បណ្តាញសង្គម

ជនស្លូតត្រង់ត្រូវបានចាប់ខ្លួនកាន់តែច្រើន បវរកញ្ញាភូមារឹតតែនៅមិនសុខ ទាមទារសុំឲ្យក្រុមយោធាដោះលែងឆាប់ៗ

ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាហាក់ដូចជាមិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ស្របពេលតារានិងមនុស្សមួយចំនួនត្រូវបានចាប់ខ្លួនដោយក្រុមយោធា ហើយមិនទាន់មានដំណឹងថាពួកគេទាំងនោះទៅជាយ៉ាងណានៅឡើយ។

ជាមួយគ្នានោះ បវរកញ្ញាមីយ៉ាន់ម៉ា Han Lay ដែលក៏ជាអ្នកដែលខ្នះខ្នែងខ្លាំងក្នុងការប្រកាសសុំជំនួយពីអន្តរជាតិ នៅតែបន្តខិតខំធ្វើអ្វីដែលខ្លួនអាចជួយឲ្យប្រទេសខ្លួនវិលមកសភាពដើម ប្រកបដោយសេរីភាព។

ជាក់ស្ដែងថ្មីៗនេះ Han Lay បានបង្ហោះរូបភាពមួយសន្លឹកលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនភ្ជាប់ជាមួយ Caption ថា៖ «គោលបំណងនៃទិវា Blue Shirt Day គឺសាមញ្ញទេ ដរាបណាអ្នកទោសរបស់រដ្ឋាភិបាលនៅមិនទាន់ត្រូវបានដោះលែង យើងគ្រប់គ្នាសុទ្ធតែជាអ្នកទោសទាំងអស់។ ក្នុងន័យផ្សេង Concept គឺថា ពួកយើងទាំងអស់គ្នានៅជាមួយអ្នក»។

យ៉ាងណាមិញការបង្ហោះពេលនេះ Han Lay បានបញ្ជាក់ថា មនុស្សជាច្រើននាក់បានចូលរួមយុទ្ធនាការ #BlueShirtCampaign នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១ (ម្សិលមិញ) ដែលជាថ្ងៃខួបមរណភាពរបស់អតីតអ្នកកាសែតមីយ៉ាន់ម៉ា និងក៏ជាអ្នកទោសរបស់រដ្ឋាភិបាល Hantharwady U Win Tin ដែលពាក់អាវខៀវតែ១គត់ រហូតដល់ថ្ងៃលោកអស់ជីវិត។

បវរកញ្ញារូបនេះបន្តថា មកទល់ពេលនេះប្រជាជនស៊ីវិលជាង ៣០០០នាក់ត្រូវបានចាប់ខ្លួន ដោយយោធា Juntas ហើយអ្វីដែលនាងទាមទារឥឡូវនេះគឺ ចង់ឲ្យដោះលែងពួកគេទាំងនោះមកវិញឲ្យបានលឿនជាទីបំផុត៕

 

ដកស្រង់ពី៖ Sabay