បណ្តាញសង្គម

ជាប់ចិត្តកូរ៉េខ្លាំង ដល់ថ្នាក់កំពូលតារាហូលីវូដ Angelina Jolie រំពឹងចង់សម្ដែងរឿងកូរ៉េឲ្យបានម្ដង

 

Angelina Jolie បានបង្ហាញពីអារម្មណ៍ពិតផ្ទាល់ខ្លួន ដោយនិយាយទាក់ទងនឹងប្រទេសកូរ៉េ ថា៖ «កូរ៉េពិតជាទីកន្លែងដ៏ពិសេសអស្ចារ្យសម្រាប់ខ្ញុំ»។

តារាស្រីរូបនេះនិយាយក្នុងវីដេអូសន្និសីទកាសែតមួយមុនការចាក់បញ្ចាំងរឿង «Those Who Wish Me Dead» ថា «ខ្ញុំកំពុងរង់ចាំថ្ងៃណាមួយដែលខ្ញុំបានទៅប្រទេសកូរ៉េម្ដងទៀត។ ខ្ញុំចង់សម្ដែងក្នុងភាពយន្តខ្នាតធំកូរ៉េណាស់ ប្រសិនមានឱកាស»។

ជាការពិត Angelina ធ្លាប់បានទៅប្រទេសកូរ៉េ ដើម្បីផ្សព្វផ្សាយរឿងរបស់នាង ហើយក៏ចាប់ចិត្តប្រទេសនេះតែម្ដង ស្របពេលកូនប្រុស Maddox ក៏បានជ្រើសយកការសិក្សាអប់រំនៅក្នុងសាកលវិទ្យាល័យ Yonsei University ដូច្នេះក្នុងនាមជាម្ដាយនាងត្រូវទៅមកៗមើលកូនបែបនេះហើយ។ ដោយឡែកថ្មីៗនេះ នាងក៏បានរួមការងារជាមួយនឹងតារាកូរ៉េ Ma Dong Seok ក្នុងរឿង Marvel «The Eternals» ដែរ។ ដូចនេះពេលសួរថា «តើសម្រាប់អ្នក ប្រទេសកូរ៉េ ជាប្រទេសបែបណា?» នាងតបដោយមិនគិតច្រើថា៖ «ខ្ញុំមានពេលល្អៗក្នុងប្រទេសកូរ៉េ ហើយខ្ញុំចង់ចំណាយពេលឲ្យកាន់តែច្រើននៅកូរ៉េនាពេលអនាគត»។

បន្ថែមពីលើនេះ Angelina បន្តថា «ទោះបីជំងឺរាតត្បាត COVID-19 បន្តហូរហែក៏ដោយ Maddox នៅតែបន្តសិក្សាភាសាកូរ៉េដោយយកចិត្តទុកដាក់ ហើយពេលខ្លះបង្រៀនខ្ញុំទៀតផង»។ ពេលមានសំណួរ សួរថាតើបើក្នុងនាមនាងអ្នកដឹកនាំរឿង តារាសម្ដែងកូរ៉េរូបណា នាងចង់រួមការងារជាមួយ? អ្នកម្ដាយកូន ៦រូបនេះឆ្លើយថា ដោយសារច្រើនពេក នាងមិនដឹងគួរជ្រើសយកអ្នកណាទេ។

ប៉ុន្តែដោយធ្លាប់រួមការងារជាមួយ Ma Dong Seok ទើបនាងអួតសរសើរតារាប្រុសរូបនេះថា ជាតារាពោរពេញដោយសមត្ថភាព ជាមិត្តល្អ ហើយចិត្តល្អណាស់។ ចុងក្រោយ Angelina Jolie បញ្ជាក់ថា «ខ្ញុំគិតថា វាពិតជាល្អណាស់ បើបានសម្ដែងរឿងកូរ៉េ ឬដឹកនាំថតបានមួយរឿង។

ខ្ញុំចង់ឲ្យមានភាពជិតស្និទ្ធបន្ថែមជាមួយនឹងវិស័យភាពយន្តកូរ៉េនៅថ្ងៃខាងមុខ»៕

ដកស្រង់ពី៖ Sabay