បណ្តាញសង្គម

លោក​ព្រហ្ម ម៉ា​ញ បង្រៀន​អា​យ៉ៃ​មិន​យក​ប្រាក់ ខណៈ​មិនសូវ​មាន​អ្នក​ចង់​ចេះ

រាជធានីភ្នំពេញ ៖លោកព្រហ្ម ម៉ាញ បន្ទាប់ពីបានប្រកាសបង្រៀនដោយមិនយកប្រាក់នោះមក មានអ្នកចូលហាត់រៀនលើសិល្បៈមួយនេះលើសការគ្រោងទុក

ខណៈពេលដែលសិល្បៈអាយ៉ៃគឺមានមនុស្សតិចណាស់ដែលចង់ចេះជំនាញមួយនេះ ។ លោកព្រហ្ម ម៉ាញ ឲ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា តាមការគ្រោងទុកលោកអាចនឹងទទួលយកសិស្សប្រមាណ១០នាក់ប៉ុណ្ណោះសម្រាប់ការបង្រៀនអាយ៉ៃ ប៉ុន្តែរហូតមកទល់ពេលនេះទទួលបានសិស្សជាង២០នាក់ ដែលចំនួននេះគឺលើសពីការគ្រោងទុករបស់លោក ។

យ៉ាងណាក្ដីបើតាមលោកព្រហ្ម ម៉ាញ បើទោះបីជាចំនួននេះបានលើសកំណត់មែន ប៉ុន្តែរូបលោកនៅតែព្យាយាមជួយពន្យល់ និងណែនាំអំពីសិល្បៈអាយ៉ៃដល់សិស្សជំនាន់ក្រោយ ឲ្យស្រឡាញ់សិល្បៈមួយនេះដូចជារូបលោកដែរ ។ លោកព្រហ្ម ម៉ាញ ថ្លែងថា «សមត្ថភាពខ្ញុំប៉ុនណាគឺខ្ញុំនឹងបង្រៀនប៉ុណ្ណឹង ហើយរូបខ្ញុំនឹងខិតខំស្រាវជ្រាវបន្ថែម ដើម្បីបំពេញមុខវិជ្ជា និងចូលរួមអភិរក្សលើសិល្បៈអាយ៉ៃមួយនេះឲ្យបានតរៀងរហូត ។

បច្ចុប្បន្នសិល្បៈបែបជឿនលឿន ជាពិសេសសិល្បៈបែបសម័យគឺមានការហូរចូលមកពីបរទេសមកប្រទេសកម្ពុជាគឺវាលឿនខ្លាំងណាស់ ប៉ុន្តែសម្រាប់អាស៊ីគឺមានតែប្រទេសយើងមួយប៉ុណ្ណោះដែលអាចទ្រទ្រង់សិល្បៈអាយ៉ៃនេះបាន ។ នោះគឺយើងពិតជាមានមោទនភាពសម្រាប់ដូនតាខ្មែរយើងដែលបានបន្សល់សិល្បៈបុរាណនេះមក »។

លោកព្រហ្ម ម៉ាញ ថា តាំងពីបុរាណមកអាយ៉ៃគឺមិនមានសាលាសម្រាប់រៀននោះឡើយ ពោលភាគច្រើនពួកគាត់ចេះតាមគ្នា ហើយការច្រៀងគឺពួកគាត់កែច្នៃ ភ្លាមៗពេលឡើងសម្តែងនៅលើឆាក ម្តងៗ ។ ប៉ុន្តែឥឡូវនេះលោកបានបើកជាសាលាបង្រៀន ដោយមានការប្រុងប្រយ័ត្នជាមួយពាក្យពេចន៍បែបលែបខាយតាំងពីបុរាណខ្លះ និងច្នៃប្រឌិតថ្មីខ្លះ ខណៈពេលដែលខ្លឹមសារគឺទាមទារឲ្យសិស្សទាំងអស់ហាត់ទន្ទេញដោយស្ទាត់មាត់ រួមបញ្ចូលនឹងន័យពីរោះដែលគេអាចចូលចិត្តស្តាប់បាន ។

