បណ្តាញសង្គម

​ហេ​តុ​អ្វី ​យុ​វ​ជ​ន​ខ្មែ​រ ​ចូ​ល​ចិ​ត្ត​និ​យា​យ​ពា​ក្យ​ អា​ស​អា​ភា​ស​?

  ភ្នំពេញ៖ ពាក្យសម្តីឌឺដង លែបខាយ ដែលជួនកាល មានពាក្យ អាសអាភាស លាយឡំផង ត្រូវបានបុគ្គល មួយចំនួនប្រើប្រាស់នៅកន្លែងធ្វើការ ដើម្បីបំបាត់ការអផ្សុក ឬយកមកនិយាយលេង ដើម្បីបន្ធូរភាពតានតឹង ។ 

តែមានមនុស្ស មួយចំនួន ក៏បានចាត់ទុកថា ការប្រើប្រាស់ពាក្យ សម្តីទាំងនោះ ថាមិនសមរម្យ គ្មានសុវជីវធ៌ម ក្នុងការរស់នៅ និងមិនគោរពសិទ្ធិស្ត្រី។ យុវជន វុត្ថា ដែលជាអ្នករចនា គេហទំព័រ ឲ្យក្រុមហ៊ុន មួយបានរៀបរាប់ថា ៖ « ខ្ញុំចូលចិត្ត និយាយ លែបខាយ អាសអាភាស ហើយនិយាយ ច្រើនទៀតផង »។

យុវជនខ្ពស់ស្រឡះ រូបនេះបន្តថា៖ « ជួនកាលខ្ញុំនិយាយ ខ្សឹបខ្សៀវជាមួយមិត្តភក្តិប្រុសៗថា ៖  « នាងស្អាតល្មមស៊ី ល្មមចុក ឬដើរទៅក្បែរ គេហើយធ្វើជា ជញ្ចក់មាត់ដាក់គេ »។  យុវជន មានស្រុកកំណើតនៅខេត្តតាកែវ រូបនេះ បាននិយាយទាំងអស់ សំណើចថា ធ្លាប់មានស្រីៗជេរច្រើនដែរ តែពាក្យ ជេររិតតែធ្វើឲ្យ វុត្ថា សប្បាយចិត្តទៅវិញ។

បើលើកឡើងពីរឿង និយាយអាសអាភាស ឬឌឺដង យុវជន សម្បត្តិ ក៏ជាមនុស្សម្នាក់ ដែលអះអាងថាខ្លួន ចូលចិត្តនិយាយរឿងអាសអាភាសដែរ ។ សម្បត្តិ ដែលជាបុគ្គលិក ក្រុមហ៊ុនឯកជន មួយបានរៀបរាប់ថា ៖ « ខ្ញុំចូលចិត្តនិយាយ ពីរឿងអាសអាភាស តែភាគច្រើន និយាយជាមួយ តែប្រុសៗគ្នា ឯងនៅកន្លែងធ្វើការ » ។

«ប៉ុន្តែពេលខ្លះ ស្រីៗ ក៏ជាអ្នកនាំនិយាយ ពីរឿងអាសអាភាសដែរ ។ នេះជាការបញ្ជាក់ បន្ថែមរបស់សម្បត្តិ ។ យុវជនរូបនេះ បន្ថែមថា ៖ «ជួនកាលស្រីៗ សួរដេញដោល រូបគេពីរឿង អាសអាភាស រហូតដល់រូបគេខ្មាស លែងហ៊ាន និយាយក៏មានដែរ»។ «ស្រីៗស្តីអោយក៏មាន ស្រីៗជេរក៏លឺ »។

នេះគឺជាការ អះអាងរបស់យុវជន មានហេង ដែលជានិស្សិត ផ្នែកសេដ្ឋកិច្ច និង បុគ្គលិកក្រុមហ៊ុនឯកជនមួយ។ យុវជនរូបនេះរៀបរាប់ថា៖ « ដោយសារតែខ្លួន ធ្វើការយូរពេក ក្នុងមួយថ្ងៃៗ ទើបធ្វើអោយមាន អារម្មណ៍តានតឹង ដូច្នេះមានតែនិយាយ ពាក្យឌឺដង អាសអាភាសទៅ ដើម្បីអោយមាន អារម្មណ៍ស្រស់ស្រាយ ឡើងវិញ » ។

