បណ្តាញសង្គម

សួន ច​ន្ថា ប្រាប់​គន្លឹះ​វ័យ​ច្រើន​ហើយ​នៅ​តែ​ទទួល​បាន​ឱកាស​ការងារ

រាជធានីភ្នំពេញ ៖មកទល់ពេលនេះ អ្នកស្រីសួន ចន្ថា នៅតែចាប់អាជីពចម្រៀងដូចពីមុន ដោយមិនទាន់ងាកចេញទៅណាទេ ទោះវ័យកាន់តែច្រើន ហើយមានអ្នកស្រករក្រោយច្រើនក្ដី ។

អ្នកស្រីនៅតែទទួលបានឱកាសចេញសម្តែងជាប្រចាំនៅតាមបណ្តាស្ថានីយទូរទស្សន៍ និងនៅតាមកម្មវិធីជប់លៀង ឬមង្គលការ ផ្សេងៗ។ នៅតែមានការងារជាបន្តបន្ទាប់ដោយសារ តែទឹកដមសំឡេងរបស់អ្នកស្រីសួន ចន្ថា នៅតែពីរោះ ។ កាលពីពេល ថ្មីៗកន្លងមកអ្នកស្រីសួន ចន្ថា ថ្លែងថា «ខ្ញុំមានភាពរីករាយក្នុងចិត្តជាអនេកនៅពេលដែលអាជីពចម្រៀងរបស់ខ្ញុំចាប់យកអស់ច្រើនឆ្នាំនៅតែមានអ្នកស្រឡាញ់ចូលចិត្ត ។

ទាំងអស់នេះកើតចេញពីយើងខ្លួនឯងភាគច្រើន ទី១យើងគោរពពេលវេលា ឲ្យតម្លៃការងារ ចេះឲ្យតម្លៃមហាជន ដោយញញឹមរួសរាយរាក់ទាក់មិនឆ្មើង ។ ខ្ញុំពិតជាចង់បន្តការងារសិល្បៈនេះដដែល បើទោះវ័យយើងមិនដូចមុន ។ ម្ល៉ោះហើយពេលសម្រាកពីការងារឆ្លៀតហាត់ប្រាណ ឬបំពេញការងារជាស្ត្រីមេផ្ទះ ។

មានតែមុខរបរចម្រៀងមួយមុខនេះទេ ជាឆ្នាំងបាយពិសេសបំផុតសម្រាប់ខ្ញុំ និងស្វាមីដែលជួយគ្នាទៅវិញទៅមក ។ លើសពីនេះខ្ញុំមានតែការប្រឹងប្រែងតទៅទៀតដោយសារមានការទទូចចង់ឲ្យខ្ញុំសម្តែងដដែល ។ ម្យ៉ាងខំប្រឹងដើម្បីឲ្យបានប្រាក់ចំណូល ព្រោះមួយរយៈមុនចំរដូវភ្ជុំស្វាមីខ្ញុំឈឺ ភ្លាមៗដល់ថ្នាក់សង្គ្រោះបន្ទាន់ ។

មួយប៉ប្រិចភ្នែក ចំណាយថ្លៃព្យាបាលច្រើន »។ អ្នកស្រីសួន ចន្ថា ដែលពេលនេះបានក្លាយជាយាយគេ គឺមានចៅម្នាក់ហើយនោះថ្លែងបន្តថា «ខ្ញុំមានតែពាក្យអរគុណដល់ទស្សនិកជន ផលិតកម្ម ផ្សេងៗ ស្ថានីយទូរទស្សន៍នានា និងក្រុមការងារច្រៀងតាមកម្មវិធីការ ទាំងអស់បានផ្តល់ការងារឲ្យរហូត ។ នេះជាការឲ្យតម្លៃ និងការពារអ្នកចម្រៀង ចាស់ៗកុំឲ្យបាត់មុខ ។ រីឯ ប្អូនៗតារារលកក្រោយទាន់ឱកាសការងារមានច្រើនសម្បូរហាងផឹកស៊ី ពេលច្រៀងត្រូវខំធ្វើការឬទៅសម្តែងតាមប៉ុស្តិ៍ចេះមាន វិន័យ គោរពចាស់ទុំរៀមច្បង គោរពម៉ោងពេល ។

ពេលរកលុយបានត្រូវចេះសន្សំទុកដាក់ឲ្យល្អការពារថ្ងៃក្រោយ មានហានិភ័យមិនសូវស្លុតអារម្មណ៍។ ពោលគឺមិនត្រូវខ្ជះខ្ជាយលុយកាក់ពេលយើងរកបាននោះឡើយ ។ អតីតកាលអ្នកស្រីសួន ចន្ថា ធ្លាប់ចូលរួមប្រឡងចម្រៀងជាប់ចំណាត់ថ្នាក់លេខ១ នៅខេត្តបាត់ដំបង ដោយឆ្លងកាត់ការប្រកួតច្រើនជុំ។

ជាអ្វីដែលខ្លួនស្រឡាញ់អ្នកស្រីសួន ចន្ថា បានចាប់យកងារជាអ្នកសិល្បៈតាំងពីប្រឡងជាប់ជ័យលាភីនោះមក ។ ពីដំបូងអ្នកស្រីសម្រេចចិត្តច្រៀងនៅខេត្តក្នុងវង់តន្ត្រីមួយ ។ ទោះជាយ៉ាងណាក្ដីចង់បានឱកាសពង្រីកកេរ្តិ៍ឈ្មោះអ្នកស្រីបានមករកកន្លែងច្រៀងនៅភ្នំពេញគឺច្រៀងនៅតាមហាង ។

ដោយសារអំណោយផលទឹកដមសំឡេង អ្នកស្រីទទួលបានឱកាសល្អ ដោយត្រូវផលិតករតាមទូរទស្សន៍ទាក់ទងឲ្យឡើងលើឆាកតន្ត្រីជាបន្តបន្ទាប់ ។ បន្តិចម្ដងៗអ្នកស្រីបានពង្រីកកេរ្តិ៍ឈ្មោះនៅក្នុងវិស័យផលិតកម្មចម្រៀង ។ បទចម្រៀងដែលធ្វើឲ្យគេស្គាល់សួន ចន្ថា គឺបទ«រាំចង្វាក់មីហ្គាឌិន» ។

បទនេះហើយស្ទួយសួន ចន្ថា អណ្ដែតឡើងលើវេហាសិល្បៈ ។ ក្រោយមកបានច្រៀងឲ្យផលិតកម្មហង្សមាស ផលិតកម្មនៅក្រៅស្រុករៃមាសតោមាស និងផលិតកម្មបុប្ឋាជាដើម ៕

ដកស្រង់ពី៖ កោះសន្ដិភាព