បណ្តាញសង្គម

ម្តាយ​ស្រក់​ទឹក​ភ្នែក ពេល​បាន​ជួប​កូន​ស្រី​ស្លាប់​តាំង​ពី​អាយុ ៧ ឆ្នាំម្ដងទៀត តាម VR (មានវីដេ​អូ)

បច្ចេកវិទ្យា VR បានជួយឲ្យម្តាយកម្សត់ដែលបាត់បង់កូនស្រីមួយរូប អាចជួបជុំកូនស្រីរបស់នាងបានសារជាថ្មីនៅក្នុងពិភពសិប្បនិមិត្ត (Virtual World)។

អ្នកស្រី Jang Ji-sung បានបែកបាក់ពីកូនស្រីដ៏គួរឲ្យស្រលាញ់ឈ្មោះ Nayeon កាលពីឆ្នាំ ២០១៦ នៅពេលក្មេងនោះមានអាយុ ៧ ឆ្នាំ ស្លាប់ដោយសារជំងឺ។ថ្មីៗនេះរឿងរំភើបមួយបានកើតឡើង ក្រោយស្ថានីយប៉ុស្តិ៍ទូរទស្សន៍របស់កូរ៉េខាងត្បូង MBC បានបង្កើតនូវកម្មវិធីដ៏កម្រមួយដោយអញ្ជើញឲ្យអ្នកស្រី Ji-sung បានមកជួបកូនដែលស្លាប់សារជាថ្មី តាមរយៈបច្ចេកវិទ្យា VR។

ត្រឹមរយៈពេលប៉ុន្មានថ្ងៃវីដេអូនេះទទួលបានការទស្សនាលើ YouTube ដល់ទៅជាង ៨ លានដង ដោយបង្ហាញពីទិដ្ឋភាពដែលអ្នកស្រី Ji-sung មានប្រើប្រាស់ឧបករណ៍ VR រួមមានវ៉ែនតានិងស្រោមដៃ ហើយឈរពីមុខផ្ទាំងក្រណាត់ពណ៌បៃតងមួយ ដើម្បីអាចស្រមៃមើលឃើញក្នុងពិភពនៃសួនច្បារដ៏ស្រស់បំព្រង ជាមួយនឹងកូនស្រីសារជាថ្មី។

ទស្សនាវីដេអូខាងក្រោម៖អ្នកស្រី Ji-sung បានថ្លែងថា៖ "នេះជាឋានសួគ៌ពិតៗ ដោយខ្ញុំបានជួបកូនស្រី Nayeon នាងបានហៅឈ្មោះខ្ញុំហើយញញឹមដាក់ខ្ញុំ ត្បិតគិតថាវាជាពេលវេលាខ្លីមួយមែន តែវាពិតជាធ្វើឲ្យរីករាយខ្លាំងណាស់"។

គួរបញ្ជាក់ថាក្រុមការងារខាងលើបានចាយពេល ៨ ខែអភិវឌ្ឍលើបច្ចេកវិទ្យានៃពិភពខាងក្រៅមួយនេះឲ្យដំណើរការទៅបាន ដោយបានរចនាសួនច្បារដែលម្តាយនិងកូនធ្លាប់ទៅ ហើយយកទម្រង់មុខមាត់ដូចពិតៗនិងអារម្មណ៍មកច្របាច់ចេញជាកាយវិការសម្រាប់តួអង្គ Nayeon៕

 

ដកស្រង់ពី៖sabay