បណ្តាញសង្គម

Samsung ដូចបានបញ្ជាក់ថា Galaxy S21 នឹងចេញលឿនជាងសព្វដង

ការចេញផ្សាយជាច្រើននាពេលកន្លងមកបាននិយាយថា Samsung នឹងប្រកាសចេញ Galaxy S21 Series លឿនជាងការរំពឹងទុក។ជាធម្មតា Samsung តែងប្រកាសចេញ Galaxy S ជំនាន់ថ្មីអំឡុងកម្មវិធី Unpacked ដែលធ្វើឡើងនាខែកុម្ភៈ ឬខែមីនា។

ដោយឡែកសម្រាប់ Galaxy S21, S21+ និង S21 Ultra ដែលជាអ្នកស្នងតំណែង Galaxy S20 Series អាចនឹងប្រកាសចេញនៅក្នុងខែមករាឆ្នាំ ២០២១ និងចេញលក់ក្នុងខែតែមួយ។ពេលសួរអំពីដំណឹងចចាមអារ៉ាមនេះ នាយកជាន់ខ្ពស់របស់ Samsung បានឲ្យដឹងថាក្រុមហ៊ុនប្រហែលជាអាចនឹងផ្លាស់ប្ដូរកាលវិភាគកម្មវិធី Unpacked ដើម្បីឆ្លើយតបនឹងស្ថានភាពទីផ្សារដែលមានការប្រែប្រួលឥតឈប់។ អាចមានហេតុផលធំៗចំនួនពីរ ដែល Samsung សម្រេចចិត្តប្រកាសចេញ Galaxy S ជំនាន់ថ្មីលឿនជាងធម្មតា។

ទីមួយគឺដោយសារ Galaxy S20 ទទួលបានលទ្ធផលមិនសូវល្អដូចជាការរំពឹងទុក រួមទាំង Galaxy Note20 ផងដែរ។ ក្រុមហ៊ុនចង់ប្រកាសចេញស្មាតហ្វូន Flagship ជំនាន់ថ្មីឲ្យបានលឿនដើម្បីប៉ះប៉ូវការខាតបង់។ ទីពីរគឺដោយសារ Samsung ចង់ស្រវាអោបយកចំណែកទីផ្សាររបស់ Huawei។ ត្បិតថា Huawei បានប្រកាសចេញស្មាតហ្វូនកំពូល Mate 40 Series កាលពីពេលថ្មីៗនេះក៏ពិតមែន ប៉ុន្តែការបញ្ចេញលក់អាចនឹងមិនទូលំទូលាយនោះទេ ដោយសារសម្ពាធពីសហរដ្ឋអាមេរិក។

មានអ្នកវិភាគមួយចំនួនក៏បានបង្ហាញការជឿជាក់ថា Samsung ចង់ខ្ទប់មិនឲ្យ iPhone 12 ដណ្ដើមយកចំណែកទីផ្សារស្មាតហ្វូន Flagship តែម្នាក់ឯង ជាពិសេសគឺនៅប្រទេសកូរ៉េខាងត្បូង ដែល Apple បានចាត់ទុកជាគោលដៅទីផ្សារសំខាន់មួយ៕

ដកស្រង់ពី៖sabay