ថ្មីទៀតហើយ បន្ទាប់ពីបានបញ្ចេញវីដេអូចម្រៀងថ្មីកាលពីចុងខែមុន ឥឡូវនេះ តន់ ច័ន្ទសីម៉ា បានចេញវីដេអូចម្រៀងថ្មីមួយទៀតហើយ គឺបទ "ស្នេហ៍នៅក្រៅផ្លូវការ"។
បទចម្រៀងនេះ ត្រូវបានចេញជាវីដេអូសំឡេង(Video Audio) កាលពី៤ខែមុន ដោយច្រៀងព្រមគ្នាជាមួយលោក វង្ស ថាណាន់(បទតែ១ច្រៀងពីរនាក់)។ វេលានោះ បទទាំងពីរទទួលបានការគាំទ្រយ៉ាងគំហុក។ ដូច្នេះហើយ ក្នុងរយៈពេលខាងលើ បទមនោសញ្ចេតនាស្នេហាមួយនេះ ទទួលបានអ្នកចូលស្ដាប់ចំនួន ១០លានដងហើយគិតមកដល់បច្ចុប្បន្ន។
ហេតុផលដូចគ្នានេះ ប្រិយមិត្តរបស់តារាចម្រៀង និងផលិតកម្ម Galaxy Navatra ប្រាថ្នាចង់ឃើញវីដេអូចម្រៀងបទនេះចេញផ្លូវការ ហើយទីបំផុតការទន្ទឹងរបស់ប្រិយមិត្តនោះបានសម្រេចនៅព្រឹកថ្ងៃនេះ។ វីដេអូចម្រៀង "ស្នេហ៍ក្រៅផ្លូវការ" របស់ សីម៉ា ទើបចេញប្រមាណ៣ម៉ោងមុននេះ។ ចំណុចគួរចាប់អារម្មណ៍ ផលិតកម្មមួយនេះ រមែងបញ្ចេញតួសម្ដែងប្រុសស្រីវ័យក្មេងស្អាតៗតែម្ដង។
នៅក្នុងបទខាងលើនេះក៏ដូចគ្នា គេឃើញតួឯកស្រី វ័យក្មេង ហើយសម្រស់ក៏ស្រស់ស្អាតមិនធម្មតា។ លោក យឹម តាស្រង់ នាយកគ្រប់គ្រង ធ្លាប់បានលើកឡើងថា ផលិតកម្មលោកចង់លើកកម្ពស់ និងផ្ដល់ឱកាសដល់យុវវ័យដែលមានទេពកោសល្យ ទើបរាល់បទថ្មីរបស់លោក តែងប្ដូរមុខតួសម្ដែងរហូត។
ពិសេស គឺពួកគេសុទ្ធវ័យក្មេង ស្អាតៗ សង្ហារៗ ព្រមទាំងមានទេពកោសល្យតែម្ដង។
តោះ...ទស្សនា និងស្ដាប់ទាំងអស់គ្នា!
ដកស្រង់ពី៖ Sabay