បណ្តាញសង្គម

ក្រុម​តារា​ចម្រៀង​ស្រី​ស្អាត “FGG” ល្បី​មាន​ខ្នង​ក្រាស់ បាន​បើក​សម្ពោធ​ឡើង​ផ្អើល!

ក្រោយពីសាយភាយដំណឹងកាលពីសប្ដាហ៍មុន ឥឡូវនេះ ក្រុមតារាចម្រៀងថ្មីថ្មោង ប្រមូលផ្ដុំដោយតារាចម្រៀងស្រីវ័យក្មេង ស្អាតៗ និងមានខ្នងក្រាស់នោះ បានបើកសម្ពោធរួចរាល់ហើយកាលពីប៉ុន្មានថ្ងៃមុននេះ។

ក្រុមតារាចម្រៀងនេះ មានឈ្មោះថា FUN Girls Group R “FGG” ដែលមានក្រុមហ៊ុនធំ FIRST UNITE NETWORKS ENTERTAINMENT CO., LTD.បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៏ ហូលឌីងគ្រុប នៅពីក្រោយ បានបើកសម្ពោធកាលពីយប់ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ព្រមជាមួយនឹងការបញ្ចេញបទចម្រៀងទី១ដែលជាស្នាដៃនិពន្ធថ្មីរបស់ក្រុមហ៊ុនផង បទនេះមានចំណងជើង “HEART BEAT” ផង។

សិល្បករល្បីៗជាច្រើន បានលេចមុខក្នុងកម្មវិធីនេះ ក្នុងនោះមានដូចជា ពិធីករ និងពិធីការនីដ៏មានប្រជាប្រិយភាព កញ្ញា ជីមមី ម៉េង និងលោក ទ្រី ដារ៉ាវុធ, កញ្ញា រឿន ណាត បវកញ្ញាចក្រវាល ២០១៨ ប្រចាំកម្ពុជា, យុវជនសុឆន្ទៈ ធុច សាឡិ, តារាបង្ហាញម៉ូតកម្ពុជា កញ្ញា កែ ច័ន្ទកេសី, តារា TiKToK ដ៏ល្បីឈ្មោះ សុខលីន, លោក ផាត់ តាផូ និងសិល្បៈករ សិល្បៈការនី ជាច្រើនរូបទៀត។

ដោយឡែកគណៈអធិបតីវិញ មានលោកជំទាវ កុច មារតី អគ្គនាយករងទូរទស្សន៏ជាតិកម្ពុជា, ព្រះនាងតូច នរោត្តម ចេនណា, អ្នកនាង អ៊ីង ស៊ែរ អគ្គនាយិការ ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន, អ្នកនាង សំណាង ពុទ្ធានី តំណាងក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន និងជាប្រធានផ្នែកទំនាក់ទំនងសាធារណៈ នឹងគ្រប់គ្រងផ្នែកប្រព័ន្ធផ្សព្វផ្សាយសង្គម។

លោកស្រី សំណាង ពុទ្ធានី តំណាងឲ្យ ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន បានលើកឡើងថា កម្មវិធីសម្ពោធនេះធ្វើឡើង គឺដើម្បីឆ្លុះបញ្ចាំងអោយឃើញថា ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន បានយកចិត្តទុកដាក់ ក្នុងការចូលរួមពង្រឹងវិស័យសិល្បៈ និងចម្រៀងរបស់ជាតិ អោយកាន់តែមានគុណភាពល្អបន្ថែមទៀត។

ជាពិសេសក្រុមហ៊ុន បានផ្តោតខ្លាំងបំផុតគឺ ការនិពន្ធនូវទំនុកចម្រៀងដែលជាស្នាដៃថ្មី មិនមានការថតចម្លង ឬយកលំនាំតាមពីបរទេស ទាំងសាច់ភ្លេង និងក្បាច់រាំ។ ក្រៅពីនេះ ក្រុមហ៊ុនក៏ចង់ជំរុញឲ្យក្រុមចម្រៀងនារីកម្ពុជាថ្មីនេះ ទទួលបាននូវឳកាសក្នុងការបញ្ចេញសមត្ថភាព ក៏ដូចជាទេពកោសល្យ ក្នុងការសម្ដែង ច្រៀង និងរាំ នៅលើឆាក ដើម្បីទទួលបាននូវការគាំទ្រ ស្រឡាញ់ និងរាប់អានពីទស្សនិកជន ក៏ដូចជាមហាជនផងដែរ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហ្វាន់ អេនធើធេនម៉ិន (FUN Entertainment) ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០នឹងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៏ ហូលឌីងគ្រុប ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបានប្រារព្ធនូវកម្មវិធីជ្រើសរើស “ធីតាឯកសង្រ្កាន្ត” ដែលជាសមិទ្ធិផលដ៏ជោគជ័យ នឹងមានមោទនៈភាពមួយ របស់ក្រុមហ៊ុន ហ្វាន់ អេនធើធិនម៉ិន កាលពីខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ។

ដោយមានការចូលរួមដាក់ពាក្យពី បេក្ខនារីទូទាំងប្រទេសរាប់ពាន់នាក់ ហើយអ្វីជាពិសេសទៅទៀតនោះ ក្រុមហ៊ុនទទួលបានការចូលរួមសហការ នឹងគាំទ្រយ៉ាងពេញទំហឹងពីក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជាថែមទៀតផង៕

ដកស្រង់ពី៖ Sabay