បណ្តាញសង្គម

ប៉ុន្មាន​ថ្ងៃ​នេះ ឃើញ​សិល្បករ​និយាយ​ត​ៗគ្នា តាម​ពិត​ជំនួញ​នេះ​ថៅកែ​ស្រី គឺ សុខ ពិសី សោះ!

នៅប៉ុន្មានថ្ងៃនេះ គេឃើញសិល្បករច្រើននាក់ មានដូចជា យឹម តាស្រង់ តូតា ឆាយ វីរៈយុទ្ធ ជាដើម

បានលើកនិយាយពីភេសជ្ជៈថ្មីមួយ ក្រោយពួកគេបានទទួលការឧបត្ថម្ភបន្តបន្ទាប់ ហើយទើបតែថ្ងៃនេះ ទើបដឹងថា តាមពិតតារាចម្រៀងរបស់សាន់ដេ សុខ ពិសី គឺជាថៅកែស្រីនៃជំនួញមួយប្រភេទនេះ។ តាមព័ត៌មាន តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម សាន់ដេ សុខ ពិសី បានហក់ចូលមកប្រឡូកក្នុងមុខជំនួញហើយ ដោយនៅថ្ងៃនេះនាង បានធ្វើការប្រកាសមុខជំនួញថ្មីដ៏ធំរបស់ខ្លួន នោះគឺហាង តែគុជ Tealive Cambodia 310 នៅ ដែលប្រេនឆាយដ៏ល្បីមកពី អឺរ៉ុបនៅថ្ងៃនេះ!។

ក្រៅពីនេះ ក៏មានដំណឹងថា ប្រទេសនៅអាស៊ី មួយចំនួនទៀត ក៏មានវត្តមានប្រេនឆាយអាជីវកម្មមួយនេះដែរ។ សម្រាប់កម្ពុជា គឺជាការមកដល់លើកទីដំបូងរបស់អាជីវកម្មពេញនិយមមួយនេះ តាមរយៈការវិនិយោគដោយផ្ទាល់របស់តារាចម្រៀងស្រី ដែលក្នុងនោះ តាមចចាមអារ៉ាម នាងបានចាយលុយខ្ទង់សែនដុល្លារឯណោះ ដើម្បីនាំយកវាមកបាន។

សុខ ពិសី មិនបានឆ្លើយតបចំពោះរឿងនេះទេ ប៉ុន្តែនាងបានអះអាងថា អាជីវកម្មថ្មីថ្មោងរបស់នាង គឺជាប្រេនឆាយល្បីខ្លាំងនៅអឺរ៉ុប ដែលនាងចំណាយពេលយូរណាស់មកហើយ សម្រាប់ការទំនាក់ទំនងទម្រាំអាចសម្រេចនាពេលនេះ។ ជំនួសឲ្យការមិននិយាយចំៗលើតួលេខនៃដើមទុន រាជិនីរបស់សាន់ដេរូបនេះ បញ្ជាក់ថា នាងចំណាយទុនច្រើនណាស់ ដើម្បីយក Tealive មកបាន ម្យ៉ាងដូចប្រាប់ពីខាងលើ វាជារបស់ដែលល្បីនៅអឺរ៉ុប រួមទាំងប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀតផង។

ដូច្នេះហើយ នាងសង្ឃឹមថា ត្រូវចិត្តរបស់មិត្តយុវវ័យកម្ពុជា។ កញ្ញាបានលើកឡើងថា៖”ដូចបងដឹងស្រាប់កម្ពុជាយើងមានអ្នកចូលចិត្តញាំច្រើនតែគុជហ្នឹង ហើយប្រេនល្បីបែបនេះទៀតខ្ញុំគិតថាពួកគាត់នឹងចូលចិត្តដូចខ្ញុំអីចឹង ព្រោះខ្ញុំបានសាកហើយគឺឆ្ងាញ់ទើបខ្ញុំសម្រេចចិត្តនាំចូលមក”។

ទោះជាស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដកំពុងរីករាលដាលក្នុងប្រទេស កម្ពុជា ក្ដី ក៏ប៉ុន្តែតារាចម្រៀងស្រីល្បីឈ្មោះរូបនេះជឿជាក់ថាមុខជំនួញថ្មីរបស់ខ្លួននឹងទទួលជោគជ័យខ្ពស់។ កញ្ញា បានគូសបញ្ជាក់ថា អាជីវកម្មរបស់នាង ប្រិយមិត្តមិនបាច់មកហាងផ្ទាល់ក៏បាន ដោយកុម្ម៉ង់តាម App Nham24, Food Panda, E-get គឺមានភាពងាយស្រួលបំផុត៕

ដកស្រង់ពី៖ Sabay