បណ្តាញសង្គម

​លេចធ្លាយ​រូបភាព​ចាប់កាន់​ OnePlus 9 5G ​​ជា​លើក​ដំបូង​

ជាងមួយខែក្រោយមកនេះ មានដំណឹងបែកធ្លាយបន្តិចបន្តួចពីស្មាតហ្វូន OnePlus 9 5G ពេលនេះក៏លេចធ្លាយរូបរាងច្បាស់ៗ និងលក្ខណៈសម្បត្តិជាច្រើនរបស់វាថែមទៀត ពីជនអនាមិក។OnePlus 9 5G ដែលមានតួខ្លួនពណ៌ប្រាក់នេះ ស្រោបដោយតួខ្លួនដោយអាលុយមីញ៉ូម និងមានទំហំអេក្រង់ ៦,៥៥អ៊ីញ។

ចំពោះកាមេរ៉ាក្រោយវិញ វាប្រើសេនស័រទំហំធំពីរគ្រាប់ដែលមួយមានទំហំ ១២MP និងកាមេរ៉ាតូចមួយបន្ថែមទៀតនៅខាងក្រោម រួមនឹងភ្លើង Flash LED ដែល OnePlus ដាក់ឈ្មោះវាថា Ultra Shot។ រីឯកាមេរ៉ាខាងមុខវិញវាប្រើលែនទម្លុះអេក្រង់ ទំហំ ៤MP។ប្រភពដដែលនេះបានប្រាប់ថា OnePlus 9 5G មានអេក្រង់ដែលមាន refresh rate 120Hz និងមានមុខងារ HDR មកជាមួយផងដែរ។ វាមានកម្រិតបង្ហាញ 2400 x 1080p (Full HD+)។

បើតាមរូបភាពឡូហ្គោនៅខ្នងទូរសព្ទគឺមិនមែនជាស្លាកសញ្ញា OnePlus នោះទេ វាអាចជាស្លាកសញ្ញាសម្រាប់សម្គាល់ទូរសព្ទគម្រូនាអនាគតរបស់ក្រុមហ៊ុនមួយនេះ។ ផ្នែកខាងក្រោមរបស់ OnePlus 9 5G វិញ វាមានរន្ធ USB-C រន្ធបញ្ចេញសំឡេង និងទីតាំងដាក់ស៊ីមកាត។

ផ្នែកខាងឆ្វេងមានប៊ូតុងដំឡើងបន្ថយសំឡេង ផ្នែកខាងស្ដាំជាប៊ូតុងបិទបើកម៉ាស៊ីន និងគន្លឹះទាញ alert slider សម្រាប់កំណត់រំញ័រ ឬរោទ៍ពេលមានសារដំណឹងផ្សេងៗ។ងាកមកផ្នែកប្រតិបត្តិការខាងក្នុងវិញ វាប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 11 និង OxygenOS និងបំពាក់ដោយបន្ទះឈីប Snapdragon 888 របស់ Qualcomm។ វាមានថាមពលថ្មទំហំ ៤៥០០mAh និងមានទំហំ RAM ៨GB ហើយមានអង្គផ្ទុកទិន្នន័យទំហំ ១២៨GB ក៏ប៉ុន្ដែមិនអាចបន្ថែមអង្គផ្ទុកទិន្នន័យក្រៅបន្ថែមបាននោះទេ៕

ដកស្រង់ពី៖sabay