បណ្តាញសង្គម

ភាព​អស្ចារ្យ​មួយ​របស់ Chef ឬទ្ធី ទើបតែត្រូវបានទម្លាយដោយ​តារា​ជើង​ចាស់មួយ​រូប​ ធ្លាប់រួមអាជីពជាមួយគ្នា

ដំណឹងមរណភាពរបស់ស្ដេចចុងភៅរបស់កម្ពុជាមួយរូប គឺលោក ស៊ឺ សោភ័ណ្ឌឬទ្ធី ហៅChef ឬទ្ធី

កាលពីថ្ងៃទី២០ ខែតុលា នៅតែអង្រួនបេះដូងអ្នកស្រឡាញ់វិស័យម្ហូបអាហារ ជាពិសេសអ្នកធ្លាប់ស្គាល់ និងរាប់អានរូបលោក ដោយពួកគេចាត់ទុកថា មរណភាពរបស់លោក គឺជាការបាត់បង់នូវធនធានមនុស្សដ៏កម្រមួយរូប។ នៅថ្ងៃនេះ មានអតីតមិត្តរួមអាជីពជាមួយលោកកាលពីជាង២០ឆ្នាំមុន គឺតារាសម្ដែងជើងចាស់ សាវិន ហ្វីលីប បានបង្ហើបពីចំណុចអស្ចារ្យមួយផ្សេងទៀតរបស់ Chef ឬទ្ធី ក្រៅពីភាពប៉ិនប្រសព្វក្នុងការធ្វើម្ហូបសម្រាប់សណ្ឋាគារលំដាប់ផ្កាយ៥នៅកម្ពុជា។

លោក ហ្វីលីប និយាយថា៖"គាត់ធ្លាប់ធ្វើការជាមួយខ្ញុំកាលពី២០ឆ្នាំមុន នៅសណ្ឋាគារ Raffle Le Royal។ លោកជាបុរសសង្ហាម្នាក់ និយាយតិចតែម៉ឺងម៉ាត់ ហើយពិតជាមានចំណេះដឹងផ្នែកមុខម្ហូបដ៏អស្ចារ្យម្នាក់"។លោក ស៊ឺ សោភ័ណ្ឌឬទ្ធី ហៅ Chef ឬទ្ធី បានក្លាយជាគណៈកម្មការឆ្នើមក្នុងកម្មវិធី Master chef Khmer រដូវកាលទី១ របស់ស្ថានីយទូរទស្សន៍ ស៊ី ធី អិន ។

កម្មវិធីនេះ មានការប្រកួតប្រជែងក្នុងការធ្វើមុខម្ហូបប្លែកៗ ហើយគ្រោងនឹងមានការប្រកួតប្រជែងសម្រាប់រដូវកាលទី២ទៀត ប៉ុន្តែរូបលោកដែលជាគណៈកម្មការឆ្នើមមួយរូបបានលាចាកលោកទៅហើយ។ លោក បានទទួលមរណភាពដោយជំងឺក្រិនថ្លើម និងរបេង កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ៕

 

ដកស្រង់ពី៖ Sabay