បណ្តាញសង្គម

កាដូ​ដើម​ខែ​មិថុនា! ងួន ចាន់​ដេវីដ ចេញ​បទ​រ៉េប​ថ្មី​បង្ហោះ​លើ​ទំព័រYoutubeពីរោះ​កប់​ហ្មង!

"សុំទោសអ្នកគាំទ្រ" ឬ"Sorry Fan" គឺជាបទរ៉េបថ្មីរបស់តារាចម្រៀង ងួន ចាន់ដេវីដ

ដាក់បង្ហោះនៅលើទំព័រYoutube ថ្មីមួយនៅដើមខែមិថុនា ឆ្នាំ២០២១ នេះ បន្ទាប់ពីតារាចម្រៀងរូបនេះប្រកាសលុបទំព័រYoutube ផ្លូវការរបស់ខ្លួនឈ្មោះ"DITH WAY" ហើយលោកអាក់ខានចេញបទចម្រៀងថ្មីៗដើម្បីបម្រើអារម្មណ៍អ្នកគាំទ្ររបស់លោកមួយរយៈធំ។

ក្រោយពីលោកប្រកាសបិទទំព័រYoutube ឈ្មោះ"DITH WAY" និងលុបបទចម្រៀងជាច្រើននៅក្នុងនោះ ដោយមិនបានបញ្ជាក់ពីមូលហេតុ មានអ្នកគាំទ្រភាគច្រើនយល់ថា Idol របស់ខ្លួនអាចនឹងលះបង់អាជីពចម្រៀង ហើយងាកទៅចាប់មុខរបរអ្វីផ្សេងវិញ។

ប៉ុន្ដែនៅពេលនេះស្រាប់តែលោកបានចេញបទចម្រៀងថ្មីយ៉ាងពីរោះ ដោយផ្ដើមនូវពាក្យសុំទោសនៅក្នុងនោះផង។ ងួន ចាន់ដេវីដ៖"ជាដំបូងខ្ញុំទោសFan នូវរយៈពេលវែងមិនបានចេញបទចម្រៀង...ក៏ដូចជាលុបYoutube។ ហើយបទចម្រៀងមួយបទនេះ គឺខ្ញុំធ្វើសម្រាប់អ្នកទាំងអស់គ្នា...សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត"។

បទ"Sorry Fan" ត្រូវបានដាក់បង្ហោះលើទំព័រYoutube ឈ្មោះ"Lyric" កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ គិតត្រឹមរសៀលថ្ងៃទី៣ ខែឧសភា នេះ បទ"សុំទោសអ្នកគាំទ្រ" ឬ"Sorry Fan" ទទួលបានការគាំទ្រ ឬមានអ្នកចូលទស្សនារហូតដល់១៧៤K View។

ក្រៅពីមានទេពកោសល្យចម្រៀងនូវបទញាក់កន្ត្រាក់អារម្មណ៍ និងបទរ៉េបជាច្រើន លោក ងួន ចាន់ដេវីដ នៅអាចនិពន្ធទំនុកច្រៀង និងបទភ្លេងដោយខ្លួនឯងទៀត។ លោកបានប្រឡូកក្នុងអាជីពចម្រៀងតាំងពីអំឡុងឆ្នាំ២០១៤ ហើយក្រោយពីលោកដើរចេញពីផលិតកម្មរស្មីហង្សមាសលោកបានបង្កើតទំព័រYoutube ផ្លូវការផ្ទាល់ខ្លួនមួយឈ្មោះថា"DITH WAY" ប៉ុន្ដែទំព័រYoutube មួយនេះត្រូវបានលោកលុបចោលដោយមិនបញ្ជាក់ពីមូលហេតុ។

ទើបនៅពេលនេះគេឃើញលោកបង្ហោះបទចម្រៀងថ្មីៗរបស់លោកទំព័រYoutube ថ្មីមួយផ្សេងទៀតទៅវិញ៕

 

ដកស្រង់ពី៖ Sabay