បណ្តាញសង្គម

ហ៊ុយ យ៉ាឡេង ចេញ​វីដេអូ​មួយ​នេះ​ដូច​គាស់រំលើង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​របស់​នេន ទុំ

ផលិតករភាពយន្ត ហ៊ុយ យ៉ាឡេង ដែលជាអ្នកផ្ដួចផ្ដើមឲ្យមានកម្មវិធី"១ម៉ោងដើម្បីសង្គមជាតិ" កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២០ បានចេញវីដេអូអប់រំខ្លីទី៦ ស្ដីពីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវបង្កឡើងដោយសត្វពាហនៈ។

វីដេអូនេះ ដូចជាបានរំលឹកឡើងវិញនូវហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់មួយរបស់តារាចម្រៀងរ៉េប នេន ទុំ ដែលបើកឡានទៅបុកក្របី នៅខេត្តព្រះសីហនុ កាលពីដើមឆ្នាំនេះ។ លោក ហ៊ុយ យ៉ាឡេង និយាយថា ត្បិតថាគោ-ក្របី ដែលកសិករខ្មែរប្រើជាកម្លាំងអូសទាញ និងដឹកជញ្ជូនក្នុងវិស័យកសិកម្មយ៉ាងសំខាន់តាំងពីដូនតាមកនោះ ប៉ុន្ដែបងប្អូនត្រូវចាប់ចង ឃ្វាល ឬមើលថែវាឲ្យបានដិតដល់កុំឲ្យដើរប្រសាចពេញដងផ្លូវបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកបើកបរនៅលើដងផ្លូវដែលគ្នាមិនដឹងអី។

ហ៊ុយ យ៉ាឡេង៖"សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ជាពិសេសបងប្អូនដែលចិញ្ចឹមគោ មេត្ដាថែគោ ឃ្វាលគោ ចងគោឲ្យបានត្រឹមត្រូវ ចៀសវាងបង្កគ្រោះថ្នាក់ដល់បងប្អូនយើងដែលកំពុងបើកបរនៅលើដងផ្លូវ"។ លោក ហ៊ុយ យ៉ាឡេង បញ្ជាក់ថា ម្ចាស់គោ ប្រឈមនឹងទោសទណ្ឌ និងការផាកពិន័យ បើបណ្ដែតបណ្ដោយឲ្យសត្វគោ ឬក្របី ដើរពាសវាលពាសកាលនៅលើដងផ្លូវបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដែលកំពុងបើកបរនៅលើដងផ្លូវ។

នៅកម្ពុជាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយចំនួនបង្កឡើងដោយសត្វគោ-ក្របី។ ជាក់ស្ដែង នេន ទុំ និងមិត្តភ័ក្ដិ ធ្លាប់បើកឡានជ្រុលចង្កូតទៅបុកក្របីទាំងយប់កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បណ្ដាលឲ្យរូបលោក និងមិត្តភ័ក្ដិ៣នាក់ទៀតរបួសស្រាល។

រីឯឡានLuxus 330 របស់លោក ត្រូវខ្ទេចមួយកំណាត់មុខ និងក្របីដែលបានបុកនោះងាប់ភ្លាមៗ។ គ្រាហ៍នោះរូបលោក រកម្ចាស់ក្របីដើម្បីឲ្យទទួលខុសត្រូវឃើញឡើយ ទើបក្រោយមកលោកត្រូវចំណាយលុយព្យាបាលរបួស និងជួសជុលរថយន្តដោយខ្លួនឯង៕

 

ដកស្រង់ពី៖ Sabay