យុវជន មានហេង ក៏បានបន្ថែមដែរថា ៖ « ជួនកាល ខ្លួនគេនិយាយ នៅចំណោមបុគ្គលិក ស្រីៗនៅកន្លែង ធ្វើការថែមទៀតផង។ ការប្រើប្រាស់ ពាក្យសម្តីលែបខាយ ឬអាសអាភាស របស់បុរសៗ នៅកន្លែងធ្វើការ ត្រូវបាននារីៗ ទទួលស្គាល់ថា ពិតជាបានកើតឡើងភាគច្រើន នាពេលបច្ចុប្បន្ន។ «មានសង្សារហើយឬនៅ ខ្ញុំនៅទំនេរ ឬយប់នេះទំនេរអត់ ទៅដើរលេង ឬទៅមើលកុន កូនជ្រូកជាមួយបង?»។

នេះគឺជាពាក្យ ពេចន៍ដែលកញ្ញា សុខា ធ្លាប់បានលឺពីបុរស។ សុខា ដែលមានចរិត សុភាពរាបសារ មិនសូវមាត់កររូបនេះ បានរៀបរាប់បន្តថា ៖« ខ្ញុំឈឺចាប់ពេលបាន លឺពាក្យ អាភាសហួសហេតុ ពីមនុស្សប្រុសទាំងនោះ ព្រោះគេបាន ជាន់ឈ្លីកិត្តិយសរបស់ ខ្ញុំ »។ ស្រីស្អាត រាងតូចច្រឡឹង សម្បុរសរូបនេះ បន្ថែមថា ពីដំបូងកញ្ញាធ្លាប់ ស្តីអោយធ្ងន់ៗដែរថា ៖« កុំនិយាយស្តីគ្មាន សុជីវធ៌មនៅកន្លែងធ្វើការ និយាយស្តីឡប់ៗ មិនចេះមើលមុខក្រោយ ឬធ្វើជាមនុស្សនឹងគេដែរ មិនចេះយកចិត្ត គេដាក់ចិត្តឯង » ។

ខុសពី កញ្ញា សុខា ដែលមើលទៅទំនង ជាមិនសូវចូលចិត្តពាក្យ សម្តីលេបខាយ អាសអាភាសរបស់ប្រុសៗ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងជាបុគ្គលិក ផ្នែកលក់ នៅហាងលក់ វត្ថុអនុស្សាវរីយ៍ មួយនៅម្តុំព្រះបរមរាជវាំង កញ្ញា សុផល បានឲ្យដឹងថា កញ្ញាក៏ចូលចិត្តនិយាយ ស្តីឌឺដងដែរ ។

កញ្ញា សម្បុរ ស្រអែមរូបនេះបន្តថា៖ « ខ្ញុំចូលចិត្ត បើសិនសម្តីលែបខាយ ឬអាសអាភាសនោះ គឺពិតជាដើម្បី កុំឲ្យស្ងាត់នៅកន្លែង ធ្វើការ »។ កញ្ញា សុផល បន្ថែមថា ៖« មិនមែនចូលចិត្ត ទាំងអស់នោះទេ ខ្ញុំសង្កេតពី អាកប្បកិរិយា របស់អ្នកនិយាយដែរ មើលថាតើគេពិតជានិយាយលេង ឬនិយាយមែន បើនិយាយមកមិនគោរព និងឲ្យតម្លៃ ខ្ញុំជាមិត្តរួមការងារ ខ្ញុំមិនចូលចិត្ត ហើយខ្ញុំក៏ឈប់និយាយលេង ជាមួយទៀតដែរ»។ ដឹងថាខុស តែនៅបំពាន។

