បណ្តាញសង្គម

ផ្អើល​ពិភព​សិល្បៈ! ​​នារី​ម្នាក់​រិះ​គន់​មាស សុខ​សោភា​យ៉ាង​ចាស់​ដៃ

រាជធានីភ្នំពេញ ៖ អ្នកសិល្បៈជាបន្តបន្ទាប់បាននាំគ្នាប្រតិកម្មតបនឹងបានការពារភាពត្រឹមត្រូវទៅកាន់នារីម្នាក់ដែលបានធ្វើការរិះគន់មកលើតារាចម្រៀង មាស សុខសោភា ដោយអះអាងថា តារាចម្រៀងរូបនេះមានអត្តចរឹតឆ្មើងឆ្មៃ។

បើតាមសារព័ត៌មាននៅស្រុកមួយបានធ្វើការចុះផ្សាយពាក់ព័ន្ធទៅនឹងនារីម្នាក់បានធ្វើការរិះគន់ទៅលើ មាស សុខសោភា ថា មានអត្តចរឹតឆ្មើងឆ្មៃ និងវាយឫក។ ហើយនៅលើបណ្ដាញសង្គម Tik Tok ក៏មាននារីម្នាក់ឈ្មោះ ស្រីមុច បានធ្វើការបង្ហោះនូវឃ្លីបវីដេអូខ្លីមួយទាំងហួសចិត្ត និងក្ដៅស្លឹកត្រចៀក ដោយរៀបរាប់ទម្លាយពីអត្តចរិតរបស់តារាចម្រៀងល្បីកញ្ញា មាស សុខសោភា ពេលជួបផ្ទាល់ថា «ជាមនុស្សគ្មានភាពរាក់ទាក់ មិនគួរឲ្យគោរព និងឲ្យតម្លៃ»។

ដោយនារីខាងលើបានបន្ថែមដោយពាក្យសម្ដីបញ្ជាក់ច្បាស់ៗថា «បានជួបផ្ទាល់នៅភ្នំគូលែន ឫកណាស់ ឈ្លើយណាស់ រើសអើងណាស់ ស្គាល់ច្បាស់ថា ជា មាស សុខសោភា ថាមិនច្រឡំទេ រាក់ទាក់សុំគេថតជាមួយ គេធ្វើឫកសោះអង្គើយ គេថាថតមិនបានទេ»។ ការលើឡើងខាងលើនេះ បានធ្វើតារាមួយចំនួនដែលស្គាល់ និងរាប់អាន មាស សុខសោភា បាននាំគ្នាចេញមកប្រតិកម្ម និងការពារភាពត្រឹមត្រូវរបស់នាង និងបានចាត់ទុកការលើកឡើងពីនារីខាងលើនេះថា គ្មានមូលដ្ឋានច្បាស់លាស់។

តារាចម្រៀង និងសម្តែងនាង សូដា នីតា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ឈ្មោះភាណាមិនដឹងទេថាឫក តែភានេះ (មាស សុខសោភា ) មិនឫកទេ ព្រោះខ្ញុំស្គាល់តាំងពីអាភាមិនទាន់ចូលសិល្បៈមកម្ល៉េះ ខ្ញុំស្គាល់១គ្រួសារតែម្តង ជួបម្តងណាក៏ហៅ តេទៅម្តងណាក៏លើកដែរ»។

ចំណែកតារាសម្តែង និងពិធីការិនីនាង ឌួង ហ្ស៊ូរីដា ក៏បានលើឡើងដែរថា «អាភាមិនមែនជាមនុស្សបែបហ្នឹងទេ…! អ្នកចំរៀងស្រុកខ្មែរជំនាន់ក្រោយ គឺអាភា ជា Idol ដែលមានចរឹតល្អ មិនចេះវ៉ៃរឹត អញ្ចើញទៅច្រៀងក៏មិនចេះមានអ្នកហែហមរញ៉េរញ៉ៃច្រើន សាមញ្ញៗ ហើយពូកែតែញញឹម រួសរាយរាក់ទាក់…! ។ នាងបញ្ជាក់ថា «អ្វីដែលគាត់និយាយខុសទាំងអស់…! ខ្ញុំមិនស្គាល់គាត់ទេ ប៉ុន្តែខ្ញុំស្គាល់ និងឃើញអាភាតាំងពីមិនទាន់ល្បីខ្លាំង រហូតដល់គាត់ដល់ចំណុចនេះ គឺដូចមិនប្រួលប្រែដូចអ្នកចម្រៀងផ្សេងទេ ព្រោះខ្ញុំធ្លាប់ជាពិធីការិនីលើឆាកតន្ត្រីជាង១០ឆ្នាំតាមខេត្ត និងលើឆាកធំៗតែងតែជួបតារាចម្រៀងគ្រប់ស្រទាប់ទាំងអស់ហើយ» ។

ដោយឡែក ប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ចន្ទលក្ខិណា ក៏បានបង្ហោះតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនផងដែរថា «ស្តាប់គាត់និយាយដូចមិនយល់សោះ និយាយចុះនិយាយឡើង គឺដូចលើកខ្លួនឯង និងស្តាប់យូរៗទៅគាត់ហាក់មិនពេញចិត្តទាំងក្រុមតែម្តង»។

នាងបញ្ជាក់ថា «មិនមែនតែប្អូន មាស សុខសោភាម្នាក់ទេ គាត់និយាយត្រង់ចំណុចគេកន្លងបាយម្ហូបរបស់គាត់ គឺដូចមិនសមហេតុសមផលសោះ គ្មានមនុស្សណាអត់សុជីវធម៌ដល់ថ្នាក់ណឹងទេ ហើយកន្លែងអង្គុយញាំបាយនៅភ្នំគូលែន តាមដឹងគឺមិនតូចចង្អៀតដល់ថ្នាក់ត្រូវដណ្តើមកន្លែងអង្គុយនោះដែរ ។ ហ៊ឹម សុំខ្លាចហើយ»៕

ដកស្រង់ពី៖ កោះសន្ដិភាព