បណ្តាញសង្គម

Poco M3 តម្លៃត្រឹម ១២៩ដុល្លារ មានញាត់ថ្មទំហំដល់ ៦០០០mAh

ស្មាតហ្វូនតម្លៃធូរថ្លៃទីបីរបស់ Poco ដែលជាម៉ាកសាខាបំបែកខ្លួនចេញពី Xiaomi បានប្រកាសចេញជាផ្លូវការ ជាមួយរូបរាងដ៏ទាក់ទាញ និងមានបំពាក់គ្រឿងក្នុងខ្លាំងៗជាច្រើនសម្រាប់តម្លៃត្រឹម ១២៩ដុល្លារប៉ុណ្ណោះនៅទីផ្សារបរទេស។

Poco M3 មានបំពាក់ថ្មទំហំ ៦០០០mAh ដែលជាចំណុចសំខាន់មួយនៃស្មាតហ្វូន។ វាមានគាំទ្រការសាកថ្មល្បឿន ១៨វ៉ាត់ និងអាចសាកបញ្ចូលថ្មឲ្យឧបករណ៍ដទៃទៀតក្នុងល្បឿន ១៨វ៉ាត់ បានដូចគ្នាពេលប្រើប្រាស់ខ្សែសាកដែលត្រឹមត្រូវ។

Poco បានអះអាងថា Poco M3 អាចប្រើប្រាស់បានធម្មតាបានរហូតដល់ ៥ថ្ងៃ, អាចប្រើប្រាស់ក្នុងកម្រិតបង្គួរបានរយៈពេល៣ថ្ងៃ និងប្រើប្រាស់បែបខ្លាំងក្លា (ដូចជាលេងហ្គេម ឬមើលវីដេអូជាប់យូរម៉ោង) បានមួយថ្ងៃកន្លះ។

មិនតែប៉ុណ្ណោះថ្មរបស់វាមិនងាយធ្លាក់គុណភាពនោះទេ ដោយ Poco អះអាងថាអាចទ្រាំទ្រនឹងការប្រើប្រាស់រយៈពេល ២ឆ្នាំកន្លះ ដោយមិនថយចុះសមត្ថភាពកាន់ថ្ម។នៅផ្នែកខាងមុខមានបំពាក់នូវអេក្រង់ LCD ទំហំ ៦,៥៣អ៊ីញ ដែលអាចបង្ហាញរូបភាពបានកម្រិត FHD+ និងមាន Refresh Rate 60Hz ហើយការពារដោយកញ្ចក់ Gorilla Glass 3។

អេក្រង់នេះដែរមានប្រើរចនាបថក្បាលឆកតំណក់ទឹក សម្រាប់ផ្ទុកកាមេរ៉ា Selfie ទំហំ ៨MP។នៅផ្នែកខាងក្រោយគឺមានបំពាក់កាមេរ៉ាចំនួនបីគ្រាប់ ដែលកាមេរ៉ាមេទំហំ ៤៨MP មាន Aperture f/1.79។ កាមេរ៉ាពីរទៀតមានទំហំ ២MP ដូចគ្នា និងមាន Aperture f/2.4 ដូចគ្នា ដោយមួយជាកាមេរ៉ា Macro និងមួយទៀតជាកាមេរ៉ាវាស់ជម្រៅ។

នៅផ្នែកខាងក្នុងឯណោះមានប្រើប្រាស់នូវបន្ទះឈីប Snapdragon 662 គួបផ្សំនឹង RAM ទំហំ ៤GB និងមានជម្រើសអង្គផ្ទុកទំហំ ៦៤GB ឬ ១២៨GB។ វាក៏មាននូវរន្ធបញ្ចេញសំឡេង Stereo, ទ្រនាប់ស្កេនម្រាមដៃនៅផ្នែកចំហៀង និងមាន IR Blaster ទៀតផង។Poco M3 មានដាក់លក់នៅសហរដ្ឋអាមេរិកនៅថ្ងៃទី២៧ ខែវិច្ឆិកា ហើយដោយសារចំថ្ងៃ Black Friday ទើបមានការបញ្ចុះតម្លៃនៅសល់ត្រឹម ១២៩ដុល្លារសម្រាប់ទំហំ ៦៤GB និងតម្លៃ ១៤៩ដុល្លារសម្រាប់ទំហំ ១២៨GB។ ក្រោយចប់ការបញ្ចុះតម្លៃនេះ នឹងនៅសល់តម្លៃ ១៤៩ដុល្លារ និង ១៦៩ដុល្លារ៕

ដកស្រង់ពី៖sabay