បើទោះបីជាយុវជន ទាំងនោះអះអាងថា ការនិយាយឌឺដង អាសអាភាស របស់ពួកគេ គឺក្នុងន័យបង្កើត បរិយាសរីករាយ នៅកន្លែងធ្វើការងារ យ៉ាងណាក៏ដោយ ប៉ុន្តែពួកគេក៏បាន ទទួលស្គាល់ដែរថា វាពិតជាមិនសមទេ ដែលនៅក្នុងស្ថាប័នមួយ បុគ្គលិកជជែកគ្នាតែពីរឿង អាសអាភាស ។ មិនតែប៉ុណ្ណោះយុវជន សម្បត្តិ យល់ថា ៖« ខ្លួនមិនបានគោរពសិទ្ធិ និងឲ្យតម្លៃច្រើន ទៅលើស្ត្រី » ។

រីឯយុវជន វុត្ថា បានបញ្ជាក់ថា៖« ខ្ញុំក៏មានប្អូនស្រីដែរ បើស្រម៉ៃមើលថា មានប្រុសៗនិយាយ ស្តីអាសអាភាស នៅចំពោះមុខប្អូន របស់ខ្ញុំ ខ្ញុំក៏មិនសូវ ជាសប្បាយចិត្ត ប៉ុន្មានដែរ»។ ប៉ុន្តែ វុត្ថា នៅតែនិយាយទាំងអស់ សំណើចថា៖« វាជាទម្លាប់ ចេះតែចង់និយាយ បើមិន បាននិយាយនៅមិនសុខ »។

យុវជនខ្លះមិនចេះ និយាយលែបខាយទេ មិនមែនមនុស្ស គ្រប់គ្នាសុទ្ធតែ ចូលចិត្តនិយាយ លែបខាយ អាសអាភាសនោះទេ ក៏មានដែរអ្នកដែលមិនចូលចិត្ត នោះគឺ យុវជន ភារុណ។ ភារុណ ដែលជានិស្សិត និងជាបុគ្គលិក ក្រុមហ៊ុនមួយរូបដែរនោះ បានប្រាប់ថា លោក មិនធ្លាប់បានប្រើពាក្យ សម្តីអាសអាភាស នៅកន្លែងធ្វើការនោះទេ។ ភារុណ ដែលជាមនុស្សស្ងប់ស្ងាត់ និង ចូលចិត្តធ្វើ ច្រើនជាងការនិយាយស្តី បានបន្តថា លោកជាមនុស្ស ដែលឲ្យតំលៃលើ សុជីវធ៌មក្នុងការ រស់នៅ។

ភារុណ យល់ថា៖ « យើងជាអ្នករៀនសូត្រ ហើយមានការងារ ធ្វើល្អគួរសមដែរ ហើយបើយើង ទៅនិយាយពាក្យ អាសអាភាស គេអាចវាយតម្លៃថាយើង គ្មានសុជីវធម៌ក្នុងខ្លួន រៀនអស់លុយអត់ ប្រយោជន៍ »។ ជាមួយគ្នានេះដែរ កញ្ញា សុខា យល់ថាវាមិនល្អនោះទេ នៅពេលដែលប្រុសៗ នៅកន្លែងធ្វើការ និយាយស្តីច្រើន តែពី រឿងអាសអាភាសនោះ ព្រោះវាអាចធ្វើ ឲ្យប៉ះពាល់ដល់ ប្រសិទ្ធិភាពការងារ ហើយអ្វីដែលសំខាន់ គឺបុរសៗ ទាំងនោះ មិនអោយតម្លៃ និងគោរពសិទ្ធិ ស្ត្រីពេញលេញ ខណៈដែលពួកគេក៏ មានម្តាយ បង ឬប្អូនក៏ជាមនុស្ស ស្ត្រីដែរនោះ។

សូមបញ្ជាក់ថា នៅក្នុងច្បាប់នៃ ប្រទេសមួយចំនួន រួមទាំងច្បាប់កម្ពុជាផងនោះ កាលែបខាយ សម្តីអាសអាភាស លើស្ត្រី ឬលើបុរស អាចត្រូវបាន គេចាត់ទុកថា ជាទង្វើបៀត បៀនកេរ្តិ៍ខ្មាស ហើយទង្វើនេះ អាចមានទោសផងដែរ ៕

 

ដកស្រង់ពី៖Thmey Thmey