បណ្តាញសង្គម

បើក​សម្ពោធ​សៀវភៅ ពាន់ ភួង​បុប្ផា ព្រលយ​ឈប់​ផលិត​រឿង​ភាគ​ហើយ!

អ្នកនិពន្ធជើងចាស់ ពាន់ ភួងបុប្ផា បានបង្ហើបគម្រោងមួយដែលអ្នកស្រី គ្រោងនឹងបញ្ចប់ការផលិតរឿងភាគសម្រាប់ដាក់ទូរទស្សន៍នានាបន្តទៀតហើយ។

អ្នកស្រី ពាន់ ភួងបុប្ផា បានលើកយកហេតុផលថា អ្នកស្រីមានវ័យកាន់តែច្រើន ល្មមដល់ពេលដែលអ្នកស្រីត្រូវសម្រាកខ្លះ។ ដូច្នេះហើយ វាគួរតែដល់ពេលហើយ ដែលអ្នកស្រីត្រូវលៃពេលខ្លះ សម្រាប់ខ្លួនឯង រួមទាំងយកពេលទៅធ្វើកិច្ចការផ្សេងទៀត ដែលមិនសូវធ្ងន់ធ្ងរដូចការផលិតខ្សែភាពយន្តភាគ ដែលត្រូវការចំណាយពេលវេលា កម្លាំងកាយ ប្រាជ្ញា ស្មារតីច្រើនហួសហេតុ។

ការព្រលយពីរឿងនេះ បន្ទាប់ពីអ្នកស្រីទើបនឹងបើកការផលិតភាពយន្តភាគរឿង "កុមារីវ័យ ២៥ឆ្នាំ" វគ្គ៣ និងរឿង "រសជាតិអ្នកមាន" អោយទូរទស្សន៍ក្នុងស្រុកមួយមក។ អ្នកស្រី នៅសល់កិច្ចសន្យាផលិតរឿងមួយភាគមួយទៀតសម្រាប់ទូរទស្សន៍ក្នុងស្រុកមួយដែរ គឺរឿង "ស្នាមស្នេហ៍សមុទ្ររាម" ដែលគ្រោងនឹងដំណើរការផលិតក្នុងពេលឆាប់ៗ។

បន្ទាប់ពីបញ្ចប់រឿងនេះហើយ គឺអ្នកស្រីសុំដកខ្លួនពីការផលិតរឿងប្រភេទសម្រាប់ដាក់ទូរទស្សន៍នេះហើយ។ អ្នកស្រី ថ្លែងថា៖ “ខ្ញុំធ្វើតែរឿង ស្នាមស្នេហ៍សមុទ្ររាម នេះមួយទៀត គឺខ្ញុំឈប់ហើយ គឺឈប់ផលិតរឿងភាគទៀតហើយ ខ្ញុំអាយុច្រើនហើយ ៦៦-៦៧ឆ្នាំ ហើយ ហត់ដែរ វា៣២ឆ្នាំហើយ អីចឹងល្មមដែរហើយ!”។

អ្នកស្រី ពាន់ ភួងបុប្ផា បានសម្រេចបញ្ឈប់ការផលិតរឿងភាគសម្រាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ប៉ុន្តែនៅបន្តផលិតរឿងដុំសម្រាប់ដាក់រោងកុនធម្មតា។ ពេលនៅសល់ពីនេះ គឺអ្នកស្រី នឹងផ្ដោតទៅការចងក្រងក្រុមអ្នកនិពន្ធសរសេររឿងប្រលោមលោកជាជំនួសវិញ។ កិច្ចការនេះ អ្នកស្រី បានបង្កើត "ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកាមាស" ដែលមានអាយុកាលជិត ២ឆ្នាំហើយ។

