បណ្តាញសង្គម

ក្ដីក្ដាំ​រវាង អ៊ិន សុភិន និង​សុខ រ៉ាស៊ី មិន​នៅ​ទ្រឹង​ទេ! ពេល​នេះ សុខ រ៉ាស៊ី ទម្លាយ​ខ្ទេច​នូវ​នីតិវិធី​សម្របសម្រួល​លើក​ទី១

បន្ទាប់ពីពិធីករ សុខ រ៉ាស៊ី ប្រកាសប្ដឹងអគ្គនាយកក្រុមហ៊ុនមហាហង្សលោក អ៊ិន សុភិន ឡើងតុលាការរឿងជំពាក់លុយជិត២ម៉ឺនដុល្លារមិនព្រមសងបានស្ងាត់ឈឹងមួយរយៈធំ

មានប្រិយមិត្តខ្លះយល់ថាក្ដីក្ដាំនេះបានដើរដល់ជញ្ជាំងទ័លហើយ ហើយអ្នកខ្លះទៀតក៏គិតថារឿងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនីតិវិធីរបស់តុលាការ។ ប៉ុន្តែតាមពិតក្ដីក្ដាំនេះ មិនទាន់ទៅដល់ដៃតុលាការនៅឡើយទេ គឺស្ថិតនៅដំណាក់កាលសម្របសម្រួលក្នុងដែនសមត្ថកិច្ចរបស់អធិការដ្ឋានមួយ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ភាគីទាំងសងខាង ត្រូវបានសមត្ថកិច្ចកោះហៅឲ្យជួបទល់មុខគ្នា ហើយបានជជែកសម្របសម្រួលគ្នាកាលពីពេលថ្មីៗនេះ ប៉ុន្តែរឿងមិនទាន់បញ្ចប់ ដោយភាគីទាំងសងខាងនៅមានចំណុចប្រទាំងប្រទើសគ្នាមួយចំនួនទៀត។ ពិធីករ សុខ រ៉ាស៊ី បានប្រាប់Sabay នៅព្រឹកថ្ងៃទី២៨ ខែកក្កដា នេះថា នៅក្នុងជំនួបចរចាលើកទី១ ភាគីចុងចម្លើយគឺលោក អ៊ិន សុភិន ស្នើឲ្យលោកចេញលិខិត ឬវីដេអូLive ជាសាធារណៈមួយ ដើម្បីសុំទោសក្នុងចេតនាលាងកិត្តិយសលោក អ៊ិន សុភិន ដែលលោក សុខ រ៉ាស៊ី ធ្វើឲ្យបែកធ្លាយរឿងជំពាក់លុយនេះ មុននឹងលោកយល់ព្រមសងលុយដែលជំពាក់នោះ។

សុខ រ៉ាស៊ី៖"ខ្ញុំម៉េចត្រូវចេញវីដេអូសុំទោសគាត់...បើខ្ញុំអត់ខុសអីផង បើទោះបីឡើងដល់តុលាការក៏ខ្ញុំអត់ខ្លាចដែរ ព្រោះខ្ញុំមានភស្តុតាងអីទាំងអស់ ហើយកាលជួបនឹងគាត់ថាឲ្យជាសែកខ្ញុំទៀត មិនដឹងថាមានលុយពិតប្រាកដអត់"។ លោក សុខ រ៉ាស៊ី បញ្ជាក់ថា លោកនឹងមិនចេញវីដេអូសុំទោសអ្វីឡើយ ហើយបើសមត្ថកិច្ចកោះហៅដើម្បីសម្របសម្រួលលើកទី២ នៅតែមិនត្រូវរ៉ូវគ្នាទៀតលោកនឹងឲ្យសមត្ថកិច្ចរុញរឿងនេះទៅដៃព្រះរាជអាជ្ញាតែម្ដង។

លោកលោកក៏បានផ្ដាំទៅមេធាវីរបស់លោកដែរថា រឿងដល់ដំណាក់កាលនេះហើយលោកនឹងមិនបកក្រោយវិញទេ។ ឆ្លើយតបបញ្ហានេះភាគីចុងចម្លើយ គឺអគ្គនាយកក្រុមហ៊ុនមហាហង្សលោក អ៊ិន សុភិន ថាបើលោក សុខ រ៉ាស៊ី យល់ព្រមតាមអ្វីដែលលោកស្នើសុំនៅចំពោះមុខសមត្ថកិច្ច កាលពីជួបគ្នាសម្របសម្រួលលើកទី១នោះ គឺរឿងនឹងត្រូវបញ្ចប់ភ្លាមដោយមិនមានអ្វីទាក់ទាមទៀតទេ។

អ៊ិន សុភិន៖"រឿងហ្នឹងអត់អីទេ...បានបកស្រាយអីជាមួយគ្នាអស់ហើយ! ខ្ញុំរង់ចាំតែគាត់ទទួលយកលក្ខខណ្ឌហ្នឹង១ទេ បើគាត់ព្រមរឿងនឹងបញ្ចប់ហើយ។ ប៉ុណ្ណឹងសិនចុះណា...ខ្ញុំរវល់រៀបចំBussiness system ឲ្យហើយសិន ព្រោះខ្ញុំត្រូវLive show នៅថ្ងៃសៅរ៍នេះហើយ"។ សូមរំលឹកថា ក្ដីក្ដាំរវាងលោក អ៊ិន សុភិន និងលោក សុខ រ៉ាស៊ី បានកើតចេញរឿងជំពាក់លុយជិត២ម៉ឺនដុល្លារ។

ដើមបណ្ដឹង គឺលោក សុខ រ៉ាស៊ី និយាយថាលុយដែលជំពាក់នោះ គឺថ្លៃរៀបចំឆាកកម្មវិធីប្រកួតMiss Grand Cambodia ២០២០ ដែលរៀបចំការប្រកួតដោយលោកអគ្គនាយកក្រុមហ៊ុនមហាហង្ស គឺលោក អ៊ិន សុភិន។ លោក សុខ រ៉ាស៊ី បានព្យាយាមទាលុយនេះជិត១ឆ្នាំហើយ តែលោក អ៊ិន សុភិន នៅតែមិនទាន់សង ដោយអះអាងថាលោកកំពុងជួបបញ្ហា ហើយមានគេជំពាក់លុយលោកបន្តដែរ៕

ដកស្រង់ពី៖ Sabay