បណ្តាញសង្គម

វេលានេះ ក្រុម​មេធាវី​សម្ដេច​តេជោ ចេញ​មុខ​លើបណ្ដឹង​ពិធីការិនី​ប្រឆាំង​ឧកញ៉ា ពីបទ​រំលោភ​សេពសន្ថវៈ ហើយ!

ក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្ដេចតេជោ ចាប់ផ្ដើមបើកការស្រាវជ្រាវលើបណ្ដឹងរបស់ពិធីការិនី និងជាបេក្ខនារី Miss grand Cambodia ២០២០ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ដែលប្ដឹងលោកឧកញ៉ា ហេង សៀ ពីបទ"រំលោភសេពសន្ថវៈ" ហើយ។

បន្ទាប់ពីលេចនូវដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនេះ Fresh news បានចុះផ្សាយដោយស្រង់សម្ដី លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ថា នៅពេលនេះក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ បាន និងកំពុងចាប់ផ្តើមស្រាវជ្រាវ លើករណីបណ្តឹងរបស់កញ្ញា មាន ពេជ្រ រីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានដាក់ពាក្យបណ្តឹងឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងរំលោភសេពសន្ធវៈក្នុងរថយន្តហើយ។

ប៉ុន្តែបន្ថែមពីលើនេះ តាមការផ្សាយរបស់ BTV ការអន្តរាគមន៍របស់ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោនេះ មិនទាន់ដល់ដំណាក់កាលការពារនៅឡើយទេលើបណ្ដឹងនេះ។ នៅក្នុងបណ្ដឹងកម្រាស់បីទំព័ររបស់កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី បញ្ជាក់ថា ករណី"ប៉ុនប៉ងរំលោភសេពសន្ថវៈ"នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីឧកញ៉ា ហេង សៀ បានហៅទូរស័ព្ទឱ្យនាងទៅជួបដើម្បីផ្តល់អំណោយជូននាងដើម្បីចែកបន្តដល់អ្នករងគ្រោះដោយការរាលដាលជំងឺកូវីដ១៩ និងហៅឱ្យចូលក្នុងរថយន្តរបស់គាត់ ដើម្បីពិភាក្សាការងារ៕

ដកស្រង់ពី៖ Sabay