អ្នកស្រីប្រមូលបានអ្នកនិពន្ធសៀវភៅប្រលោមលោកវ័យក្មេង និងមានទេពកោសល្យចំនួន ៥នាក់ និងបានបញ្ចេញស្នាដៃចំនួន២ហើយ។ ស្នាដៃទី១ ដែលបានរួចចេញកាលពីមុននោះ ម្សិលមិញអ្នក "ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកាមាស" បានសម្ពោធស្នាដៃទី២ទៀត រឿង "បើខ្ញុំជាស្រី" ជាប្រភេទប្រលោមលោកបែបកំប្លែងយ៉ាងកម្រ។ ដោយស្នាដៃទី៣ គ្រោងនឹងចេញដើមឆ្នាំក្រោយ។ អ្នកស្រី បានពន្យល់ថា អ្នកស្រី នឹងយកពេលសល់ពីការផ្អាកផលិតរឿងមាស មកផលិតសៀវភៅប្រលោមលោកវិញ ព្រោះតែលោកបានមើលឃើញថា ការប្រើប្រាស់ភាសាជាតិនឹងកាន់តែប្រឈមនាពេលខាង។ ដូច្នេះហើយ អ្នកស្រីចង់ធ្វើកិច្ចការខ្លះ ដើម្បីលើកកម្ពស់ការប្រើភាសាជាតិ ទាំងការនិយាយ សរសេរ និងអាន។

"បើយើងសង្កេតទៅ អ្នកប្រើប្រាស់ភាសាខ្មែរមានតែជំនាន់មុនខ្ញុំ ជំនាន់ខ្ញុំ តែជំនាន់ក្រោយៗទៀត កូនៗ ចៅៗ ប៉ិចឡើងម៉ែឪអោយទៅរៀនអង់គ្លេស អីចឹងគេនិយាយអង់គ្លេស សរសេរអង់គ្លេសអស់ហើយ ដូច្នេះអក្សរខ្មែរយើងនឹងបាត់ ខ្ញុំគិតថាអីចឹង...អីចឹងហើយបានខ្ញុំខិតខំកៀរគរអ្នកនិពន្ធ អ្នកសរសេរសៀវភៅក្មេងមកធ្វើប្រលោមលោក ហើយខ្ញុំធ្វើមិនមែនដើម្បីលុយ ដើម្បីសេដ្ឋកិច្ចអីទេ ព្រោះការងារនេះវាអត់មានលុយទេ គឺខ្ញុំដើម្បីលើកកម្ពស់ការអាន ភាសា និងអក្សរសាស្ត្រជាតិ!”។

អ្នកស្រីបន្តថា ភាសា និងអក្សរសាស្ត្រជាតិ គឺជារឿងសំខាន់ ពោលគឺអ្វីទាំងអស់កើតចេញពីអក្សរ ក្នុងនោះសូម្បីតែភាពយន្តដែលមានរូបភាព ក៏កើតចេញពីអក្សរដែរ។ ប្រលោមលោកទី២របស់ "ក្លឹបអ្នកនិពន្ធខ្មែរ ប៉ាកាមាស" រឿង "បើខ្ញុំជាស្រី" បានបើកសម្ពោធនៅទីតាំងរោងភាពយន្ត Major Cineplex by Smart ក្នុងផ្សារទំនើបអ៊ីអន១។

កញ្ញា កែវ មរកត ប្រធានផ្នែកទីផ្សារនៃរោងភាពយន្តទំនើបនេះ បានគាំទ្រចំពោះបេសកកម្មរបស់ប្រលោមលោក ដែលកញ្ញាយល់ថា វានឹងអំណោយផលដល់ការលើកកម្ពស់ការអាន និងបង្កើតទម្លាប់អានសៀវភៅ។ ដូច្នេះហើយ ក្នុងនាម Major Cineplex by Smart កញ្ញា ពិតជារីករាយដែលបានចូលរួមក្នុងយុទ្ធនាការនេះ ដោយបានផ្ដល់ជាទីតាំងបើកសម្ពោធនារសៀលថ្ងៃម្សិលមិញ៕

ដកស្រង់ពី៖ Sabay