បណ្តាញសង្គម

មុនធ្វើម្ហូប Rain តែងសួរប្រពន្ធមួយសំនួរជាមុន កុំឲ្យប្រពន្ធស្ដាយក្រោយ

Rain ដែលជាតារាចម្រៀងទោលជើងចាស់ក្នុងពិភព K-Pop បាននិយាយអំពីជីវិតអាពាហ៍ពិពាហ៍ និងរឿងរ៉ាវជាច្រើនទៀតក្នុងកម្មវិធីទូរទស្សន៍ "My Ugly Duckling” ភាគថ្មីចុងក្រោយបំផុត។

ក្នុងកម្មវិធី មានការចោទសួរថារូបលោកបានជួយកិច្ចការងារផ្ទះឬអត់ Rain ក៏បានឆ្លើយតបដូចនេះថា ៖ "ខ្ញុំធ្វើរឿងគ្រប់យ៉ាងដោយខ្លួន។ ខ្ញុំព្យាយាមមិនសុំជំនួយពីភរិយាចំពោះរឿងជាច្រើន។ ដូចនេះហើយទើបខ្ញុំមិនត្រូវប្រពន្ធស្ដីថាឲ្យច្រើន (បើប្រៀបធៀបនឹងស្វាមីដទៃទៀត)។”

Rain ក៏បានឲ្យដឹងផងដែរថានៅផ្ទះគឺរូបលោកជាអ្នកចម្អិនម្ហូបដោយខ្លួនឯង ប៉ុន្តែមុនចម្អិនម្ដងៗគឺមានការគិតគូរច្បាស់លាស់បំផុត។ តារាវ័យ ៣៨ឆ្នាំរូបនេះនិយាយថា ៖ "ខ្ញុំទិញម្ហូបសម្រាប់ធ្វើ ក្នុងបរិមាណមួយដែលខ្ញុំត្រូវការហូប។

ដូចនេះខ្ញុំតែងសួរប្រពន្ធជាមុនថា «អូនចង់ហូបទេ?» ហើយប្រសិនបើមិនមាននរណាចង់ហូបទេ ខ្ញុំនឹងត្រៀមអាហារសម្រាប់តែខ្លួនខ្ញុំ ខ្ញុំហូបហើយ លាងចាន និងសម្អាតអ្វីៗគ្រប់យ៉ាង ខ្ញុំចូលចិត្តធ្វើបែបនេះ។” អ្នកសម្រួលសម្រួលកម្មវិធីបានបន្តជីកសួរទៀតថានឹងមានរឿងអ្វីកើតឡើងប្រសិនបើភរិយាប្ដូរចិត្តចង់ហូបអាហារដែរនោះទេ។

Rain បានតបវិញថា ៖ "ទេ ខ្ញុំមិនឲ្យហូបនោះទេ។ នៅផ្ទះរបស់យើងគឺមានច្បាប់។” Rain បានបន្តបកស្រាយថែមថា ៖ "មែនហើយ រឿងបែបនេះធ្លាប់កើតមានពីមុនមកដែរ។ ខ្ញុំបាននិយាយថាទេ។ ខ្ញុំមានបរិមាណអាហារច្បាស់លាស់ដែលត្រូវបរិភោគដើម្បីឲ្យប្រាកដថាឆ្អែតគ្រប់គ្រាន់៕”

ដកស្រង់ពី៖ Sabay