បណ្តាញសង្គម

តារា​ស្រី​៤​ដួង​ដែល​មាន​កូន​មុន​ចូល​រោងការ កំពុង​ព្យាយាម​បង្ហាញ​វត្តមាន​កូន​ៗ​ក្នុង​ឆ្នាំ​២០២០​ នេះ

គិតត្រួសៗ ចាប់ចុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ នេះ មានតារាស្រីច្រើននាក់ដែរដែលគេជឿថា បានរួមរស់ជាមួយមិត្តប្រុស មុនពេលរៀបការ។

ប៉ុន្តែតារាខ្លះមិនបានសម្រេចចិត្តយកកូន និងព្យាយាមលាក់ពីទំនាក់ទំនងស៊ីជម្រៅរបស់ពួកគេនោះ រហូតភ្លយមានកូនទើបចេញមុខបកស្រាយចំពោះមុខអ្នកគាំទ្រ។ ថ្ងៃនេះ Sabay សូមលើកយកតារាដែលធ្លាប់មានប្រជាប្រិយភាពចំនួន៤ដួង មកបង្ហាញជូនប្រិយមិត្ដពីស្ថានភាពមានកូនមុនរៀបការ ហើយពួកគេបានព្យាយាមបង្ហាញវត្ដមានកូនៗទីស្រឡាញ់របស់ពួកគេដល់អ្នកគាំទ្រក្នុងឆ្នាំ២០២០ នេះ៖

១/ អតីតតារាចម្រៀងល្បីឈ្មោះប្រចាំនៅផលិតកម្មរស្មីហង្ស មាស អ្នកនាង ពេជ្រ សូលីកា សម្រាលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ដែលជាតំណក់ឈាមរួមគ្នារវាងអាណិកជនខ្មែររស់នៅប្រទេសអូស្ត្រាលី គឺលោក គឹម ហាន។ អ្នកទាំងពីរមិនទាន់បានក្រាបក្បាលដល់កន្ទេលនៅចំពោះមុខចាស់ទុំក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរនៅឡើយទេ ប៉ុន្តែ ពេជ្រ សូលីកា បានភ្ជាប់ពាក្យជាមួយលោក គឹម ហ៊ាន ដែលជាអតីតសង្សាររបស់ថៃ នារីសុជាតា យ៉ាងចម្រូងចម្រាសកាលពីចុងខែតុលា ឆ្នាំ២០១៩ កន្លងទៅ។

២/តារាសម្ដែង ឌុច លីដា បានបាត់មុខមួយរយៈធំពីវិស័យសិល្បៈ គឺចាប់តាំងពីចុងឆ្នាំ២០១៩។ ស្រាប់តែនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ឌុច លីដា បានបង្ហាញមុខជាមួយនឹងកូនតូចម្នាក់ឈ្មោះ កេត្យាមណី ដោយនាងអះអាងថា កូននោះគឺជាកូនបង្កើតរបស់នាង ទាំងដែលគេឯងមិនធ្លាប់លឺពីដំណឹងរៀបការសោះនោះ។ តារាសម្ដែងរូបនេះ ធ្លាប់បញ្ជាក់ថា រូបនាង និងស្វាមី ព្រមទាំងកូន កំពុងរួមរស់យ៉ាងមានសេចក្ដីសុខជាមួយគ្នា ប៉ុន្តែរហូតមកដល់ពេលនេះនាងនៅតែលាក់មុខបុរសដែលជាឪពុករបស់ក្មេងនោះដដែល ដោយនាងលើកហេតុផលថា មិនទាន់ដល់ពេល ឬពុំមានហេតុផលចាំបាច់ណាមួយដែលត្រូវបញ្ចេញ។

៣/តារាសម្ដែងស្រី ផាន់ ផាត់ណា សម្រាលបានកូនប្រុសម្នាក់កាលពីអំឡុងខែតុលា ឆ្នាំ២០១៩ ហើយដំណឹងមានកូននេះទើបតែគេឯងបានដឹងគ្រប់គ្នានៅឆ្នាំ២០២០ នេះ ក្រោយពីនាងបានធ្វើពិធីខួបកំណើតជូនកូនប្រុសគម្រប់អាយុ១ឆ្នាំ កាលពីថ្ងៃទី៨ ខែតុលា ដោយមិនបានបង្ហាញវត្តមានឪពុករបស់ក្មេងឡើយ។ តារាសម្ដែងស្រីរូបនេះ ធ្លាប់អះអាងថា នាងមិនបោះបង់ចោលប្រពៃណីខ្មែរឡើយ ដោយនាងសន្យាថា នឹងបង្ហាញមុខស្វាមី និងរៀបចំពិធីមង្គលការមួយជាមួយបុរសដែលជាអ្នកជំនួញម្នាក់នៅពេលដែលកូនរបស់នាងមានអាយុ៥ឆ្នាំ។

៤/ តារាសម្ដែង ឌី សូនិត្ដា កំពុងតែពពោះគ្រប់ខែ ដោយរង់ចាំតែថ្ងៃសម្រាលនៅក្នុងខែតុលា ឆ្នាំ២០២០ នេះហើយ។ កូនក្នុងផ្ទៃ គឺជាតំណក់ឈាមរវាងនាង និងតារាសម្ដែងលោក អេឡិច ហ្សូរ៉ា។ ពួកគេ ទើបតែទម្លាយអាថ៌កំបាំងនេះ នៅថ្ងៃម្សិលមិញ បង្កឲ្យការភ្ញាក់ផ្អើលដល់មហាជន ជាពិសេសអ្នកគាំទ្រពួកគេពីរូបភាពមានផ្ទៃពោះនេះ ព្រោះថាពួកគេទាំងពីរមិនដែលមានដំណឹងរៀបការជាមួយគ្នាសោះ ស្រាប់តែមានផ្ទៃពោះទៅហើយ៕

ដកស្រង់ពី៖ Sabay