បណ្តាញសង្គម

ក្រោយ​ធ្លាយ​រឿង​ពិធី​ការិនី​រង​ការ​ប្រមាថ​ពី​ឧកញ៉ា​ម្នាក់ ស្រាប់​តែ វណ្ណដា៖ ត្រូវ​បញ្ឈប់​វប្បធម៌​នេះ​ភ្លាម!

បន្ទាប់ពីធ្លាយរឿងថា ពិធីការិនីទូរទស្សន៍ម្នាក់ ទទួលរងការប្រមាថ សិល្បករជាច្រើនតាំងចេញមុខព្រមគ្នាថ្កោលទោស និងទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ ក្នុងនោះក៏មានតារារ៉េបដ៏ល្បី វណ្ណដា ដែរ។

វណ្ណដា បានបញ្ចេញសារនៅលើបណ្ដាញសង្គមរបស់លោកដែលមានអ្នកគាំទ្រជាង ៨០ម៉ឺននាក់ ភ្លាមៗដោយថ្លែងអំពីសាច់រឿងរបស់សិល្បការិនីវ័យ ២០ឆ្នាំ ត្រូវទទួលរកការប្រមាថ ថាជារឿងឈឺចាប់មួយ។ លោកបានសរសេរថា “គេស្ទាបខ្ញុំ” “ខ្ញុំខ្ពើមខ្លួនឯង” ដោយយកពីសំឡេងរបស់យុវតីដែលចែកចាយលើហ្វេសប៊ុក មុនពេលលោកបន្ថែមប្រយោគជាភាសាអង់គ្លេស "Guy this is Painful” ដែលមានន័យថា "លោកដឹងទេ នេះគឺជាសំឡេងនៃការឈឺចាប់!”។

លោក បន្តថា មិនអាចទេ មានលុយមានអំណាច អាចអង្គុយលើច្បាប់។ ដូច្នេះហើយ ស្នើសូមបញ្ឈប់វា "ត្រូវបញ្ឈប់វប្បធម៌នេះភ្លាម!”។ នៅថ្ងៃនេះ មានករណីប្ដឹងផ្ដល់រវាងឧកញ៉ា ម្នាក់ជាមួយ ពិធីការិនីទូរទស្សន៍កញ្ញា មាន ពេជ្ររីតា ដោយដំបូងឡើយ មានព័ត៌មានថា ឧកញ៉ា ហេងសៀ បានប្ដឹងពិធីការិនីវ័យក្មេងពីបទចោរកម្ម និងបង្ករបួសស្នាមលើរូបកាយលោក ដែលហេតុការណ៍កើតឡើងនៅវេលាម៉ោង ៣ និង៦នាទីរសៀលថ្ងៃទី ៤ ឧសភា ២០២១។

តែក្រោយមក ពិធីការិនីទូរទស្សន៍ បានប្ដឹងបកវិញ។ តាមរយៈពាក្យបណ្ដឹងធ្វើឡើងនៅថ្ងៃទី១១ ខែឆ្នាំដដែល ដែលមានកម្រាស់៣ទំព័រ បានដាក់ជូនទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អតីត Miss Grand Cambodia 2020 បានប្ដឹងបកទៅកាន់លោកឧកញ៉ា ហេង សៀ វ័យ៥៩ឆ្នាំវិញ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ»។

នៅក្នុងបណ្ដឹងបកនេះ បញ្ជាក់ថា ហេតុការណ៍កើតឡើង នៅក្នុងរថយន្តត្រង់ចំណុច ម្ដុំផ្សារគីឡូលេខ ៤ ជិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប។ នៅក្នុងបណ្ដឹងនេះដដែល យុវតីវ័យ ២០ ឆ្នាំ ក៏បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់មកលើនាងតាមរយៈពាក្យបណ្ដឹងរបស់ឧកញ៉ាវ័យ ៥៩ឆ្នាំ។

កញ្ញា មាន ពេជ្ររីតា ហៅ យូប៊ិ ថា ក្នុងហេតុការណ៍ដែលនាំឲ្យឧកញ៉ា មានរបួសស្នាម គឺនាងគ្រាន់តែធ្វើឡើងដើម្បីការពារខ្លួន ក្នុងពេលឧកញ៉ា បានព្យាយាមបំពានមកលើរាងកាយរបស់នាងប៉ុណ្ណោះ។ នៅក្នុងបណ្ដឹងតបនេះ តារាស្រី បានទាមទារនូវ៣ចំណុចខាងក្រោម៖ ១./ ប្ដឹងឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដោយមានស្ថានទម្ងន់២./ ទាមទារសំណងជម្ងឺចិត្តចំនួនទឹកប្រាក់ ១០,០០០០ដុល្លារ (ដប់ម៉ឺនដុល្លារអាមេរិក)៣./ ទាមទារការខាតបង់ និងខូចខាតពេលវេលា និងសេវាផ្លូវច្បាប់ចំនួន ១០,០០០ដុល្លារ (មួយម៉ឺនដុល្លារ) ក្រោយពីធ្លាយករណីខាងលើ មហាជន ពិសេសសង្គមសិល្បករ បាន និងកំពុងពុះកញ្ជ្រោលក្នុងការថ្កោលទោស និងទាមទារ ឲ្យរកយុត្តិធម៌ជូនតារាស្រីវិញ ក្នុងនោះក្រៅពីវណ្ណដា មាន តាប៊យ លោក អួន បឋម តារាចម្រៀង អូន និងអ្នកច្នៃម៉ូដល្បីឈ្មោះ ម៉ែន សីហា ហៅ Oliva Kong ជាដើម៕

 

ដកស្រង់ពី៖ Sabay