បើតាមលោកព្រហ្ម ម៉ាញ ឆ្លងកាត់ការបង្រៀនរបស់លោករយៈពេលប៉ុន្មានខែមកនេះ ឃើញថា កូនសិស្សរបស់លោកភាគច្រើនគឺមានភាពជឿនលឿនខ្លាំងគួរសម ហើយលោកបាននាំសិស្សខ្លះឡើងសម្តែងតាមកញ្ចក់ទូរទស្សន៍រួចហើយ ខណៈពេលដែលសិស្សបន្តបន្ទាប់ទៀតគឺរង់ចាំតែឱកាសនៃការហៅច្រៀងសាកល្បងប៉ុណ្ណោះ ។

សិល្បករជើងចាស់ដ៏មានទេពកោសល្យ ល្អ និងបទពិសោធន៍ ទទួលបានការគាំទ្រខ្លាំង លោកព្រហ្ម ម៉ាញ កំពុងធ្វើឲ្យទស្សនិកជនកោតសរសើរខ្លាំងតាមរយៈសកម្មភាព ដែលបង្ហាញពីទឹកចិត្តស្រឡាញ់ និងគំរូដ៏ល្អ ដោយលោកបានបង្កើតសាលាបង្រៀនផ្នែកសិល្បៈបុរាណ អាយ៉ៃ និងចម្រៀងភ្លេងការ ដោយឥតគិតថ្លៃ ដល់កូនខ្មែរជំនាន់ក្រោយ ដែលចង់សិក្សាក៏ដូចជាដើម្បីចូលរួមថែរក្សា និងលើកស្ទួយសិល្បៈបុរាណខ្មែរ ។

លោកព្រហ្ម ម៉ាញ បានបើកថ្នាក់បង្រៀនអាយ៉ៃ ចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩មក ដែលទីតាំងបង្រៀន គឺស្ថិតក្នុងបុរី KC ជិតវត្តតាំងក្រសាំង បុរី KC សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ការបើកសាលាបង្រៀននេះ គឺមិនគិតប្រាក់កម្រៃពីសិស្ស ដែលមានបំណងមករៀនសិល្បៈបុរាណដ៏កម្រមួយនេះឡើយ ។

មិនត្រឹមតែប៉ុណ្ណោះសម្រាប់សិស្សពីបណ្តាខេត្ត លោកព្រហ្ម ម៉ាញ ក៏មានកន្លែងស្នាក់នៅ និងបាយទឹកដោយមិនគិតថ្លៃ ក៏ប៉ុន្តែលុះត្រាសិស្សនោះមានការអត់ធ្មត់ ក្នុងការរៀនសូត្រដែរ ។ ការបើកបង្រៀនដោយមិនគិតប្រាក់កម្រៃបែបនេះរបស់លោកព្រហ្ម ម៉ាញ គឺក្នុងគោលបំណងចង់បណ្ដុះគំនិតឲ្យកូនខ្មែរជំនាន់ក្រោយមានទឹកចិត្តស្រឡាញ់ ក៏ដូចជាចូលរួមថែរក្សាឲ្យគង់វង្ស និងលើកស្ទួយសិល្បៈដ៏ចំណាស់របស់ខ្មែរ ឲ្យមានការរីកចម្រើន ជាពិសេសសិល្បៈអាយ៉ៃ ដែលមិនសូវមានអ្នកចេះច្រើននោះឡើយ ។

លោកបញ្ជាក់ថា លោកនឹងខិតខំផ្ទេរចំណេះដឹងដែលលោកមានលើសិល្បៈអាយ៉ៃនេះដល់អ្នកជំនាន់ក្រោយឲ្យបានចេះចាំ ដើម្បីបន្សល់ទុកជាស្នាដៃ និងអភរិក្សសិល្បៈមួយនេះឲ្យបានស្ថិតស្ថិរគង់វង្សជាច្រើនឆ្នាំបន្តទៀត មុនពេលដែលលោកលាចាកលោកនេះទៅ ៕

ដកស្រង់ពី៖កោះសន្ដិភាព