បណ្តាញសង្គម

Microsoft ទម្លាក់លុយ១ពាន់លានដុល្លារ ដាក់ Data Center ក្នុងប្រទេសមួយនៅអាស៊ាន

Microsoft នឹងវិនិយោគទឹកប្រាក់ចំនួន ១ ពាន់លានដុល្លារក្នុងប្រទេសម៉ាឡេស៊ីនៅរយៈពេល ៥ឆ្នាំខាងមុខ។ នេះគឺជាផ្នែកមួយនៃកម្មវិធីភាពដៃគូថ្មីជាមួយទីភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនក្នុងស្រុក។

នេះបើយោងតាមប្រភពព័ត៌មានរ៉យទ័រ ដែលបានចេញផ្សាយកាលពីរសៀលថ្ងៃចន្ទម្សិលមិញ។ ដំណើរការដែលឈានដល់ការវិនិយោគដ៏ធំបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកនៅម៉ាឡេស៊ី គឺធ្វើឡើងបន្ទាប់ពីប្រទេសនេះយល់ព្រមតាមលក្ខខណ្ឌជាមួយក្រុមហ៊ុន Microsoft, Google, Amazon និងក្រុមហ៊ុនទូរគមនាគមន៍រដ្ឋ Telekom Malaysia កាលពីខែកុម្ភៈ ដើម្បីបង្កើត និងគ្រប់គ្រងមជ្ឈមណ្ឌលទិន្នន័យខ្នាតធំ (hyper-scale data center) រួមនឹងការផ្តល់សេវាកម្មទុកឯកសារ (cloud services) ផងដែរ ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ម៉ាឡេស៊ី ក៏បានឱ្យបង្ហាញដែរថា ប្រទេសរបស់ខ្លួន កំពុងព្យាយាមទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត បន្ទាប់ពីមានការធ្លាក់ចុះខ្លាំង លើការវិនិយោគផ្ទាល់ពីបរទេស (FDI) ជាងឆ្នាំមុនប្រមាណជា ៦៨% ដែលជាការធ្លាក់ចុះដ៏ធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ។

យោងតាមប្រភពដដែលក៏បានបញ្ជាក់ទៀតថា ការវិនិយោគពីលើសេវាផ្ទុកឯកសារទាំងនេះ នឹងមានតម្លៃសរុបចន្លោះពី ២,៩១ ពាន់លានដុល្លារ ដល់ ៣,៦៤ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Microsoft នឹងបង្កើតតំបន់ "datacentre region" ដំបូងបង្អស់របស់ខ្លួន ដែលមានមជ្ឈមណ្ឌលទិន្នន័យជាច្រើន នៅប្រទេសម៉ាឡេស៊ី ដើម្បីធ្វើការគ្រប់គ្រងទិន្នន័យពីប្រទេសផ្សេងៗ។

ក្រោមកម្មវិធីនេះ ក្រុមហ៊ុន Microsoft ក៏បានសង្កត់ធ្ងន់ថា ការវិនិយោគនេះ នឹងជួយដល់ប្រជាជនម៉ាឡេស៊ី ប្រមាណមួយលាននាក់ ក្នុងការទទួលបានជំនាញឌីជីថលនៅ ចុងឆ្នាំ២០២៣ ខាងមុខនេះ៕

ដកស្រង់ពី៖sabay