បណ្តាញសង្គម

ចូល​សិល្បៈ​យូរយារ​ ទី​បំផុត ខេម ហ៊ាន​ចេញ​រក​ស៊ី​ហើយ ដោយ​បោះ​ទុន​ជាង​២០ម៉ឺន​ដុល្លារ​ឯណោះ

ក្រោយពីចូលសិល្បៈប្រមាណ ១០ឆ្នាំ ទើបតែពេលនេះ លោក ខេម ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានសាកល្បងចេញរកស៊ីហើយ ដោយអាជីវកម្មដំបូងមួយនេះ បានប្រើដើមទុនរហូតជាង២០ម៉ឺនដុល្លារឯណោះ។

ចំណុចគួរចាប់អារម្មណ៍ ខេម មិនបានចាប់អាជីវកម្មអចលនទ្រព្យដូចថៅកែរបស់ខ្លួនឡើយ ពោលគឺលោកបានបើកជាភោជនីយដ្ឋាន(Pub) លក្ខណៈស្តង់ដារមួយកន្លែងឈ្មោះថា "T&Y Restaurant" ដែលមានទីតាំងនៅម្ដុំវត្តសំរោងអណ្ដែត។ ខេម ប្រាប់ថា លោកបានសិក្សាពីអាជីវកម្មមួយនេះ ព្រមទាំងការជ្រើសរើសទីតាំង អស់រយៈពេលច្រើនឆ្នាំ ទើបសម្រេចនាពេលនេះ។

តារាចម្រៀងប្រុសលើកឡើងថា ទីតាំងខាងលើ គឺជាទីកន្លែងល្អមួយ ព្រោះថា ទីនោះ មានហាងច្រើន ប៉ុន្តែហាងបែប(Pub) មានBand ច្រៀងបែបនេះ មិនទាន់មាននៅឡើយទេ ដូចនេះការបើកនៅទីតាំងនេះ វាពិតជាងាយស្រួលដល់អតិថិជនដែលចង់សប្បាយបែបផាប់ មិនចាំបាច់ចូលកណ្ដាលទីក្រុងនោះទេ អាចមកកន្លែងលោកបាន។

តាមរបាយការណ៍ ខេម បានបោះទុនវិនិយោគលើអាជីវកម្មទី១មួយនេះដល់ទៅជាង ២០ម៉ឺនដុល្លារអាមេរិកឯណោះ។ ចេញរកស៊ីលើកនេះ មិនមានអ្នកណាម្នាក់ចូលហ៊ុនជាមួយឡើយ គឺលោកបើកផ្ដាច់មុខតែម្ដង ប៉ុន្តែក្នុងនោះមានការប្រឹក្សាពីបងប្រុសរបស់លោកម្នាក់ដែរ។

ខេម បានពន្យល់នៃពាក្យ T&Y Restaurant មានន័យថា (Thank you អរគុណ) ដែលពាក្យមួយនេះមនុស្សគ្រប់គ្នាតែងនិយាយជាការគួរសម។ តារាចម្រៀងល្បីឈ្មោះរូបនេះ បានពន្យល់ថា មូលហេតុដែលនាំឲ្យលោកសម្រេចចិត្តបើកភោជនីយដ្ឋាន(ផាប់) នេះ ក៏ព្រោះតែ លោកគិតថា ខ្លួនចង់មានមុខរបរបន្ទាប់បន្សំមួយក្រៅពីការងារសិល្បៈ ត្បិតអីទៅថ្ងៃអនាគតមិនអាចតែពឹងលើសិល្បៈមួយមុខបានឡើយ។

T&Y Restaurant បានបើកលក់សាលល្បងប៉ុន្មានថ្ងៃមកហើយ ឃើញថា មានការគាំទ្រច្រើន ថ្ងៃសម្ពោធជាផ្លូវការគ្រោងធ្វើនៅថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខាងនេះ។ ភ្ញៀវកិត្តិយសដែលធ្វើខួបកំណើត និងកម្មវិធីជប់លៀងផ្សេងៗ និងមានការ Discount យ៉ាងពិសេសជូនភ្ញៀវកិត្តិយសផងដែរ។

តាមរយៈការចេញមករកស៊ីលើកនេះ គេមើលឃើញថា តារាចម្រៀងមកពីខេត្តកំពង់ឆ្នាំង បានវិវត្តមួយជំហានទៀត ក្រោយពីបានក្លាយជាសមាជិកគ្រួសារ Galaxy Navatra ជាទ្រនំធំ និងកក់ក្ដៅមួយ។ យ៉ាងណា សាមីខ្លួន បញ្ជាក់ថា នេះជាការត្រៀមខ្លួនមួយ សម្រាប់ពេលអនាគតដ៏វែងឆ្ងាយ។

លោកថា លោកសម្រេចចិត្តបើកភោជនីយដ្ឋាននេះ ក៏ព្រោះតែ លោកគិតថា ខ្លួនចង់មានមុខរបរបន្ទាប់បន្សំមួយក្រៅពីការងារសិល្បៈ ត្បិតអីទៅថ្ងៃអនាគតមិនអាចតែពឹងលើសិល្បៈមួយមុខបានឡើយ៕

ដកស្រង់ពី ៖ Sabay