បណ្តាញសង្គម

Apple កែព័ត៌មានមួយអំពីសមត្ថភាពសាកថ្មរបស់ iPhone 12 mini

វិបសាយ Mac Rumors បានសង្កេតឃើញថា Apple បានធ្វើការកែសម្រួលឯកសារជំនួយទាក់ទងនឹង iPhone 12 mini អំពីសមត្ថភាពសាកថ្មជាមួយឆ្នាំងសាក MagSafe ថ្មី ដែលនឹងអាចសាកបានត្រឹមកម្លាំង 12W ខុសពី iPhone 12 ដទៃទៀតដែលគាំទ្រដល់កម្លាំង 15W។

Apple និយាយថា iPhone 12 mini អាចទទួលបានកម្លាំងសាក 12W ជាមួយដុំសាក USB-C PD ដែលមានថាមពលកម្រិត 9V/2.03A។ យ៉ាងណាក្ដីក្នុងឯកសារជំនួយបានកត់ចំណាំថាសមត្ថភាពបញ្ចូលថាមពលនៅលើ iPhone 12 ទាំងអស់ គឺខុសគ្នាទៅតាមកត្តាមួយចំនួន រួមមានសីតុណ្ហភាពទូរសព្ទ និងសកម្មភាពនៃ System។

នៅពេលដែលឧបករណ៍ប្រើឌុយ Lightning ណាមួយដោតជាប់ iPhone 12 ដែលមានដូចជា EarPods នោះឆ្នាំងសាក MagSafe នឹងកំណត់សមត្ថភាពបញ្ជូនថាមពលត្រឹម 7.5W ដើម្បីអនុវត្តន៍ទៅតាមបទបញ្ញត្តិស្តង់ដារ។ គួររំលឹកថាពេលប្រកាសចេញ MagSafe ដំណាលគ្នានឹង iPhone ជំនាន់ថ្មី Apple បានប្រាប់ថាវាអាចបញ្ជូនថាមពលសាកបាន 15W មិនបានបញ្ជាក់ថា iPhone 12 mini គាំទ្រត្រឹម 12W ខុសពីគេនោះទេ៕

ដកស្រង់ពី៖sabay