បណ្តាញសង្គម

សម្ផស្ស​ម្ចាស់​ជយលាភី​លេខ​១ ទស្សវត្ស៦០ ឃាម សោភ័ណ្ឌ ស្អាត​មិន​ធម្មតា ឥឡូវ​ទើប​ធ្លាយ​រឿង​បាត់បង់​ជីវិត​គួរឲ្យ​អាណិត

មានការភ្ញាក់ផ្អើលមួយក្នុងពិភពសិល្បៈខ្មែរ ជាពិសេសលើផ្នែកចម្រៀង បន្ទាប់ពីរូបថតដែលមានអាយុកាលជាង៤០ឆ្នាំចំនួន៣សន្លឹករបស់បេក្ខនារីជយលាភីលេខ១

ក្នុងការប្រឡងចម្រៀងសមាជជាតិទូទាំងប្រទេសក្នុងអំឡុងទសវត្ស៦០ គឺកញ្ញា ឃាម សោភ័ណ្ឌ ត្រូវបានគេបញ្ចេញតាមបណ្ដាញសង្គម។ ម្ចាស់បទ"ខកខ្លួននៅស្ទឹងមានជ័យ" និងជាម្ចាស់ជយលាភីលេខ១ ផ្នែកចម្រៀងកាលពីសម័យសង្គមរាស្ត្រនិយម ឃាម សោភ័ណ្ឌ ត្រូវបានគណនីFacebook ឈ្មោះ Amasing Cambodia រំលេចនូវប្រវត្តិរូបសង្ខេបថា កញ្ញា ឃាម សោភ័ណ្ឌ គឺជាបេក្ខនារីមកពីខេត្តបាត់ដំបង ទទួលបានជយលាភីលេខ១ ខណៈដែលបេក្ខនារី ហែម សុវណ្ណ ទទួលបានជយលាភីលេខ២ ក្នុងការប្រឡងកាលណោះ។

រូបថតទាំងនេះ បានផ្ដិតយកយ៉ាងផ្ចិតផ្ចង់ និងរក្សាទុកដោយលោក ឡាច ឡម ដែលត្រូវជាបងជីដូនមួយរបស់កញ្ញា ឃាម សោភ័ណ្ឌ ។ លោកបាន រក្សាទុកវាជាង៤០ឆ្នាំ ហើយបានបង្ហោះជាលើកដំបូងតាមFacebookនៅដើមខែមករា ឆ្នាំ២០១៥។

Amazing Cambodia៖"សូមបញ្ជាក់ថាបទចម្រៀងខាងលើមានចំណងជើងពិតថា"ខកខ្លួននៅស្ទឹងមានជ័យ" មិនមែន"ខកចិត្ដនៅស្ទឹងមានជ័យ" ឬ"ខកស្នេហ៍នៅស្ទឹងមានជ័យ" ដូចដែលលោកអ្នកធ្លាប់ឃើញក្នុងYoutube កន្លងមកទេ"។ប្រភពដដែលបញ្ជាក់ថា អតីតតារាចម្រៀង ឃាម សោភ័ណ្ឌ មានស្រុកកំណើតនៅស្រុកសង្កែ ខេត្ដបាត់ដំបង។

នាង បានទទួលមរណភាពក្នុងសម័យខ្មែរក្រហម ដោយសារបញ្ហាសម្រាលកូន ស្ថិតនៅឃុំតាប៉ុន ស្រុកសង្កែ។ បច្ចុប្បន្នអតីតតារាចម្រៀងរូបនេះ នៅមានបងស្រីម្នាក់រស់នៅប្រទេសអូស្ត្រាលីឈ្មោះ ឃាម សុភាព ហើយក៏មានសាច់ញាតិមួយចំនួនទៀត កំពុងរស់នៅខេត្តបាត់ដំបងដែរ៕

 

ដកស្រង់ពី៖ Sabay