បណ្តាញសង្គម

​ប្រទេស​ ៥ មាន​ល្បឿន​អ៊ីនធឺណិត​យឺត​បំផុត​ក្នុង​ពិភពលោក

ជាមធ្យមបើនិយាយពី ល្បឿនអ៊ីនធឺណិតត្រឹមតែ 4mbps (មេកាប៊ីតក្នុងមួយវិនាទី) ឬខ្ពស់ជាងនេះ ក៏អាចឲ្យអ្នកធ្វើការប្រើប្រាស់ Facebook ទស្សនាវីដេអូ YouTube ឬបំពេញការងារស្រាវជ្រាវលើប្រព័ន្ធអ៊ីនធឺណិតបានដោយស្រួលចិត្ត។

យ៉ាងណាមិញ គេបានរកឃើញថានៅក្នុងប្រទេសមួយចំនួនក្នុងពិភពលោកមានល្បឿនអ៊ីនធឺណិតយឺតជាងនេះ មួយទ្វេជាពីរឯណោះ ដូចមានរៀបរាប់ក្នុងអត្ថបទខាងក្រោម។

៥.អេហ្សីប:

ជាប្រទេសមួយស្ថិតក្នុងទ្វីបអាហ្វ្រិកដែលមានល្បឿនអ៊ីនធឺណិតយឺត ជាមធ្យមហក់បានត្រឹមល្បឿន 2.2 mbps ទាបជាងដល់ទៅ 13mbps ធៀបនឹងប្រទេសកេនយ៉ាជាប់ជាប្រទេសមានអ៊ីនធឺណិតលឿនបំផុតនៅអាហ្វ្រិកឡើងបានដល់ 15 mbps។

៤.ហ្គាបុង:

ប្រទេសនៅតំបន់អាហ្វ្រិកកណ្តាលមួយនេះ កន្លងទៅធ្លាប់ត្រូវបានរដ្ឋាភិបាលបិទចោលប្រព័ន្ធអ៊ីនធឺណិតទូទាំងប្រទេស ក្រោយរងភាពតានតឹងអំឡុងពេលធ្វើការបោះឆ្នោត។

តាមប្រភពឲ្យដឹងជាមធ្យមប្រទេសនេះ ល្បឿនអ៊ីនធឺណិតរត់បានត្រឹមល្បឿន 1.9 mpbs តែប៉ុណ្ណោះ។

៣.យេម៉ែន:

ជាប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាដែលមានល្បឿនអ៊ីនធឺណិតយឺតបំផុតគិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០១៦ គឺមានល្បឿន 1.3 mbps ។

រដ្ឋាភិបាលហាក់ពុំបានយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ សូម្បីតែក្រសួងទូរគមនាគមន៍ប្រទេសនេះ បន្តប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាហួសសម័យ ដែលដំឡើងតាំងតែទសវត្សរ៍ទី ៧០ ហើយគ្មានការផ្លាស់ប្ដូរមកទល់បច្ចុប្បន្ន។

កត្តានេះបានជំរុញឲ្យការបង់ថ្លៃប្រើប្រាស់អ៊ីនធឺណិត ក្នុងស្រុកមានតម្លៃថ្លៃលើសពីប្រទេសដទៃ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋមួយភាគធំប្រឈមបញ្ហាក្នុងការតភ្ជាប់ប្រើប្រាស់សេវាកម្មឌីជីថល។

២.វេណេហ្ស៊ុអេឡា:

ប្រទេសនេះក៏មិនខុសពីយេម៉ែន មានល្បឿនអ៊ីនធឺណិតត្រឹម 1.6 mbps ។ ផ្អែកតាមគោលការណ៍របស់រដ្ឋាភិបាល សង្កត់ធ្ងន់ថា ការរក្សាល្បឿនអ៊ីនធឺណិតយឺត ជាមធ្យោបាយជួយកាត់បន្ថយទំហំចំណាយថវិកាជាតិ។

តាមការឲ្យដឹងល្បឿននៃការបើកទំព័រណាមួយ ត្រូវចំណាយពេលប្រមាណ ៦,៧ វិនាទី ពោលគឺយឺតជាង ៥ ដងធៀបនឹងប្រទេសអ៊ីស្រាអែល។

១.ប៉ារ៉ាហ្គាយ:

ពុំបានបញ្ជាក់របាយការច្បាស់ល្បឿនជាមធ្យមប្រទេសនៅអាមេរិកឡាទីននេះ ប៉ុន្តែប្រភពបានបញ្ជាក់ថា ប៉ារ៉ាហ្គាយ ក៏មិនខុសគ្នាទៅនឹងប្រទេសវេណេហ្ស៊ុអេឡាដែរ។ ក្នុងមួយឆ្នាំៗល្បឿនអ៊ីនធឺណិតធ្លាក់ចុះប្រមាណ ១០ ភាគរយ ខុសពីប្រទេសដទៃទៀតក្នុងទ្វីបអាមេរិកខាងត្បូង ដូចជាប្រេស៊ីលឃើញកំណើនកើនដល់ ៥៥ ភាគរយ។

ថ្វីបើល្បឿនអ៊ីនធឺណិតយឺត ប៉ុន្តែប្រទេសដែលមានប្រជាពលរដ្ឋជាង ៦ លាននាក់នៅបន្តដំឡើងថ្លៃប្រើប្រាស់ សឹងស្មើបូលីវីដែលជាប្រទេសមានតម្លៃអ៊ីនធឺណិតខ្ពស់បំផុតក្នុងលោក៕

 ដកស្រង់ពី៖sabay