ក្រោយប្រកាសបរិច្ចាគ១លានដុល្លារកាលពីប៉ុន្មានថ្ងៃមុន ជូនរាជរដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ ទុកចាក់ជូនប្រជាពលរដ្ឋ
ឥឡូវនៅរសៀលថ្ងៃទី១០ខែ ធ្នូ ឆ្នាំ២០២០នេះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេងណាវ៉ាត្រាគ្រុប បាននាំទឹកប្រាក់ចំនួន ១លានដុល្លារ យកទៅប្រគល់ជូនឯកឧត្ដម សេង ទៀងហើយ។ ទឹកប្រាក់ចំនួន ១លានដុល្លារនេះ លោកឧកញ៉ា បានយកទៅប្រគល់ជូនឯកឧត្ដម សេង ទៀង ដោយផ្ទាល់តែម្ដង។
នេះជាកាយវិការសប្បុរសថ្មីទៀត ក្នុងការចូលរួមជួយដល់សង្គមរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ជានិច្ចកាលលោកឧកញ៉ាវ័យក្មេង ដែលធ្លាប់មានប្រវត្តិជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះតែងតែជួយ ដល់សង្គមជានិច្ច។ សូមរំលឹកផងដែរថា កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទើបតែបានបរិច្ចាគចំនួន ៦០ម៉ឺនដុល្លារព្រមទាំងអង្ករ៥០តោន ចូលរួមជាមួយ សម្ដេចតេជោ ជួយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់រួចមកហើយ។
ការចូលរួមបរិច្ចាគរបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានគេមើលឃើញថា បានធ្វើឡើងមុនគេភ្លាមៗតែម្ដង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាស ពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
បន្ទាប់មកឃើញមានលោកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងសប្បុរសជនជាច្រើនទៀតបានចូលរួមបរិច្ចាគជាបន្តបន្ទាប់។ ស្មារតីសាមគ្គីភាព វប្បធម៌នៃការចែករំលែកក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើងត្រូវបានគេមើលឃើញថា មានធំធេងមហាសាលដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៍រឹងមាំ។
ផ្អែកតាមផេក សម្ដេចតេជោ គិតមកដល់ល្ងាចថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ ២០២០នេះ ថវិកាដែលសប្បុរសជនចូលតាមតិចតាមច្រើនតាមសទ្ធាជ្រះថ្លាមានប្រមាណជាង៣៦លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន នៅល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ ៕
ដកស្រង់ពី៖ Sabay