បណ្តាញសង្គម

វង្ស ម៉ា​លី​ន ម្ចាស់​ជ័យ​លា​ភី​លេខ​១​មិន​អស់​ចិត្ត ចង់​ប្រកួត​ជា​ថ្មី

រាជធានីភ្នំពេញ ៖វង្ស ម៉ាលីន ម្ចាស់ជ័យលាភីលេខ១កម្មវិធីចម្រៀងខ្មែរជាសាកល មិនអស់ចិត្ត ចង់ចូលរួមប្រឡងចម្រៀង ម្តងទៀតក្នុងកម្មវិធី ធំៗដែលនៅកម្ពុជា ។

កាលពីពេល ថ្មីៗកន្លងមកវង្ស ម៉ាលីន បានបង្ហាញបំណងដាក់ពាក្យចូលរួមប្រឡង ចម្រៀងជាថ្មីក្នុងកម្មវិធីលំដាប់ពិភពលោកក្នុងនាមតំណាងខ្មែរមកពីប្រទេសកាណាដា ។ តារាចម្រៀងវង្ស ម៉ាលីន ជាម្ចាស់ជ័យលាភីលេខ១នៃកម្មវិធីប្រឡងចម្រៀងខ្មែរជាសាកលឆ្នាំ២០១៩ ។

នាងជាបេក្ខនារីមកពីប្រទេសកាណាដា ដែលមានទឹកដមសំឡេងពីរោះរណ្តំ ។ នោះជាឱកាសដែលធ្វើឲ្យកេរ្តិ៍ឈ្មោះនាងលេចត្រដែតឡើង ។ ទោះជាយ៉ាងណាក្ដីពេលនេះម៉ាលីន ចង់ដាក់ពាក្យប្រកួតចម្រៀងលក្ខណៈលំដាប់ពិភពលោកដែលកម្ពុជាបានរៀបចំម្ដងទៀត ។ នាងនិយាយថា «មាន ប្អូនៗជាច្រើនដែលស្នេហាវិស័យសិល្បៈរមែងចង់ចូលរួមប្រកួតប្រជែងលើវេទិកា ធំៗ ។ ម្ល៉ោះហើយបើទោះជាកម្មវិធីតម្រូវឲ្យឆ្លងកាត់ឧបសគ្គ លំបាកៗបែបណាក៏ស៊ូទ្រាំឲ្យដល់គោលដៅ ។ ដោយសារហេតុផលមើលឃើញអ្នកដែលជាប់ជ័យលាភីមានអនាគតច្រើនលើការពង្រីកទីផ្សារការងារ និងឥទ្ឋិពលវិស័យសិល្បៈ ពិសេសប្រាក់ចំណូលក៏ឃើញថាមានភាពខុសប្លែកឆ្ងាយជាងកាលពីច្រើនឆ្នាំមុនផងដែរ ដូច្នេះទើបខ្ញុំចង់ចូលប្រលងជាថ្មី។

ខ្ញុំចង់សម្រេចបំណងស្រមៃមួយទៀត គឺការប្រឡងចម្រៀងលំដាប់ពិភពលោក ដូចជាខេមបូឌាអាយឌល ឬឌឹវ៉យខេមបូឌា ។ទាំងនេះជាអ្វីដែលនាងខ្ញុំចង់សាកល្បង ដើម្បីឲ្យដឹងថាការប្រឡង លំបាកៗនៃចម្រៀង នាងខ្ញុំអាចធ្វើបានដែរ ឬយ៉ាងណា »។

វង្ស ម៉ាលីន បន្តថា ម្យ៉ាងនាងចង់ចាប់ឱកាសឲ្យគេឯងមើលឃើញបន្តទៀតថាតើនាងអាចធ្វើបានកម្រិតណា ។ លើសពីនេះកម្មវិធី ល្បីៗទាំងនោះរឹតតែធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងឡើងសម្រាប់អ្នកដែលបានមកដាក់ពាក្យប្រកួត ។ រស់នៅឯបរទេសវង្ស ម៉ាលីន មើលឃើញថា ពន្លកសិល្បៈជំនាន់នេះក្លាហានណាស់ និងមានទឹកដមសំឡេងល្អ ។

វង្ស ម៉ាលីន រស់នៅប្រទេសកាណាដា ហើយអាក់ខានសម្តែងក្នុងកម្មវិធីនានា ព្រោះតែជំងឺកូវីដ ។ នាងថាក្រោយជាប់លេខ១មក បានធ្វើឲ្យជនរួមជាតិខ្មែរនៅបរទេសចង់ស្តាប់នាងច្រៀង ជាពិសេសអ្នកនៅតាមរដ្ឋនានា របស់សហរដ្ឋអាមេរិក ។ ទោះជាយ៉ាងណាក្ដីនាងមិនអាចបំពេញបំណងពួកគេបានព្រោះតែកូវីដ ។

ខកខាននាពេលនេះ តែនាងនឹងរៀបចំគម្រោងច្រៀងឡើងវិញនៅរដ្ឋនានាក្រោយស្ងបកូវីដ់ ។ មិនតែប៉ុណ្ណោះនាងមានគម្រោងមកលេង និងសម្តែងនៅកម្ពុជាផងដែរទីដែលនាងនឹករឭកជាងគេ ។ វង្ស ម៉ាលីន ថ្វីបើវ័យច្រើនបន្តិចហើយក្ដី តែមិនទាន់បើកបេះដូងទទួលយកស្នេហាពីបុរសណាទេ ។

នាងចង់រស់នៅជាលក្ខណៈឯករាជ្យឲ្យបានយូរ ព្រមទាំងខំសន្សំលុយទុកខ្លួនឯងផង និងដើម្បីជួយដល់សាច់ញាតិនៅស្រុកខ្មែរផង ៕

ដកស្រង់ពី៖កោះសន្ដិភាព