បណ្តាញសង្គម

នៅ​ចាំ​តារា​ចម្រៀង​ម្នាក់​នេះ​អត់? លោក ត្រៀម​បទ​មនោសញ្ចេតនា និង​បទ​ញាក់​ជា​ច្រើន​បទ​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន

តារាចម្រៀងខ្មែរកម្ពុជាក្រោមលោក ថាច់ សាថេន គ្រោងចេញបទមនោសញ្ចេតនា និងបទញាក់កន្ទ្រាក់អារម្មណ៍ចំនួនពីរបទបន្ថែមទៀតនៅក្នុងខែឧសភា ឆ្នាំ២០២១ នេះ។

ត្បិតថា សាថេន បានបញ្ចប់កុងត្រាច្រៀងឲ្យផលិតកម្មSasda តាំងពីពាក់កណ្ដាលឆ្នាំ២០២០ ប៉ុន្តែលោកកំពុងតែព្យាយាមនិពន្ធ និងច្រៀងបទចម្រៀងថ្មីៗឲ្យបានច្រើន។ ម្ចាស់បទ"មិនគួរអូនរៀបការចោលបង" ដែលទទួលបានការគាំទ្រខ្លាំងក្នុងឆ្នាំ២០១៨ លោក ថាច់ សាថេន បានប្រាប់Sabay នៅរសៀលថ្ងៃទី១០ ខែឧសភា ថា ក្នុងស្ថានភាពដ៏លំបាក នៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់លោក និងក្រុមការងារក្នុងការថតMV ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តដែរ ប៉ុន្តែលោកនៅតែខ្នះខ្នែងចេញបទថ្មីៗដោយចេញជាMP3 សិន។

ជាក់ស្ដែងនៅថ្ងៃនេះ លោកបានចេញបទមនោសញ្ចេតនា១បទក្រោមចំណងជើងថា"មិនផ្លាស់ប្ដូរ"មួយសិន។ ថាច់ សាថេន៖"ឥឡូវខ្ញុំនៅធ្វើបទចម្រៀងOriginal Song! អត់ទាន់មានបំណងចូលទៅក្នុងផលិតកម្មណានៅឡើយទេ។ ទៅថ្ងៃអនាគតខ្ញុំចង់បើកផលិតកម្មមួយដោយខ្លួនឯង ដើម្បីពាំនាំយកទំនៀមទម្លាប់ និងការរស់នៅរបស់ខ្មែរក្រោមមកឲ្យបងប្អូនយើងបានដឹងតាមរយៈចម្រៀងរបស់ខ្ញុំ"។

តារាចម្រៀង ថាច់ សាថេន បានចេញពីស្រុកកំណើតនៅខេត្តព្រះត្រពាំង នៃទឹកដីកម្ពុជាក្រោម មកប្រឡូកក្នុងវិស័យសិល្បៈនៅស្រុកខ្មែរតាមរយៈអាជីពចម្រៀងកាលពីឆ្នាំ២០១៥។ រយៈពេលជិត៧ឆ្នាំមកនេះ លោកបាននិពន្ធ និងច្រៀងចម្រៀងដោយខ្លួនឯងបានជាង២០បទ និងមានបទជាច្រើនទៀតដែលលោកបានច្រៀងឲ្យផលិតកម្មSasda៕

ដកស្រង់ពី៖ Sabay