បណ្តាញសង្គម

រឿងកម្រដឹង! Tim Cook មាន​គ្រា​មួយ​លោកហ៊ានប្រគល់​ជីវិត​ជូន Steve Jobs

Tim Cook ត្រូវបានគេស្គាល់ជានាយកប្រតិបត្តិនៃក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតក្នុងពិភពលោក។ មនុស្សជាច្រើនបានស្គាល់ឈ្មោះរបស់លោក ប៉ុន្តែពុំធ្លាប់បានដឹងពីរឿងរ៉ាវជីវិតពិតរបស់បុរសវ័យ ៥៧ ឆ្នាំរូបនេះឡើយ។

Sabay បើកកកាយអាថ៌កំបាំងសម្ងាត់ទាំង ៦ យ៉ាងនៃបុគ្គលជោគជ័យក្នុងក្រុមហ៊ុន Apple។

១.Cook ងើបពីដំណេកលឿន:

លោក Cook តែងងើបពីដំណេកនៅម៉ោង ៣ ៤៥ នាទីព្រឹក ហើយផ្តើមផ្ញើ Email នៅម៉ោង ៤ ៣០ នាទី មុនចេញទៅធ្វើលំហាត់ប្រាណនៅម៉ោង ៥ ព្រឹក។

២.Steve Jobs ជាអ្នកបញ្ចុះបញ្ចូលឲ្យ Cook មកចូលរួមនៅ Apple:

តាមពិតទៅ Cook មិនមែនជាបុគ្គលម្នាក់មានដើមកំណើតចេញពី Apple ឡើយ ព្រោះបុរសសញ្ជាតិអាមេរិករូបនេះ បម្រើការឲ្យ IBM អស់រយៈពេល ១២ ឆ្នាំ មុនពេលចេញមកចាប់តំណែង COO ក្នុងក្រុមហ៊ុន Intelligent Electronics។ លុះដល់ឆ្នាំ ១៩៩៨ លោក Jobs បានជួបនឹង Cook ហើយប៉ុន្មានខែក្រោយ ក៏ចាប់បានតំណែងជាអនុប្រធាននៅក្រុមហ៊ុន Compaq មុនពេលប្តូរទៅបម្រើការជាអនុប្រធានជាន់ខ្ពស់នក្រុមហ៊ុន Apple ហើយឡើងជា COO និង CEO មកទល់សព្វថ្ងៃ។

៣.Cook មានទ្រព្យសម្បត្តិរយលានដុល្លារ:

ក្នុងតំណែងជា CEO នៃក្រុមហ៊ុនមានតម្លៃថ្លៃបំផុត លោក Cook ក៏មិនបានជាសេដ្ឋីខ្លាំងជាងលោក Jeff Bezos នោះដែរ ទាំងដែលប្រាក់ប្រចាំឆ្នាំទទួលបាន ១០ លានដុល្លារ រួមបញ្ចូលភាគហ៊ុនជាច្រើននៅ Apple ជំរុញឲ្យលោក Cook មានទ្រព្យសម្បត្តិសរុបប្រមាណ ៧៨៤ លានដុល្លារ។

ប៉ុន្តែលោកជាមនុស្សមិនចាប់អារម្មណ៍លើរឿងមានបាននោះទេ ដោយឆ្នាំ ២០១៥ ធ្លាប់ប្រកាសថាមានគម្រោងបរិច្ចាគលុយទាំងអំបាលម៉ាននៃភាគហ៊ុនចូលការងារសប្បុរសធម៌។

៤.ហ៊ានប្រគល់ផ្នែកនៃជីវិតឲ្យទៅលោក Jobs:

មិនត្រឹមតែទូលាយលើរឿងថវិកា សូម្បីតែអាយុជីវិតក៏បុរសរូបនេះហ៊ានផ្តល់ឲ្យទៅលោក Steve Jobs។ ក្នុងឆ្នាំ ២០០៩ Cook ចង់ចែករំលែកប្រភេទឈាមកម្រដែលខ្លួនមានឲ្យទៅលោក Jobs ដែលកំពុងឈឺធ្ងន់ ប៉ុន្តែ Jobs បានស្រែកថាមិនព្រមឲ្យ Cook ធ្វើបែបនេះឡើយ។

លោក Cook សង្កត់ធ្ងន់៖ "តាំងពីស្គាល់គ្នាជាង ១៣ ឆ្នាំ Jobs ហ៊ានស្រែកដាក់តែ ៤ ទៅ៥ លើកប៉ុណ្ណោះ"។

៥.ជាមនុស្សត្រូវការភាពឯកជនច្រើន:

លោកពុំមានទំនាក់ទំនងច្រើនជាមួយបុគ្គលិកក្នុងក្រុមហ៊ុន Apple ឡើយ សូម្បីតែជីវិតប្រចាំថ្ងៃ ក៏លោកសម្រេចរើសយកទីតាំងហាត់កាយសម្បទា ឲ្យនៅឆ្ងាយពីបុគ្គលិកនិងមិត្តភ័ក្ដិ។

៦.ជា CEO មួយក្នុងចំណោម Fortune 500 ដែលស្រលាញ់ភេទដូចគ្នា:

លោកបានប្រកាសគាំទ្រពេញទំហឹងដែលប្រើតំណែងជា CEO នៅ Apple ចូលរួមជាមួយសមាគមន៍ LGBTQ+ ហើយក៏ធ្លាប់បង្ហើបជាសាធារណៈនៅឆ្នាំ ២០១៤ លោកពិតជាបុរសស្រលាញ់ភេទដូចគ្នាពិតមែន ហើយមកទល់ពេលនេះ Cook ក៏មិនទាន់មានភរិយាឬគូស្នេហ៍ជាភេទស្រីណាមួយនៅឡើយ។





ដកស្រង់ពី៖sabay