បណ្តាញសង្គម

JYP និង PSY ចាប់ដៃគ្នាបង្កើតក្រុមបុរសថ្មី ២ក្រុមលំដាប់ពិភពលោក រំពឹងថានឹងកក្រើក

លោក Park Jin Young និង PSY ទើបតែបានប្រកាសពីព័ត៌មានពិសេសមួយ បង្កើតជាការភ្ញាក់ផ្អើលដល់មហាជនជាខ្លាំង។

កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ផលិតកម្ម JYP របស់ Park Jin Young និង P Nation របស់ PSY បានបង្ហើបថាពួកគេកំពុងរៀបចំបង្កើត និងបង្ហាញក្រុមថ្មី ២ក្រុមរួមគ្នា តាមរយៈកម្មវិធីប្រកួតថ្មីមានឈ្មោះថា «LOUD»។ គោលបំណងធំ គឺពួកគេចង់បង្កើតក្រុមបុរសដែលមានឥទ្ធិពលជាសាកល តាមរយៈកម្មវិធីថ្មីរបស់ទូរទស្សន៍ SBS។

មិនដូចជាកម្មវិធិប្រកួតជ្រើសរើសតារាទូទៅទេ ព្រោះថាកម្មវិធីផ្សេងៗកន្លងមកជ្រើសរើសតែអ្នកហ្វឹកហាត់ចំណូលថ្មីដែលកំពុងស្ថិតក្រោមក្រុមហ៊ុនណាមួយប៉ុណ្ណោះដែលមានសិទ្ធិចូលរួម។ ប៉ុន្តែសម្រាប់ «LOUD» វិញ បានផ្ដល់ឱកាសជាពិសេសដល់យុវជនដែលមានក្ដីស្រមៃចង់ក្លាយជាសមាជិកក្នុងក្រុមចម្រៀង។

មានតែ ២ក្រុមប៉ុណ្ណោះដែលឈ្នះពីកម្មវិធី ក៏ដូចជាជានឹងក្លាយជាអ្នកបង្ហាញភាពអស្ចារ្យនូវរសជាតិសម្ដែងផ្សេងៗគ្នាទៅតាម Concept និងអ្វីដែលក្រុមហ៊ុនទាំង ២ (JYP និង P Nation) ចង់បាន។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះដែរមិនមែនសម្លឹងមើលតែសមត្ថភាពច្រៀងរាំនោះទេ ប៉ុន្តែបេក្ខជនក៏អាចមានសមត្ថភាពខាងតែងនិពន្ធបទចម្រៀង អាចលេងឧបករណ៍តន្ត្រី ឬក៏អាចសម្ដែងជាដើម។

សូមបញ្ជាក់ផងដែរថាកម្មវិធីនេះចាប់ផ្ដើមជ្រើសរើសបេក្ខភាពពីថ្ងៃទី០២ ខែវិច្ឆិកា ហើយអ្នកដែលអាចឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងចេញមុខនៅពាក្យកណ្ដាលឆ្នាំ ២០២១៕

ដកស្រង់ពី៖ Sabay