បណ្តាញសង្គម

ចេញហើយ! Mercedes-Maybach S680 ឆ្នាំ២០២២ ប្រើម៉ាស៊ីន ១២ស៊ីឡាំង ទាំងខ្លាំង និងទំនើប

ក្រុមហ៊ុន Mercedes-Maybach ទើបតែបានប្រកាសចេញរថយន្ត S680 4Matic ដែលជាម៉ូដែលកប់បំផុត ក្នុងត្រកូល Maybach S-Class។

ឌីហ្សាញឡើងដើម្បីឲ្យកាន់តែប្រណីតជាង Maybach S-Class ធម្មតា រថយន្ត S680 មានបំពាក់ម៉ាស៊ីនដែលផលិតដោយដៃ ចំណុះ ៦,០លីត្រ twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំងសរុប ៦២១សេះ និងកម្លាំងបង្វិល ១ ០០១ញ៉ូតុនម៉ែត្រ។

ម៉ាស៊ីននេះភ្ជាប់ជាមួយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរមកស្តង់ដារ ដែលអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៤វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះជាយ៉ាងណាក៏ដោយ ក្រៅពីម៉ាស៊ីនដ៏ខ្លាំងក្លានោះ ការឌីហ្សាញរបស់វាមានភាពខុសប្លែកគ្នាបន្តិចបន្តួចប៉ុណ្ណោះ ដូចជា ឡូហ្គូ V12, ប៉ាណាមុខ និងកាងមុខ។

ជាការពិតណាស់ Maybach គឺផ្តោតខ្លាំងទៅលើកាប៊ីនខាងក្នុង ហើយ S680 នេះមិនធ្វើឲ្យអ្នកខកចិត្តឡើយ ដោយមានបំពាក់ស្បែក Nappa Leather មួយជុំកាប៊ីនតែម្តង ចាប់តាំងពីដំបូល, តាប្លូ, ស៊ុមកញ្ចក់ និងសសរ។ បន្ថែមពីនេះ វាក៏មានបន្ថែមការឌីហ្សាញជាមួយឈើ, ថ្នេរដេររៀងជាគ្រាប់ពេជ្រ, ឈ្នាន់រូប Maybach ក៏ដូចជា ទឹកអប់ Maybach ទៀតផង។

គួរឲ្យដឹងថា រថយន្ត Mercedes-Maybach S680 4Matic ឆ្នាំ២០២២ នឹងចេញលក់នៅពាក់កណ្តាលឆ្នាំ២០២២ ហើយក៏នឹងមានតម្លៃថ្លៃជាង Maybach S-Class ធម្មតា គឺចាប់ពី ១៨៤ ៩០០ដុល្លារ សម្រាប់ទីផ្សារបរទេស៕

ដកស្រង់ពីsabay