បណ្តាញសង្គម

លឿនមែន! ក្រោយដេកព្យាបាលជាង១០ថ្ងៃ Jazz បានជាពីជំងឺកូវីដ និងអាចត្រឡប់មកផ្ទះវិញបាន

បន្ទាប់ពីបានទទួលលទ្ធផលថាមានផ្ទុកមេរោគ COVID-19 និងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយរយៈពេលខ្លីរួចមក តារាថៃ Jazz Chuanchuen បានជាសះស្បើយប្រក្រតីវិញហើយ ព្រមទាំងត្រូវបានអនុញ្ញាតឲ្យមកផ្ទះទៀតផង។

ម្សិលមិញ Jazz Chuanchuen បានបង្ហោះរូបភាពអង្គុយលើរថយន្ត Pickup (អត់ដំបូល) ដោយសរសេរ Caption ថា៖ «ត្រឡប់ទៅផ្ទះហើយណា៎ អរគុណកម្លាំងចិត្តដែលផ្ដល់ឲ្យ អរគុណដល់អ្នកដែលមានព្រះគុណដល់ខ្ញុំ ពេលកើតកូវីដនៅពេលនេះ សូមអរគុណអ្នកដែលជួយសង្គ្រោះ អរគុណអ្នកដែលផ្ញើរបស់មកសួរសុខទុក្ខ គ្រប់ៗគ្នាណាបាទ។ អរគុណគ្រូពេទ្យទាំងអស់ ដែលបានព្យាបាល មើលថែខ្ញុំបាទបានយ៉ាងល្អចេញពីចិត្ត»។

បន្ថែមពីលើនេះ Jazz ក៏មិនភ្លេចភរិយារបស់ខ្លួនដែរ ដោយបានសរសេរបែបកំប្លែងបន្តថា៖ «អរគុណប្រពន្ធសម្រាប់ការផ្ដល់កិត្តិយសដល់នាមជា Super Star របស់ខ្ញុំ ដែលបានជ្រើសឡានមកទទួលត្រឡប់ទៅផ្ទះយ៉ាងស័ក្តិសមនឹងកិត្តិយស មានកិត្តិយសចំពោះឯងណាស់ អា @jangjit»។

រម្លឹកផងដែរថា បន្ទាប់ពីមានអាការៈមិនស្រួលខ្លួន និងសង្ស័យថាមានជំងឺ Jazz ក៏បានទៅធ្វើតេស្តរកមេរោគកូវីដ ហើយលទ្ធផលចេញមកគឺ វិជ្ជមាននៅថ្ងៃទី១១ ខែមេសា។ ភ្លាមៗលោកក៏បានបង្ហោះសារជម្រាបដំណឹងទៅកាន់អ្នកគាំទ្រ និងកាលវិភាគការងារដែលលោកបានបំពេញកន្លងមកប៉ុន្មានថ្ងៃមុន ដើម្បីអាចឲ្យអ្នកដែលរួមការងារជាមួយបានដឹងខ្លួន និងធ្វើតេស្ត។

ចាត់ទុកថាជាសំណាងល្អ ត្រឹមជាង ១០ថ្ងៃសោះ លោកក៏បានវិលត្រឡប់មកផ្ទះវិញ ក្រោយធ្វើេតស្តជាថ្មី និងមានសញ្ញា អវិជ្ជមាន៕

ដកស្រង់ពី៖Sabay