហើយទុកលំបាកតែងមានទំហំខុសគ្នា ប៉ុន្ដែមិនមែនបានន័យថារាល់ទុក្ខលំបាក សុទ្ធតែត្រូវការដំណោះស្រាយពីអ្នកដទៃទេ ។ ម្នាក់ឯង បានធ្វើឱ្យខ្ញុំទ្រាំរស់ទាំងធ្លុះធ្លាយ ។ ភាពរឹងមាំដែលមានតែសំបក វាជាការឈឺចាប់មួយ ជីវិតដែលខ្វះក្ដីស្រឡាញ់ រឹតតែឯកោ។

យូរៗទៅ ខ្ញុំត្រូវដោះស្រាយបញ្ហាខ្លួនឯង តែម្នាក់ឯង។ យូរៗទៅខ្ញុំត្រូវប្រឈមមុខនឹងព្យុះជីវិតតែម្នាក់ឯង។ យូរៗទៅខ្ញុំត្រូវរស់ពឹងខ្លួនឯងទាំងស្រុង។ យូរៗទៅខ្ញុំលែងមានភាពកក់ក្ដៅពីមនុស្សក្បែរខ្លួន។ យូរទៅខ្ញុំក្លាយជាមនុស្សរឹងមាំក្នុងភ្នែកអ្នកដទៃ។ យូរៗទៅ ខ្ញុំក៏ក្លាយជាមនុស្សមិនអីស្ទើរគ្រប់រឿង។

យូរៗទៅខ្ញុំក្លាយជាមនុស្សដែលគេបោះបង់ចោល។ ខ្ញុំរឹងមាំពេក រឹងមាំរហូតធ្វើឱ្យមនុស្សក្បែរខ្លួនស្ដាប់មិនឮសំឡេងដ៏សែនឈឺចាប់។ មកទល់ពេលនេះ កញ្ញា Mai Be មិនទាន់បកស្រាយយ៉ាងណានោះទេ ចំពោះការបង្ហោះសារខាងលើនេះ។ [Sabay] នឹងផ្សាយជូនបន្តទៀត នៅពេលទទួលបានការឆ្លើយតបពីតារាវ័យក្មេងរូបនេះ៕

ដកស្រង់ពី៖ Sabay