រយៈពេលជិត៣ខែដែលតារាចម្រៀងស្រីសំឡេងស្រទន់ សុគន្ធ នីសា បានរស់នៅ និងបំពេញភារកិច្ចចាំបាច់ក្នុងគ្រួសារនៅលើទឹកដីសហរដ្ឋអាមេរិក។
ទំនងជាតារាស្រីរូបនេះ បានបំពេញភារកិច្ចនោះរួចរាល់ហើយ បានជានាងផ្ដល់ដំណឹងដល់អ្នកគាំទ្រថា នាងកំពុងចេញពីទីក្រុងBoston សហរដ្ឋអាមេរិក មកកម្ពុជានៅថ្ងៃនេះហើយ។ បន្ទាប់ពីព្យាបាលជាសះស្បើយនូវជំងឺកូវីដ-១៩ សុគន្ធ នីសា ត្រូវបានស្វាមីដឹកដៃឡើងយន្តហោះចេញទៅអាមេរិកភ្លាមៗ ហើយពេលទៅដល់ទីនោះនាងបញ្ជាក់ថា នាងនឹងត្រឡប់មកកម្ពុជាវិញនៅថ្ងៃណាមួយ ពោលគឺពេលដែលនាងបានបញ្ចប់ការងារចាំបាច់ក្នុងគ្រួសារ។
ប៉ុន្តែនៅលើគណនីFacebook របស់នាងនៅថ្ងៃទី៣ ខែមិថុនា នេះ មិនបានបង្ហើបថាភារកិច្ចគ្រួសារនោះជាអ្វី? ហើយបានបំពេញចប់ឬនៅទេ? នាងគ្រាន់តែនិយាយថា"លាហើយប៊ូស្ដុន ជួបគ្នាឆាប់ៗកម្ពុជា"។ ជុំវិញដំណើរវិលត្រឡប់នេះ គេនៅមិនទាន់ដឹងថាសុគន្ធ នីសា ត្រឡប់មកវិញជាមួយនឹងស្វាមី ឬត្រឡប់មកវិញតែម្នាក់ឯងនោះទេ ហើយគម្រោងមានកូនជាមួយស្វាមីនៅលើទឹកដីសហរដ្ឋអាមេរិកនោះក៏មិនទាន់ត្រូវបាននាងទម្លាយឲ្យមហាជនដឹងនៅឡើយដែរ។
តារាចម្រៀងរបស់ផលិតកម្មរស្មីហង្សមាស សុគន្ធ នីសា ធ្លាប់ធ្វើឲ្យអ្នកគាំទ្រ និងមហាជនភ្ញាក់ផ្អើលដោយសារបានជាសះស្បើយពីជំងឺកូវីដ-១៩ ភ្លាម នាងក៏ចេញទៅអាមេរិកជាមួយស្វាមីភ្លាមៗ ដោយគ្រាន់តែបង្ហើបថាមានការងារចាំបាច់ក្នុងគ្រួសារដែលត្រូវបំពេញ ហើយនឹងត្រឡប់មកវិញនៅពេលបំពេញវារួចរាល់៕
ដកស្រង់ពី៖ Sabay