បណ្តាញសង្គម

គេ​អួត​ប្ដី​ទិញ​ឡាន ផ្ទះ ឬ​ពេជ្រ​ឲ្យ! វ៉ាន់ នីឡា អួត​មួយថាគូ​អនាគត​របស់នាងមាន​តម្លៃ​ដូច​គ្រាប់​ពេជ្រ

តារាកំប្លែងស្រី វ៉ាន់ នីឡា បានបញ្ចេញសារដ៏កម្រមួយរបស់ខ្លួនតាមបណ្ដាញសង្គមFacebook ក្នុងខួប៤ឆ្នាំ នៃចំណងស្នេហ៍របស់នាងជាមួយបុរស។

នីឡា បានបញ្ចេញសារដ៏វែងអន្លាយ ដោយមានភ្ជាប់រូបថតអនុស្សាវរីយ៍របស់នាងជាមួយគូរអនាគតជាច្រើនសន្លឹកនៅថ្ងៃទី១២ ខែមេសា នេះ។ នីឡា និយាយថា ក្នុងរយៈពេល៤ឆ្នាំ និង៤ខែ នាងបានស្គាល់គ្រប់រសជាតិ ផ្អែម ល្វីង ជូរចត់ និងរឿងលំបាកជាច្រើនដែលគេមើលមិនឃើញ ខ្លះគេសើចចំអក ដៀល និយាយដើម គិតអាក្រក់លើនាង ប៉ុន្ដែនាងមិនដែលស្ដាប់ ឬគិត ហើយអន់ចិត្តនោះទេ។

វ៉ាន់ នីឡា៖"គេអួតប្ដីទិញពេជ្រ ផ្ទះ ឡាន ឲ្យ តែខ្ញុំអួតគូអនាគតដែលជាពេជ្រសម្រាប់ខ្ញុំ"។ កូនស្រីសំណព្វរបស់ដឹកនាំក្រុមកំម្លែងរបស់ស្ថានីយទូរទស្សន៍ CTN គឺលោកតាវ៉ិចទ័រ រូបនេះ រំលឹកថា ជីវិតគូស្រករមិនងាយស្រួលដូចនាងគិតកាលពី៣ឆ្នាំមុនឡើយ ព្រោះពេលនេះនាងកំពុងស្ថិតនៅក្នុងស្ថានភាពលំបាក ប៉ុន្ដែនាងមិនដែលបោះបង់ ឬបោះបង់ការតស៊ូម្ដងណាឡើយ។

ទោះជាយ៉ាងណា វ៉ាន់ នីឡា មិនបានបញ្ជាក់ថាតើនាងកំណត់ថ្ងៃរៀបការជាថ្មីនៅពេលណានោះទេ? Sabay មិនទាន់អាចទាក់ទងសាមីខ្លួនដើម្បីបញ្ជាក់ជុំវិញគម្រោងរៀបការជាថ្មី និងសាកសួរបន្ថែមជុំវិញខួប៤ នៃចំណងស្នេហ៍បានទេ នៅរសៀលថ្ងៃទី១២ ខែមេសា នេះ។

កញ្ញា វ៉ាន់ នីឡា ធ្លាប់ភ្ជាប់ពាក្យជាមួយកូនប្រុសថៅកែរោងល្ខោនបាសាក់ ភី សុគន្ធី ខេត្ដតាកែវ ម្ដងហើយ ប៉ុន្តែបានផ្ដាច់ពាក្យទៅវិញ។ បន្ទាប់ពីផ្ដាច់ពាក្យ នីឡា បានជួបគូស្នេហ៍ថ្មីទៀត ហើយនាងបានព្យាយាមរកពេលរៀបការជាមួយបុរសដែលជាអនាគតថ្មីរបស់នាងតាំងពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ប៉ុន្តែបានពន្យារពេលម្ដងហើយម្ដងទៀតរហូតមកដល់ពេលនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩។ ត្បិតថាមិនទាន់បានរៀបការ ប៉ុន្តែនីឡា ថាឲ្យធ្លាប់ពេបជ្រាយរង់ចាំមើលថ្ងៃចូលរោងជ័យរបស់នាង៕

ដកស្រង់ពី៖ Sabay