បណ្តាញសង្គម

បន្ទាប់ពី​ Google! Android 12 នឹងបំពាក់​នៅលើស្មាតហ្វូន​​មួយនេះ​មុនគេ ពេល​ប្រកាស​ចេញ​បីបួនថ្ងៃទៀត

បន្ទាប់ពី Google ប្រកាសចេញ Pixel 6 និង Pixel 6 Pro ដែលជាស្មាតហ្វូនដំបូងគេប្រើប្រព័ន្ធប្រតិបត្តិការ Android 12 នោះ ស្មាតហ្វូនមួយទៀតដែលមិនមែនជារបស់ Google ក៏ត្រូវបានគេរំពឹងដែរថា នឹងប្រើប្រព័ន្ធប្រតិបត្តិការនេះមុនគេ គឺជាកំពូលស្មាតហ្វូនថ្មីរបស់ Sony ដែលគ្រោងនឹងបញ្ចេញនៅថ្ងៃទី២៦តុលាខាងមុខ។

កំពូលស្មាតហ្វូនថ្មីរបស់ Sony ត្រូវបានអះអាងថា នឹងប្រើឈ្មោះ Xperia Alpha ពោលគឺមិនមែនជា Xperia 1 III ឬ Xperia 5 II ឬ Xperia PRO ដែលត្រូវបានបង្ហាញក្នុងវីដេអូ Teaser របស់ Sony នោះទេ។

ទោះជាយ៉ាងណា Sony បានទម្លាយឱ្យដឹងថា flagship ថ្មីរបស់ខ្លួន ជាស្មាតហ្វូនដែលមានកាមេរ៉ាដ៏ល្អបំផុត ដោយក្នុងវីដេអូនោះ គឺឃើញតែការថតរូប និងចុងក្រោយគឺមានផុសចេញនូវ len កាមេរ៉ាទៀតផង។

គួរដឹងថា Android 12 នឹងអាចប្រើប្រាស់បាននាចុងឆ្នាំនេះ សម្រាប់ស្មាតហ្វូនរបស់ Samsung, OnePlus, Oppo, Realme, Tecno, Vivo និង Xiaomi ផងដែរ។ មុខងារសំខាន់មួយចំនួនលើ Android 12 ដែល OS ជំនាន់មុនៗមិនអាចធ្វើបាន រួមមាន៖

១. Scrolling Screenshots អាចថតរូបផ្ទៃអេក្រង់បានវែងជាងមុន តាមការអូសលើអេក្រង់។វានឹងមានប៊ូតុង Capture more សម្រាប់ឱ្យជម្រើសយើង ពេលចុច Screenshots ដោយប្រើប៊ូតុង Power + Volume Down។

២. Google Search អាចស្វែងរក Contacts, សារ, កម្មវិធី... លើសពីការស្វែងរកព័ត៌មាននានាលើគេហទំព័រ។

៣. Design Themes អាចឱ្យ icons, fonts និង menus មានពណ៌ដូចទៅនឹង Wallpaper។

៤. មុខងារ Auto-Rotation ដំណើរការរលូន លឿន និងធ្វើបានត្រឹមត្រូវជាមុន ពិសេសគឺលើស្មាតហ្វូន Pixel ដោយវានឹងវិភាគមុខអ្នកប្រើ ថាត្រូវបង្វិលអេក្រង់ឬអត់។

៥. Privacy Dashboard ជាមុខងារកំណត់លើសុវត្ថិភាពនិងឯកជនភាព ដោយអាចតាមដានដឹងថា តើកម្មវិធីណាខ្លះបានប្រើប្រាស់ ទីតាំង កាមេរ៉ា ឬឧបករណ៍ចាប់យកសំឡេង។

៦. emoji ត្រូវបានបន្ថែមថ្មីៗ មើលទៅទាន់សម័យ។

៧. ប្ដូរ WiFi បានលឿនជាងមុន គ្រាន់តែទាញរបារ Notification ចុះក្រោម ចុចលើ WiFi វានឹងលោតចេញផ្ទាំង available wireless networks ភ្លាមតែម្ដង ដោយមិនបាច់ចុចច្រើនតង់ដូចជំនាន់មុន។

៨. ផ្អាកដំណើរការកាមេរ៉ា និងរន្ធស្រូបសំឡេង ដោយចុចតែមួយប៊ូតុង។ ក្នុងករណីអ្នកប្រើសង្ស័យថា កាមេរ៉ានិងរន្ធស្រូបសំឡេង ត្រូវបានប្រើដោយកម្មវិធីណាមួយ៕

ដកស្រង់ពី៖sabay