បណ្តាញសង្គម

ឪពុក Song Joongki និយាយថាការលែងលះរបស់កូនៗ ជាកំហុសលោក​ និង​កូនប្រុស

ឪពុករបស់ Song Joong Ki គឺលោក Song Yong Gak បានបង្ហាញសារមួយទៅកាន់មិត្តភ័ក្ដិរបស់ខ្លួនខ្ទង់ ៨ថ្ងៃ ក្រោយដំណឹងចែកផ្លូវរវាងអតីតប្ដីប្រពន្ធ Song Joong Ki និង Song Hye Kyo បែកធ្លាយ។ក្នុងសារនោះ លោកបានសុំទោស និងសោកស្ដាយជាខ្លាំងចំពោះការបែកបាក់នេះ ហើយក៏បានបន្ទោសខ្លួនឯង និងកូនប្រុសនូវរាល់គ្រប់យ៉ាងដែលបានកើតឡើង។

«ខ្ញុំសោកស្ដាយណាស់ចំពោះព័ត៌មានអាក្រក់ដែលបានកើតឡើងភ្លាមៗនេះវាហាក់ដូចជាអ្វីគ្រប់យ៉ាងកើតឡើង ដោយសារតែ Joong Ki និងខ្ញុំខ្វះការគិតវែងឆ្ងាយ។ យើងនឹងចាត់ចែងដោះស្រាយបញ្ចប់ដោយសន្តិវិធី។ សូមផ្ដល់នូវការលើកទឹកចិត្ត និងណែនាំបន្ថែម ក៏ដូចជាមើលថែ យោគយល់ ដល់ពួកយើងផង។ សូមមានសុខភាពល្អ និងរីករាយ»។

នេះជាអ្វីដែលលោក Song Yong Gak សរសេរក្នុងសារ។ លោកឪពុករូបនេះ គឺជាអ្នកដែលបានគាំទ្រ និងផ្ដល់ក្ដីស្រឡាញ់ចំពោះ Song Hye Kyo។លោកថែមទាំងធ្លាប់ផ្ញើសារទៅកាន់មិត្តភ័ក្តិ ដើម្បីឲ្យមើលរឿង «Encounter» របស់ Hye Kyo ទៀត។រម្លឹកទៅពេលកើតរឿងភ្លាមៗ លោក Song ពិតជាមិនបានដឹងទាល់តែសោះពីការឈានទៅរកការបែកបាក់រវាងកូនៗទាំង ២ រហូតព័ត៌មានចេញផ្សាយ ទើបលោកភ្ញាក់ផ្អើល ប៉ុន្តែនៅតែមានបណ្ដាញផ្សព្វផ្សាយខ្លះលើកឡើងថាការពិតលោកដឹងតាំងពីយូរមកហើយ។

ប្រភពទាំងនោះបង្ហើបថា លោក Song បានចេញទៅផឹកនៅក្រៅជាមួយមិត្តភក្តិ មុនព័ត៌មានលែងលះចេញផ្សាយ ហើយក៏ឲ្យដឹងដែរថាលោកមិននិយាយអ្វីច្រើនទេពេលនោះ ហើយថែមទាំងផឹកច្រើនឆ្ងាយជាងរាល់ដង ហើយទង្វើប្លែកៗខុសធម្មតាទៀត៕

ដកស្រង់ពី៖ សប្បាយ