បណ្តាញសង្គម

ថ្ងៃ​នេះ តួអង្គមឺយចឺយ ពោល​ថា​នាង​លែង​រត់​រួច​ក្នុង​អាជីព​សម្ដែង​ទៀត​ហើយ!

តារាសម្ដែងស្រីធ្លាប់មានឈ្មោះបោះសំឡេងនៅអំឡុងឆ្នាំ១៩៩៩ និងឆ្នាំ២០០០ គ្រាហ៍ដែលនាងចូលប្រឡូកក្នុងអាជីពសិល្បៈដំបូង គឺអ្នកនាង ព្រំ រដ្ឋា បានប្រាប់ Sabay

ថា សម្រាប់បច្ចុប្បន្នអ្នកនាងរត់លែងរួចទៀតហើយក្នុងការសម្ដែងផង និពន្ធ ដឹកនាំរឿង និងគ្រប់គ្រងផលិតកម្មទាំងមូលផងនោះ។ តួអង្គមឺយចឺយដែលគិតមកដល់ពេលនេះមានវ័យ៤១ឆ្នាំទៅហើយនោះ នៅតែរក្សារូបសម្ផស្សយ៉ាងស្រស់សោភាមិនចាញ់តារាសម្ដែងជំនាន់ក្រោយប៉ុន្មានទេ។

ព្រំ រដ្ឋា និយាយថា នៅអំឡុងឆ្នាំ២០១៥ ដែលនាងគ្រប់គ្រងផលិតកម្ម និងផលិតរឿងផងនោះ នាងក៏ធ្លាប់ដាក់តួអង្គខ្លះត្រូវសម្ដែងដោយខ្លួនឯងដែរ ប៉ុន្តែឆ្លងកាត់ប៉ុន្មានរឿងមកនោះបានធ្វើឲ្យនាងហត់នឿយខ្លាំង និងសម្ដែងមិនបានល្អឡើយ បើទោះបីជានាងខំជម្នះយ៉ាងណាក៏ដោយ។

ព្រំ រដ្ឋា៖"ខ្ញុំចង់សម្ដែងដោយខ្លួនឯងណាស់ ដោយបេះដូងយើងទៅលើអាហ្នឹង ប៉ុន្តែខ្ញុំអត់មានពេល បើខ្ញុំផលិតផង សម្ដែងខ្លួនឯងផង វាអត់បានល្អទេ ព្រោះអារម្មណ៍វាបែក អីចឹងហើយបានជាខ្ញុំធ្វើអត់បាន"។ បច្ចុប្បន្ន អ្នកនាង ព្រំ រដ្ឋា គឺជាចាងហ្វាងផលិតកម្ម PR ដែលកំពុងទទួលថតរឿងភាគជាច្រើនសម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ល្បីៗក្នុងស្រុក។

ក្រៅពីមានតួនាទីគ្រប់គ្រងទូទៅក្នុងផលិតកម្មនេះ អ្នកនាងក៏ជាអ្នកនិពន្ធរឿង និងរៀបចំការសម្ដែងដ៏សកម្មម្នាក់ដែរ។ អ្នកនាង ព្រំ រដ្ឋា ធ្លាប់ឆ្លងកាត់អាជីពជាអ្នកអត្ថាធិប្បាយ ឬជាពិធីការិនីនៅកញ្ចក់ទូរទស្សន៍បាយ័ន និងជាតារាសម្ដែងជាង១៥ឆ្នាំ។

រឿងរបស់នាងដែលធ្លាប់ទទួលបានការគាំទ្រច្រើន គឺមានដូចជា៖ រឿង"ព្រះលក្សិណវង្សនាងព្រាហ្មណ៍កេសរ" "ព្រះធិនវង្ស" និងរឿង"ពូជមួយត្រួយពីរ"។ ក្រៅពីរឿងដុំទាំងនោះ ព្រំ រដ្ឋា ក៏ធ្លាប់ថតបទចម្រៀងខារ៉ាអូខេជាច្រើនបទដែរ ក្នុងនោះគឺមានបទចម្រៀងក្នុងរឿង"ម៉ាក់ថឺង" ល្បីជាងគេ៕

ដកស្រង់ពី៖ Sabay