បណ្តាញសង្គម

ទីបំផុត​ក្រុមហ៊ុន​ធំ​១ ព្រម​ព្រៀង​ជួល​ តន់ ចន្ទសីម៉ា ក្នុង​តម្លៃ​ឈ្នួល​ថ្មី ដឹង​ថា​ប៉ុន្មាន​ទេ?

ក្រោមការជ្រោមជ្រែងពីផលិតកម្ម Galaxy Navatra តន់ ច័ន្ទសីម៉ា បានសាងភាពល្បីល្បាញខ្លាំងនៅក្នុងឆ្នាំ ២០២០ នេះរហូតដល់ក្រុមហ៊ុនបានដាក់ចេញនូវតម្លៃពលកម្មរបស់នាងថ្លៃលើសគេកាលពីពេលថ្មីៗ ដែលតម្លៃនេះ មានមនុស្សមិនច្រើនទេ រំពឹងថានឹងមានអ្នកហ៊ានជួល តារាស្រីមកពីខេត្តតាកែវក្នុងតម្លៃថ្មីនេះទេ។

ប៉ុន្តែឥឡូវ មានក្រុមហ៊ុនធំមួយបានបើកទំព័រប្រវត្តិសាស្ត្រនេះហើយ។ ថ្នាក់ដឹកនាំ ផលិតកម្ម Galaxy Navatra នប្រកាសរឿងនេះនៅលើបណ្ដាញសង្គមរបស់ខ្លួននៅរសៀលថ្ងៃម្សិលមិញ ដោយបានធ្វើឲ្យមានការចាប់អារម្មណ៍។ លោក យឹម តាស្រង់ បានសរសេរនៅលើប្រាប់ប្រិយមិត្តរបស់ផលិតកម្ម និងអ្នកគាំទ្រតារាចម្រៀងថា "ក្រុមហ៊ុនដែលហ៊ានជួលឲ្យតម្លៃអ្នកចម្រៀងខ្មែរថ្លៃជាងគេនៅកម្ពុជាគឺ Smart ហ្នឹងឯង!”។

តាមព័ត៌មាន ក្រុមហ៊ុន Smart បានជួលច្រៀង នៅយប់ថ្ងៃទី 31 ធ្នូ 2020 ជាមួយកម្មវិធីចុងឆ្នាំដ៏អស្ចារ្យ «2021 Virtual Sky – High New Year Countdown» ដែលនឹងនាំមកនូវការកម្សាន្តសប្បាយៗ ជាមួយសិល្បករជាង២០រូបផ្សេងទៀត ។ បែបនេះក្ដី តាស្រង់ មិនបានបង្ហើបជាសាធារណៈពីតម្លៃពលកម្មដែលភាគីទាំងពីរបានព្រមព្រៀងគ្នាឡើយ។

យ៉ាងណាសំណេរខ្លីនេះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែថ្មីៗនេះ ប្រិយមិត្តទើបដឹងថា សីម៉ា មានតម្លៃឈ្នួលពលកម្មដល់ទៅ ២ម៉ឺនដុល្លារអាមេរិកឯណោះ ខណៈក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទចល័តខាងលើ ក៏ត្រូវបានគេដឹងថា ជាអ្នកចាយលុយធំ ដែលហ៊ានជួលតារាល្បីៗតម្លៃរាប់សែនដុល្លារឯណោះពីបរទេស ។

ទោះយ៉ាងនេះក្ដី ជុំវិញបញ្ហាតម្លៃពលកម្មដែលបានព្រមព្រៀងគ្នាលើការងារចុងឆ្នាំនេះ រវាងភាគីតារាចម្រៀង និងស្មាត លោក យឹម តាស្រង់ បញ្ជាក់ថា គឺជាតម្លៃថ្មី ដែលក្រុមហ៊ុនទើបបានប្រកាសថ្មីៗនេះ ប៉ុន្តែមិនមែនតម្លៃ ២ម៉ឺនដុល្លារនោះទេ។ តាស្រង់ថ្លែងថា "មិនមែនទេ មិនមែន២ម៉ឺនទេ គឺយើងយកតម្លៃទូទៅសម្រាប់កម្មវិធីប្រគំតន្ត្រីនានា ២ម៉ឺនគឺសម្រាប់កម្មវិធីជប់លៀង ឬមង្គលការអីទេ!”។

តាមប្រកាសរបស់ Galaxy Navatra ពីពេលកន្លងមក តម្លៃពលកម្មរបស់ តន់ ច័ន្ទសីម៉ា មានដល់ទៅ ២ម៉ឺនដុល្លារ តែតម្លៃនេះ សម្រាប់តែកម្មវិធីជប់លៀង មង្គលការ ឬខួបកំណើតប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់កម្មវិធីប្រគំតន្ត្រីទូទៅ តម្លៃហត់នឿយថ្មីរបស់តារាចម្រៀង គឺត្រឹម ៥ពាន់ដុល្លារប៉ុណ្ណោះមួយកម្មវិធី។ ចំពោះបញ្ហានេះ តាស្រង់ ប្រាប់ថា ការព្រមព្រៀងគ្នារវាងភាគីទាំងពីរនៅពេលនេះ គឺលើតម្លៃឈ្នួលថ្មីនៃកម្មវិធីប្រគំតន្ត្រីទូទៅនេះហើយ។

តាមនាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra បានឲ្យដឹងថា នេះគឺជាការងារទី១របស់ តន់ ច័ន្ទសីម៉ា ក្រោយពីក្រុមហ៊ុនដាក់ចេញតម្លៃពលកម្មថ្មី។ ដោយឡែក នៅក្នុងឆ្នាំ ២០២១ ខាងមុខ ក៏មានអ្នកទាក់ទងមកខ្លះៗទៀតហើយ៕

ដកស្រង់ពី៖ Sabay