បណ្តាញសង្គម

ហ៊ាន​ចេញ​មុខ​រកស៊ី​ភ្លាម ខេម បង្ហើបពី​គម្រោងរៀបការជាមួយ​អាណិកជន​ខ្មែរ​រស់នៅ​បារាំង​ភ្លែតហ្មង!

ក្រោយប្រឡូកក្នុងអាជីពសិល្បៈជិត១៣ឆ្នាំ លោក ខេម

អះអាងថា រូបលោកមានលទ្ធភាពសន្សំប្រាក់បានជិត២០ម៉ឺនដុល្លារ ដើម្បីបើកមុខរបររកស៊ីមួយ ដោយមិនចាំបាច់មានភាគហ៊ុន ឬជំនួយពីសង្សាររបស់លោកដែលជាអាណិកជននោះឡើយ។

នៅក្នុងឱកាសដែលខេម បើកសម្ពោធភោជនដ្ឋានរកស៊ីផ្ទាល់ខ្លួនមួយឈ្មោះ T&Y នៅលើទីតាំងជួលគេមួយស្ថិតនៅជិតវត្តសំរោងអណ្ដែត ខណ្ឌសែនសុខ កាលពីយប់មិញ លោក និយាយថា មកដល់វ័យនេះហើយ គឺសមល្មមនឹងលោកត្រូវមានមុខរបរផ្ទាល់ខ្លួនបន្ថែមពីលើអាជីពសិល្បៈ ហើយក៏ដល់ពេលដែលត្រូវគិតគូររឿងគូស្រករដែរ ដើម្បីបង្កើតគ្រួសារកក់ក្ដៅមួយ។

ខេម៖"គាត់(សង្សារ) ជាអាណិកជនខ្មែររស់នៅប្រទេសបារាំង យើងបានជួប និងស្រឡាញ់គ្នាកាលខ្ញុំទៅច្រៀងនៅហ្នឹង។ ពេលរៀបការហើយច្បាស់ជារស់នៅស្រុកខ្មែរហើយ តែគាត់មានគ្រួសារនៅបារាំង ខ្ញុំត្រូវនាំគាត់ឡើងចុះដែរ"។

លោក ខេម ដែលជាអតីតតារាចម្រៀងសំឡេងស្អកនៅផលិតកម្មថោន ហើយទើបផ្លាស់ទ្រនំទៅផលិតកម្មហ្គាឡាក់ស៊ីវិញ កាលពីពាក់កណ្ដាលឆ្នាំ២០២០ បានបន្ថែមថា បើអាជីវកម្មក្រៅសិល្បៈលើកដំបូងនេះជោគជ័យ នោះដំណឹងល្អពីរឿងអាពាហ៍ពិពាហ៍របស់លោកក៏កាន់តែឆាប់ដែរ ព្រោះលោក និងនារីម្នាក់នោះបានមើលចិត្តថ្លើមគ្នាយូរហើយ ហើយនាងក៏កំពុងមានវត្តមាននៅកម្ពុជាជាង១ឆ្នាំហើយដែរ។

ទោះជាយ៉ាងណាលោក ខេម បានបញ្ជាក់ម្ដងហើយម្ដងទៀតថា ការបើកមុខរបរថ្មីនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់លោក និងបងៗ ដោយប្រើទុនផ្ទាល់ដែលលោកខំសន្សំវាជាង១០ឆ្នាំមកហើយនោះ៕

ដកស្រង់ពី៖ Sabay